ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សច្ចៈ​ធម៌​ប្រវត្តិ​សាស្ត្រ​ សម្តេច​តេជោ ៖ បើ​គ្មាន​ថ្ងៃ​៧មករា ពិត​ជា​គ្មាន​ថ្ងៃ​នេះឡើយ

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ សម្តេច​​អគ្គ​មហាសេ​នា​បតី​តេ​ជោ​ហ៊ុន សែន​ ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បាន​​មាន​ប្រសាសន៍​​​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​​ជូន​និស្សិត​ជ័យ​លា​ភី​កម្រិត​​បរិញ្ញាបត្រ​​រង បរិញ្ញា​បត្រ​ បរិញ្ញា​បត្រ​ជាន់​ខ្ពស់ និង​បណ្ឌិត​​នៃ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​ នា​ព្រឹក​ថ្ងៃ​ទី​១៥ សីហា ​២០១២ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​​ និង​សន្និ​បាត​កោះ​ពេជ្រ​​​ដោយ​​រិះ​គន់​​មនុស្ស​​មួយ​ចំនួន​យ៉ាង​​ខ្លាំង​​ៗ​ថា គួរ​ឱ្យ​សោក​ស្តាយ​ មាន​មនុស្ស​ខ្លះ​គេ​និយាយ​ថា ​គេ​បាន​មក​មិន​មែន​ដោយ​សារ​៧ មករា ​​១៩៧៩ នោះ​ទេ ។ មិន​ចាំ​បាច់​ទទួល​ស្គាល់​​ក៏​បាន​ដែរ​ ។ សម្តេច​បាន​រំលឹក​ឡើង​វិញ​កាល​ពី​មាន​ប្រសាសន៍​បំភ្លឺ​នៅ​​វិមាន​រដ្ឋ​សភា​ថា ព្រោះ​បញ្ហា​ធាតុ​តិរច្ឆាន​…​ទោះ​បី​ជា​​មេ​វា​ក៏​ដោយ​ក៏​វា​មិន​គិត​ដែរ …។

ប៉ុន្តែ​​បាន​លើក​ជា​សំណួរ​សួរ​ថា ​បើ​សិន​ជា​អ្នក​ឯងមិន​​ត្រូវ​បាន​រំដោះដោយ​ថ្ងៃ​​៧​មករាទេ ​ឪពុក​ម្តាយ ជីដូន​ជីតា របស់​អ្នក​​ឯង​មិន​ត្រូវ​បាន​រំដោះ​ដោយ​ថ្ងៃ​៧​មករា​ទេ ​តើ​អ្នក​ឯង​មាន​ជីវិត​​ដែរ​ឬ​ទេ ?  ហើយ​តើ​អ្នក​ឯង​មាន​លទ្ធ​ភាព​មក​រៀន​សូត្រ​ដូច​សព្វ​ថ្ងៃ​​ទេ​? ​និយាយ​ឱ្យ​ពិត​ទៅ លើក​លែង​ទាល់​​តែ​អ្នក​រស់​នៅ​ក្រៅ​ប្រទេស មិន​ស្លាប់​ទេ ប៉ុន្តែ​ក្រុម​គ្រួ​សារ​​របស់​ពួក​គាត់​នៅ​ក្នុង​ស្រុក​គឺ​ស្លាប់​អស់​ច្រើន​ដែរ​ ។ បើ​ទោះ​បី​ជា​យ៉ាង​ណា ​អ្នក​នោះ​គាត់​ក៏​មាន​សាច់​ឈាម​របស់​គាត់​ត្រូវ​​គេ​សម្លាប់​​ដែរ ។

​សម្តេច​​តេ​ជោ​ នាយក​រដ្ឋ​មន្ត្រី​សង្កត់​ធ្ងន់​ថា នេះ​ជា​សច្ច​ធម៌​​​ប្រវត្តិ​សាស្ត្រ​ ហើយ​បើ​គ្រាន់​តែ​ប៉ុណ្ណឹង​​អត់​ទទួល​ស្គាល់​​ទៅ​ហើយ វា​មិន​​អាច​និយាយ​ឬ​​ទៅ​ដឹក​នាំ​អ្នក​ណា​បាន​ទៀត​ទេ ព្រោះ​សូម្បី​តែ​ជីវិត​​របស់​ខ្លួន​ឯង​ដែល​ត្រូវ​បាន​ផ្តល់​តាម​រយៈ​​ការ​រំដោះ​ថ្ងៃ​៧ មករា ​ខ្លួន​ឯង​​មិន​ទទួល​ស្គាល់​​ផង​​ តើ​ទទួល​ស្គាល់​អី​ទៀត ។

​ទន្ទឹម​នឹង​នោះ​ សម្តេច​​តេ​ជោ នាយក​រដ្ឋ​មន្ត្រី​បាន​លើក​មក​បង្ហាញ​ជាក់​ស្តែង​​ថា ជោគ​ជ័យ​ថ្ងៃ​នេះ​តើ​បាន​មក​ពី​អ្វី ? ច្បាស់​ណាស់​ ចម្លើយ​ដំបូង បាន​មក​ពី​ការ​ខិត​ខំ​ ដូច​ខ្ញុំ​​បាន​និយាយ​អីុចឹង ទោះ​បី​នយោ​បាយ​ល្អ ​ទោះ​បី​សាលា​ល្អ គ្រូ​ល្អ ​ក៏​ប៉ុន្តែ​គ្មាន​ការ​ខិត​ខំ​ទេ ​មិន​អាច​ធ្វើកើត​​ទេ ក៏​គេ​មិន​អាច​ចម្លង​​ដោយ​យកសឺ​​រ៉ាំង​ទៅ​ចាក់​ពី​ខួរ​ក្បាល​​លោក​គ្រូ ទៅ​ចាក់​ខួរ​ក្បាល​កូន​សិស្ស​បាន​ទេ ។ ​ត្រឹម​ត្រូវ … ។

ប៉ុន្តែ​បើ​សួរ​មួយ​ម៉ាត់​ បើ​សិន​ជា​រដ្ឋា​ភិបាល​​ អតី​ត​រដ្ឋ​កម្ពុជា​​ និង​មក​ដល់​​រាជ​រដ្ឋា​ភិបាល​​ នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ មិន​បង្ក​លក្ខណៈ​​ឱ្យ​វិស័យ​​ឯក​ជន​ចូល​រួម​​​វិនិយោគ​​ ក្នុង​វិស័យ​អប់​រំ ដូចជា បៀល​ប្រាយ អីុចឹង ​តើ​មាន​បៀល​ប្រាយ​​រៀន ឬ​អត់ ? ​ព្រោះ​រាជ​រដ្ឋា​ភិបាល​​មិន​ឱ្យ​ធ្វើ​ មិន​ចេញ​អនុក្រឹត្យ​ឱ្យ​បង្កើត​​ សួរ​​ថា​តើ​មាន​បៀល​ប្រាយ​​ទេ ? ដូច្នេះ​បញ្ហា​នេះ ត្រូវ​ទទួល​ស្គាល់​​គួប​ផ្សំ​គ្នា​រវាង​​ការ​ខិត​ខំ​​ខ្លួន​ឯង​ ប៉ុន្តែ​ត្រូវ​ចាប់​ផ្តើម​ពី​ចំណុច​​មួយ គឺ​នយោ​បាយ​ត្រឹម​ត្រូវ​របស់​បក្ស​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល របស់​គណបក្ស​​កាន់​អំណាច។

​ចំណុច​នេះ​ត្រូវ​មើល​ឱ្យ​ឃើញ​នូវ​ភាព​ចាំ​បាច់​នៃ​ក្រប​ខណ្ឌ​​គោល​នយោ​បាយ​មួយ​ច្បាស់​លាស់។ ​បើ​សិន​គ្រាន់​តែ​ប៉ុណ្ណឹង​​មិន​ទទួល​ស្គាល់​ផង​ តើ​ធ្វើ​មនុស្ស​យ៉ាងម៉េច​ ? រឿង​នយោ​បាយ​សំខាន់​ណាស់ ណា​សង្គ្រាម​កើត​​ពី​ឆ្នាំ​១៩៧០​ដល់​១៩៧៥ ក្នុង​ពេល​នោះ​តំបន់​ត្រួត​ត្រា​ដោយ​លន់ នល់ និស្សិត​​អាចនៅ​រៀន​បាន​ខ្លះ ​ក៏​ប៉ុន្តែ​​និស្សិត​មួយ​ចំនួន និង​សាស្ត្រាចារ្យ​ត្រូវ​ចាប់​ធ្វើ​ទាហាន ។ បើ​សិន​ជា​រាជ​រដ្ឋា​ភិបាល​​មិន​ឱ្យ​វិស័យ​ឯក​ជន​ចូល​រួម ច្បាស់​ណាស់​ប្រហែល​ជា​គ្មាន​និស្សិត​​ជាង​៥​ពាន់​នាក់​ដែល​មក​ទទួល​សញ្ញា​បត្រ​នៅ​ថ្ងៃ​នេះ​ទេ ​ហើយ​មិន​មាន​ជាង​៣​ម៉ឺន​នាក់​ចេញ​បញ្ចប់​ការ​សិក្សា​រួច​ហើយ ។

​ការ​ប្រកប​អាជីវកម្ម​​ក៏​ដូច​គ្នា​ដែរ ​បើ​សិន​ជា​រាជ​រដ្ឋា​ភិបាល​​លើក​ទឹក​ចិត្ត​​លើ​ផ្នែក​នេះ​​ត្រឹម​ត្រូវ ក្នុង​នោះ​មាន​បញ្ហា​ពន្ធ​ដារ​ផ​ងដែរ ប្រហែល​ជា​វិស័យ​​សេដ្ឋ​កិច្ច​​កម្ពុជា​មិន​ទៅ​មុខ​​ទេ ។ ​ការ​ដឹក​នាំ​ឆ្លង​កាត់​វិបត្តិ​សេដ្ឋ​កិច្ច​​ ហិរញ្ញ​វត្ថុ​ជា​សាកល ​គឺ​​បើ​សិន​រាជ​រដ្ឋា​ភិបាល​មិន​ចាប់​អារម្មណ៍ មិន​បាន​ប្រុង​ប្រៀប​ទុក​ជា​មុន ប្រហែល​ជា​យើង​ឆ្លង​កាត់​ការ​លំបាក​លំបិន​ហើយ ។ ​ដើម្បី​កុំ​ឱ្យ​មាន​ការ​ដួល​រលំ​នៃ​​វិស័យ​ធនា​គារ​​​​ដូច​ដែល​ធ្លាប់​កើត​​នៅ​ក្នុង​វិស័យ​​ហិរញ្ញ​វត្ថុ រាជ​រដ្ឋា​ភិបាល​​បាន​បង្កើត​​ទុន​បម្រុង​​កាតព្វកិច្ច​ ពេល​នោះ​ធនាគារ​​មួយ​ចំនួន​មិន​បាន​​ពេញ​ចិត្ត​ផង​ទេ ។ ប៉ុន្តែ​ទី​ចុង​​បំផុត​ នេះ​គឺ​​សុវត្ថិ​ភាព​ក្នុង​ការ​ជឿ​ជាក់​ក្នុង​វិស័យ​ធនាគារ​ ។

បើ​គ្មាន​ការ​គ្រប់​គ្រង​ដ៏​ត្រឹម​ត្រូវ​​ រៀប​ចំ​ច្បាស់​លាស់​​ទេ គ្មាន​ឱកាស​ទេ​ សម្រាប់​ការ​ទទួល​សញ្ញា​បត្រ​​នៅ​ថ្ងៃ​នេះ ។ ឱកាស​ថ្ងៃ​នេះ​ និង​ឱកាស​ថ្ងៃ​មុន​ខុស​គ្នា​ឆ្ងាយ​ណាស់​ទាំង​ក្នុង​ប្រទេស​​ និង​ក្រៅ​ប្រទេស​​ ។ ​សម្តេច​តេ​ជោ នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ឱ្យ​ប្រជា​ពលរដ្ឋ​​កម្ពុជា​ទាំង​អស់​​ឱ្យ​យល់​​ ចាប់​ពី​ក្រោយ​រំដោះ​​មក​​ ប្រទេស​កម្ពុជា​ត្រូវ​រង​នូវ​​សម្ពាធ​អន្តរ​ជាតិ ដោយ​ការ​ហ៊ុម​ព័ទ្ធ​​សេដ្ឋ​កិច្ច​ និង​ទណ្ឌ​កម្ម​នយោ​បាយ ។ ​នៅ​ពេល​នោះ​និស្សិត​​ទាំង​អស់​ពុំ​មាន​ឱកាស​​ដូច​ថ្ងៃ​នេះ​ទេ ។ ​ថ្ងៃ​នេះ​យើង​អាច​ទៅ​រៀន​ដោយ​ឯក​ជន​របស់​យើង​​ក៏​បាន​ដែរ ​អត់​មាន​អ្នក​ណា​ហាម​ឃាត់​ទេ ​ចង់​ទៅ​រៀន​នៅ​ប្រទេស​ណា​ក៏​បាន​​ អាស្រ័យ​មាន​ប្រាក់​ទេ។

​ចំណែក​​អាហា​រូបករណ៍​ដែល​ប្រទេស​គេ​ឱ្យ​នោះ គេ​ឱ្យ​តាម​រយៈ​ក្រសួង​អប់​រំ​ ហើយ​ប្រឡង​ធ្វើការ​ជ្រើស​រើស ។ ក្នុង​អតី​ត​កាល​ក៏​ដូច​បច្ចុប្បន្ន​កាល​ដែរ ​សុំ​ឱ្យ​យល់​​អំពី​បញ្ហា​ហ្នឹង​ អាហារូបករណ៍​​មក​​រដ្ឋា​ភិបាល ហើយ​បើ​រដ្ឋា​ភិបាល​មិន​រើស​អស់​លោក​ លោក​ស្រី​ទេ អស់​លោក លោក​ស្រី​គ្មាន​ឱកាស​ទេ​ កុំ​ចាំ​បាច់​និយាយ​ពង្វាង​ ។ ​មនុស្ស​ធុន​​នេះ ដែ​ល​មិន​ទទួល​ស្គាល់​​ថា​ខ្លួន​មក​ពី​ត្រង់​ណា​ផង ខ្លួន​ត្រូវ​បាន​បណ្តុះ​បណ្តាល​​យ៉ាង​ម៉េច ​មនុស្ស​​ធុន​នេះ​បើ​​សិន​ជា​ឱ្យ​ដឹក​នាំ​គឺ​ស្លាប់​ឯង ព្រោះ​គ្រាន់​តែ​រឿង​ដូច្នេះ​មិន​ទទួល​ស្គាល់​​ទៅ​ហើយ អាច​ហ៊ាន​ក្បត់ ស​ហាយ​​ស្មន់ ភាព​មិន​ស្មោះ​ត្រង់​ជា​មួយ​ក្រុម​គ្រួ​សារ​​ខ្លួន​ឯង ។ ​តើ​យើង​អាច​ផ្ញើ​វាសនា​បាន​ទេ ? ​សម្តេចតេ​ជោ​​មាន​ប្រសាសន៍​ថា ​ខ្ញុំ​មិន​ថា​ឱ្យ​អ្នក​ណា​ទេ ប៉ុន្តែ​​ចង់​សំដៅ​រួម … ​គួរ​ឱ្យ​អា​ម៉ាស់​​ ការ​បោក​ប្រាស់​​មនុស្ស​រាប់​លាន​នាក់​ដែល​គេ​ស្គាល់​រឿង ។ ពាក្យ​ខ្មែរ​និយាយ​ថា ​បើ​ដេញ​ទាន់​កុំ​ជាន់​កែង ។ ​ប៉ុន្តែ​​មាន​មនុស្ស​មួយ​ចំនួន​បើ​ដេញ​ទាន់​មិន​ជាន់​កែង​ មិន​រាង​​ទេ ទាល់​តែ​ជាន់​ឱ្យ​​ដួល​តែ​ម្តង​ទៅ ប៉ុន្តែ​បើ​ដេញ​ទាន់​មិន​ជាន់​កែង​គេ​​នៅ​តែ​មិនរាង ៕