ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ស្ត្រី​ថៃ​ម្នាក់​ទៀត​ជា​មួយ​កូកាអីុន​ជិត​13​គ.ក្រ​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​​​​​​​ ៖ ​ការ​នាំ​​គ្រឿង​ញៀន​​ឆ្លង​​​កាត់​​តាម​អា​កាស​យាន​ដ្ឋាន​​​អន្តរ​ជាតិ​​ភ្នំ​​ពេញ​​ជា​បន្ត​បន្ទាប់​​ក្នុង​សប្តាហ៍​​នេះ​ បាន​បង្កើត​​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​ និង​គួរ​​ឱ្យ​​កត់​សម្គាល់​​បំផុត​ ហើយ​​​ករណី​ទី​៤​ត្រូវ​​បាន​វែក​មុខ​ ដែល​​ការ​រឹប​អូស​គ្រឿង​ញៀន​​សរុប​​មាន​ប្រមាណ​​៣៣​គីឡូ​ក្រាម​​​​​ត្រូវ​បាន​​ការិយា​ល័យ​​គយ និង​រដ្ឋា​ករ​​អា​កាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​​ភ្នំពេញ​​បង្ក្រាប​​ជា​បន្ត​បន្ទាប់​​ក្នុង​ខែ​សីហា ​ឆ្នាំ​​​២០១២​នេះ​ ​។

ចំពោះ​​​ការ​បង្ក្រាប​​គ្រឿង​​ញៀន​ថ្មី​​មួ​យ​ទៀត​​ ដែល​ជា​ករណី​​​ទី​​៤ គឺ​​​បាន​​​បង្ក្រា​ប​​និ​​ង​ឃាត់​ខ្លួន​​ស្ត្រី​ជន​ជាតិ​​ថៃ​ម្នាក់ ដោយ​​​ដក​​​ហូតបាន​​​​ម្សៅ​​កូ​កា​អីុន​​ជិត​​១៣​គី​ឡូ​​ក្រាម​​ នៅ​ចំណុច​​ច្រក​អ្នក​ដំណើរ​​មក​ដល់​​កាល​ពី​​វេលា​ម៉ោង​​១១​និង​​១៨​នាទី​​​ព្រឹក​​ថ្ងៃ​ទី​​១៤ សីហា ​។ ​​មន្ត្រី​នគ​របាល​​ប្រចាំ​ការ​នៅ​​អា​កាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​ភ្នំ​ពេញ​​​ឱ្យ​ដឹង​ថា ​នៅវេលា​​​​​​​ម៉ោង​​ជាង​១១​ព្រឹក​​ថ្ងៃ​នោះ​​​មន្ត្រី​គយនៃ​ការិយា​ល័យ​​គយ​ និង​រដ្ឋា​ករ​អា​កា​ស​យាន​ដ្ឋាន​​​អន្ត​រជាតិ​​ភ្នំពេញ​​នៅ​ចំណុច​​ច្រក​អ្នក​ដំណើរ​​មក​ដល់​​​ បាន​ចាប់​​ឃាត់​ស្ត្រី​​ថៃ​ម្នាក​់​​ឈ្មោះ​ ​Bucha Preedaporn អាយុ​​៣៥​ឆ្នាំ​ កាន់​លិខិត​​ឆ្លង​ដែន​លេខB​​៦០៧៤៨៩​ ​។ ស្ត្រី​រូប​​នេះ​​ធ្វើ​ដំណើរ​​តាម​ជើង​យន្ត​ហោះ​ ​MI៦២២​ ​សិង្ហ​បុរី​-​ភ្នំពេញ​ ​ដែល​ជា​​ជើង​យន្ត​ហោះ​​ក្នុង​ទិស​ដៅ​​តែ​មួយ​​​ចូល​​មក​កម្ពុជា ។

​បន្ទាប់​ពី​​ឃាត់​ខ្លួន​ សមត្ថ​កិច្ច​​គយ​បាន​នាំ​ស្ត្រី​​ជន​ជាតិ​​ថៃ​​​រូប​​នេះ​​ទៅ​យក​​វ៉ាលីស​ និង​ធ្វើ​​ការ​ឆែក​ឆេរ ​​ហើយ​រក​ឃើញ​​ម្សៅ​​ពណ៌​​​ស ចំនួន​​១០​ដុំ ដែល​​​លាក់​​ទុក​នៅ​​បាត​​​និង​ជញ្ជាំង​​វ៉ា​លីស​ ។ យោង​តាម​​​សមត្ថ​កិច្ច​ជំនាញ​​ដែល​ធ្វើ​ការ​ត្រួត​ពិនិត្យ​ម្សៅ​ពណ៌​ស នោះ​​បាន​បញ្ជាក់ថា ​ជា​ម្សៅ​កូ​​កា​អីុន​​មាន​ទម្ងន់​​​១២​​គីឡូ​៨៩៩,៤​​ក្រាម​ ដែល​គ្រឿង​ញៀន​​នេះ​ពួក​ឧក្រិដ្ឋ​​ជន​មាន​​គោល​បំណង​​នាំ​ចេញ​បន្ត​​​ទៅ​ប្រទេស​ថៃ​​​​ ចំណែក​​កម្ពុជា​គ្រាន់​តែ​​ជា​តំបន់​​ឆ្លង​កាត់​​ប៉ុណ្ណោះ ។​

ក្នុង​រយៈ​ពេល​​មួយ​សប្តាហ៍​ ​គិត​​ចាប់​ពី​ថ្ងៃ​​ទី​​៧ ​ដល់​ថ្ងៃ​ទី​​១៤ ​សីហា ​ការិយា​ល័យ​គយ​និង​រដ្ឋា​ករ​​អា​កាស​យាន​ដ្ឋាន​​អន្តរ​​ជាតិ​​ភ្នំ​ពេញ​​បាន​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ជួញ​ដូរ​គ្រឿង​ញៀន​​ឆ្លង​​ប្រទេស​ចំនួន​​៥​នាក់សុទ្ធ​សឹង​​ជា​ស្ត្រី​​ថៃ​ និង​​​ដក​​ហូត​​បាន​​គ្រឿង​ញៀន​​ប្រភេទ​​មេ​តំ​ហ្វេ​តា​មីន​ និ​ងម្សៅ​​កូ​កា​អីុន​​សរុប​ជាង​​៣៣​គី​ឡូ​ក្រាម​ ។ ស្នា​ដៃ​​បង្ក្រាប​​ជា​បន្ត​​បន្ទាប់​​ដែល​​រកឃើញ​​គ្រឿង​ញៀន​​រហូត​ដល់​​៣៣​គី​ឡូ​ក្រាម​ ក្នុង​​រយៈ​​ពេល​​១​សប្តាហ៍​​នេះ​ ​ធ្វើ​​ឱ្យ​​មាន​​ការ​លើក​​ឡើង​ថា ​អាជ្ញាធរ​​​ជាតិ​ប្រយុទ្ធ​​ប្រឆាំ​ង​​គ្រឿង​ញៀន​​​ និង​ក្រសួង​មហា​ផ្ទៃ​​​គួរ​​​ផ្តល់​រង្វាន់​​លើក​ទឹក​ចិត្ត​​ដល់​​មន្ត្រី​​ដែល​ខិត​​ខំ​​បង្ក្រាប​ដែល​នេះ​​ជា​ការ​​ឆ្លើយ​តប​​សម្រាប់​​សមា​​គម​អាស៊ាន​​គ្មាន​​ការ​​ជួញ​ដូរ​​គ្រឿង​ញៀន​​ត្រឹម​​ឆ្នាំ​​​២០១៥ ។​

នៅ​​ក្នុង​កិច្ច​​ពិភា​ក្សា​​ជាមួយ​គណៈ​​កម្មា​ធិការ​​ប្រឆាំង​​គ្រឿង​ញៀន​​ អេដស៍ និង​ពេស្យា​ចា​រ​របស់​វៀត​ណាម​​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​១៥ សីហា ​ឆ្នាំ​​២០១២ នៅ​វិមាន​​សន្តិ​ភាព លោក​កែ គឹម​យ៉ាន ​ឧបនាយក​​រដ្ឋ​មន្ត្រី​ និង​ជា​​ប្រធាន​​អាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​គ្រឿង​ញៀន​​​មាន​ប្រសាសន៍​ថា ​កម្ពុជា​​មិន​មែន​​ជា​​ប្រទេស​​ផលិ​​ត​គ្រឿង​​ញៀន​ទេ ​ប៉ុន្តែ​​ជា​ប្រទេស​​កំពុង​​រង​គ្រោះ​​ដោយ​សារ​​​​ការ​​ធ្វើ​​ចរាចរណ៍​គ្រឿង​ញៀន​​ឆ្លង​កាត់​​​ និង​ប៉ុន​ប៉ង​​យក​​ប្រទេស​កម្ពុជា​​ធ្វើ​ការ​ផលិត​​គ្រឿង​ញៀន​​សំយោគ​​ខុស​ច្បាប់​​ដើម្បី​​នាំ​ចេញ​ទៅ​​​កាន់​​ទី​​​ផ្សារ​អន្តរ​ជាតិ ​៕​