ខេត្តកំពត ៖ មានការភ្ញាក់ផ្អើលយ៉ាងពពាក់ពពូនមួយទាំងកណ្តាលថ្ងៃ នៅលើស្ពានឆ្លងកាត់ព្រែកកំពង់បាយ ដែលអ្នកខ្លះហៅថាព្រែកកំពត ខណៈដែលនាងក្រមុំម្នាក់អង្គុយបបេះលើទម្រស្ពានធ្វើមុខស្ងួតសម្លឹងទៅលំហទឹកក្នុងបំណងប៉ុនប៉ងធ្វើអត្តឃាតនៅរសៀលថ្ងៃទី១៥ សីហា ។ សកម្មភាពដ៏ព្រឺព្រួចនេះបានធ្វើឱ្យសមត្ថកិច្ចនគរបាលក្រុងកំពតរួមជាមួយកងរាជអាវុធហត្ថក្រុងបានលើកគ្នាមកធ្វើសកម្មភាព ដើម្បីរារាំង និងជួយសង្គ្រោះដោយលួងលោមផងឆក់យកនាងចេញពីខឿនស្ពាននាំមកលើស្ពានវិញ ។ ការប៉ុនប៉ងលោតទឹកព្រែកដៃសមុទ្រនេះ អាចចាត់ទុកថាជាលើកទី២ ដែលលើកទី១ ស្ត្រីម្នាក់ត្រូវបានស្លាប់ ។
ក្រោយពីការសង្គ្រោះ ស្ត្រីរូបនេះបាននិយាយដោយមានការលាក់លៀមពីវិបត្តិថា នាងឈ្មោះជា ភា អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។ ការនិយាយថាការដែលនាងលែងចង់រស់តទៅទៀតនេះ ដោយនាងតូចចិត្តខ្លួនឯង ជាកូនកំព្រាគ្មានឪពុកម្តាយ ។ សព្វថ្ងៃនាងធ្វើការរត់តុនៅហាងកាហ្វេមួយនៅរាជធានីភ្នំពេញ ។ នាងបានមកលេងខេត្តកំពត ជាមួយមិត្តភក្តិដែលធ្វើការជាមួយគ្នាអស់រយៈពេល៣ថ្ងៃហើយ ។
តាមសម្តីនិយាយនេះ គឺនាងពុំបានបង្ហើបពីការពិតឱ្យសមត្ថកិច្ចបានដឹងច្បាស់ឡើយ ដោយគ្រាន់តែប្រាប់សមត្ថកិច្ចថា នាងតូចចិត្តជាកូនកំព្រា ប៉ុន្តែក្រោយពេលគេឃើញសកម្មភាពស្ត្រីរូបនេះបម្រុងលោតទឹកសម្លាប់ខ្លួន ហើយសមត្ថកិច្ចបាន ឃើញបុរសម្នាក់មកអះអាងថាជាមិត្តភក្តិធ្វើការជាមួយគ្នាបានមកធានាយកស្ត្រីរូបនោះវិលទៅរាជធានីភ្នំពេញវិញ នៅវេលារសៀលថ្ងៃដដែលនេះ ។ ដោយសារតែនាងប្រាប់ពីហេតុផលចង់លោតទឹកសម្លាប់ខ្លួន ព្រោះតែខ្លួនជាកូនកំព្រា ក៏មានមតិខ្លះមិនជឿ ហើយនិយាយថា មិនមែននាងតូចចិត្តត្រឹមតែរឿងខ្លួនជាកូនកំព្រាប៉ុណ្ណោះទេ អាចមានបញ្ហាស្នេហាច្រើនជាង ដូចនាងជាស្រីក្រមុំ ហើយមានមិត្តប្រុសនាំមកលេងខេត្តកំពតដល់ទៅ៣ថ្ងៃ មិនដឹងជានាងមានបញ្ហាអ្វីខ្លះទេ ។
តាមអ្នកឃើញហេតុការណ៍ដំបូងបាននិយាយប្រាប់ប៉ូលិសថា បានឃើញនាងអង្គុយលើទម្រស្ពានតែម្នាក់ឯង ព្រមទាំងនិយាយទូរស័ព្ទផងយំផង បង្ហាញពីភាពមិនស៊ីសង្វាក់គ្នាអ្វីមួយជាមួយនរណាម្នាក់ ទើបចង់សម្លាប់ខ្លួន ។
ក្រោយពីមានបុរសម្នាក់ចូលមកធានាសុំទទួលយកនាងទៅរាជធានីភ្នំពេញវិញ ទើបធ្វើឱ្យមានការសន្និដ្ឋានថា ជារឿងស្នេហាពិតប្រាកដ ណាស់ តែការពិតទៅបែប គ្មានការលាតត្រដាងទេ ។
តាមរយៈការធានាពីបុរសនេះ សមត្ថកិច្ចបានត្រឹមតែណែនាំដល់អ្នកទាំង២ សុំកុំឱ្យមានហេតុការណ៍ដូចថ្ងៃនេះតទៅទៀត ហើយក៏ប្រគល់ឱ្យមិត្តប្រុសនោះទទួលនាងយកទៅរាជធានីភ្នំពេញវិញទៅ ទោះបីទុកតទៅទៀត ក៏មិនដឹងទុកធ្វើអ្វីដែរ ៕







ចែករំលែកព័តមាននេះ