រាជធានីភ្នំពេញ ៖ លោកកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ថា នៅប្រទេសកម្ពុជាបច្ចុប្បន្នមានអ្នកប្រើប្រាស់គ្រឿងញៀនប្រហែល៦.០០០នាក់ ប៉ុន្តែតាមការប៉ាន់ស្មានបែបវិទ្យាសាស្ត្ររបស់UNបានបង្ហាញថាអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជាមានប្រហែល៤៦.០០០នាក់ក្នុងនោះ៨០ភាគរយជាកុមារនិងយុវវ័យដែលមានអាយុចាប់ពី១០ឆ្នាំទៅ២៤ឆ្នាំ ហើយប្រភេទគ្រឿងញៀនដែលពួកគេប្រើប្រាស់នោះ៨០ភាគរយជាប្រភេទមេតំហ្វេតាមីននិង៦,៣ភាគរយប្រភេទហេរ៉ូអីុននិងក្រៅពីនេះគឺនៅមានអ្នកប្រើសារធាតុញៀនផ្សេងទៀត ។
លោកកែ គឹមយ៉ាន បានថ្លែងបែបនេះជម្រាបទៅគណៈប្រតិភូមិវៀតណាមដែលដឹកនាំដោយលោកង្វៀន ស្វិនភុក ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន អេដស៍ និងពេស្យាចារ វៀតណាមខណៈពេលគណៈប្រតិភូវៀតណាមបានចូលជួបពិភាក្សាការងារជាមួយលោកនៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៥ សីហា នៅវិមានសន្តិភាព ។ លោកកែ គឹមយ៉ាន មានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនការពិត កម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ប៉ុន្តែកម្ពុជាបានរងគ្រោះនូវការចរាចរណ៍គ្រឿងញៀនឆ្លងកាត់ ការប្រើបំពានគ្រឿងញៀន និងការប៉ុនប៉ងយកប្រទេសកម្ពុជា ផលិតគ្រឿងញៀនខុសច្បាប់ ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញនៅទីផ្សារអន្តរជាតិពីសំណាក់ក្រុមឧក្រិដ្ឋជនបរទេស ។
ជាក់ស្តែងក្នុងរយៈពេល២ទៅ៣ឆ្នាំ ចុងក្រោយនេះ សមត្ថកិច្ចរបស់យើងបានបង្ក្រាបទាន់ពេលវេលាលើទីតាំងបម្រុងផលិតគ្រឿងញៀនជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញនិងខេត្តមួយចំនួន ។ការប្រើបំពានគ្រឿងញៀនបានចាប់ផ្តើមកើតមានឡើងជាដំបូងនៅក្នុងចំណោមប្រជាជនមួយចំនួននៅភាគពាយ័ព្យនៃប្រទេស ពិសេសពលករឆ្លងដែន កុមារអនាថា កម្មករ និងយុវវ័យនៅក្នុងទីក្រុងមួយចំនួនក៏បានធ្លាក់ខ្លួនប្រើគ្រឿងញៀនដោយហេតុតែពួកគេមិនបានយល់ដឹងពីឥទ្ធិពល និងគ្រោះថ្នាក់នៃគ្រឿងញៀន ហើយក្លាយខ្លួនជាជនរងគ្រោះដែលភាគច្រើនជាក្រុមដែលមានអាយុចាប់ពី១០ឆ្នាំ ដល់៣៥ឆ្នាំ បណ្តាលឱ្យគ្រួសារទទួលរងនូវភាពក្រីក្រអំពើហិង្សាញាំញី ។ សាមីខ្លួនដែលប្រើគ្រឿងញៀនត្រូវទ្រុឌទ្រោមសុខភាពធ្ងន់ធ្ងរទទួលរងនូវភាពអាមាស់ខូចអនាគត និងបាត់បង់កិត្តិយសក្នុងសង្គម ហើយមានចរិតឃោរឃៅ និងបង្កវិនាសកម្មធ្ងន់ធ្ងរដល់ក្រុមគ្រួសារ មិត្តភក្តិ និងសង្គមជាតិ ។ បន្ថែមលើនេះវិធីនៃការប្រើប្រាស់់គ្រឿងញៀនមានការប្រែប្រួលប្រកបដោយគ្រោះថ្នាក់ ជាវិបត្តិនៃការលេប ជក់ ហឺត ទៅរកការចាក់បញ្ចូលតាមសរសៃដែលការប្រព្រឹត្តបែបនេះជាឥរិយាបថប្រឈមនឹងគ្រោះថ្នាក់កម្រិតខ្ពស់បំផុតក្នុងការឆ្លងជំងឺផ្សេងៗ ពិសេសមេរោគអេសដ៍ ជំងឺអេសដ៍តាមរយៈការប្រើម្ជុល និងស៊ីរាំងមិនបានសម្អាតរួមគ្នា ។
ជាមួយគ្នានេះអត្រាមេរោគអេសដ៍ក្នុងចំណោមអ្នកចាក់គ្រឿងញៀនហេរ៉ូអីុន មានចំនួន២៤,៤%និងអ្នកប្រើគ្រឿងញៀនមិនចាក់មានចំនួន១,១%ដែលនេះជាស្ថិតិទទួលបាននៅឆ្នាំ២០០៧។
ដោយឡែក ស្ថានភាពរាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ ផ្អែកតាមការតាមដាននឹងវាយតម្លៃរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឃើញថា អត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅបានធ្លាក់ចុះជាបន្តបន្ទាប់គឺពី២%ក្នុងឆ្នាំ១៩៩៨មក ០,៩% ក្នុងឆ្នាំ២០០៦, ០,៨%ក្នុងឆ្នាំ២០០៧, ០,៧%ក្នុងឆ្នាំ២០០៨ និង០,៦%ក្នុងឆ្នាំ២០១១ ។ ទោះជាយ៉ាងណា អត្រានេះនៅតែខ្ពស់នៅឡើយបើប្រៀបធៀបប្រទេសក្នុងតំបន់ ។ តាមគោល ការណ៍របស់អាស៊ានគឺឆ្នាំ២០១៥គ្មានគ្រឿងញៀន៕


ចែករំលែកព័តមាននេះ