រាជធានីភ្នំពេញ ៖ បន្ទាប់ពីសមត្ថកិច្ចនគរបាលខណ្ឌចំការមន ចាប់ខ្លួនឈ្មោះសាន្ត តុងអ៊ាង អាយុ២៦ឆ្នាំ ជាជំនួយការនាយកក្រុមហ៊ុនយូខេនវីន ដែលមានទីលំនៅផ្ទះជួលនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០១២ កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសដោយជាប់ពាក់ព័ន្ធបទល្មើសធ្វើសកម្មភាពចាប់បុគ្គលិកនារីក្រុមហ៊ុនរំលោភកាលពីថ្ងៃទី៤ សីហា រួចមក ស្រាប់តែមានបុគ្គលិកនារីក្រុមហ៊ុន២រូបផ្សេងទៀតបាននាំគ្នាដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីសំណូមពរឱ្យស្ថាប័នតុលាការផ្តន្ទាទោសលើឈ្មោះសាន្ត តុងអ៊ាង ឱ្យបានយូរតាមនីតិវិធីច្បាប់ ព្រោះកន្លងមកពួកនាងក៏ធ្លាប់រងគ្រោះដោយសារព្រាននារីម្នាក់នេះលួងលោមប៉ុនប៉ងរំលោភដូចគ្នាដែរ ។
តាមប្រភពព័ត៌មានពីនាង«ក»បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ វេលាម៉ោង៥ល្ងាចឈ្មោះសាន្ត តុងអ៊ាង បានបញ្ជាឱ្យនាងទៅផ្ទះជួលរបស់គាត់ ហើយបានឱ្យរូបនាងជួយបោសសំអាតផ្ទះ និងសំអាតបន្ទប់ស្នាក់នៅ ។ ពេលដែលនាងសំអាតបន្ទប់រួចហើយ ពេលវេលាខិតចូលដល់ព្រលប់ពេលនោះនាងសុំលាលោកសាន្ត តុងអ៊ាង មកផ្ទះវិញ ព្រោះចប់ការងារហើយ ។ ប៉ុន្តែលោកសាន្ត តុងអ៊ាង បានប្រាប់ទៅនាងវិញថា មុជទឹកឱ្យហើយទៅចាំទៅវិញ ព្រោះនាងធ្វើការហត់ហើយបែកញើសទៀតផង ។ ប៉ុន្តែពេលនោះនាងបាននិយាយបដិសេធថា នាងមិនធ្លាប់មុជទឹកផ្ទះគេទេ ។ នាង «ក»បានរៀបរាប់បន្តទៀតថា ដោយសារតែល្បិចដ៏ថោកទាបក្នុងបំណងអាក្រក់ណាមួយ ឈ្មោះសាន្ត តុងអា៊ង បានធ្វើល្បិចជាឈឺ ហើយពឹងឱ្យរូបនាងកោសខ្យល់នឹងធ្វើសរសៃឱ្យ រួចចាប់ឱបរិតរាងកាយនាងយ៉ាងអាក្រក់ ជាហេតុធ្វើឱ្យរូបនាងមានការឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង ដោយរើបម្រះទាល់តែរួច ព្រោះនាងមានសមត្ថភាពរឹងមាំ មិនទន់ជ្រាយតាមគំនិតល្មោភតណ្ហារបស់ប្រុសព្រានសាន្ត តុងអ៊ាង នេះជាដាច់ខាតរហូតដល់ម៉ោងជាង៧យប់ ទើបនាងរួចផុតពីក្រញាំដៃប្រុសព្រានធ្វើឱ្យនាងរងរបួសផ្លូវភេទ ដោយសារតែប្រុសព្រានយកដៃមកខ្វាម ។
ដោយឡែកករណីទី ២ គឺនាង«ខ»ជាបុគ្គលិកក្រុមហ៊ុនយូខេនវីន ម្នាក់ទៀតក៏បានដាក់ពាក្យបណ្តឹងដែរ និងបានផ្តល់ព័ត៌មានដល់កោះសន្តិភាពថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ រូបនាងក៏រងគ្រោះដូចនាង«ក»ដែរ តែសកម្មភាពរបស់ឈ្មោះសាន្ត តុងអ៊ាង លើនាង«ខ»សាហាវជាងនាង«ក»ទៅទៀត ប៉ុន្តែដោយសារនារីទាំង២ជាមនុស្សមានចំណេះដឹងខ្ពស់ មានបញ្ញាវាងវៃអាចទប់ស្កាត់និងបទល្មើសខុសប្រពៃណីមកលើរូបនាងទាំង២នាក់បាន ពោលគឺរើបម្រះទាត់ធាក់យកឈ្នះដៃទាល់តែរួចខ្លួន ។
ដោយឡែកករណីថ្មីៗដែលឈានទៅដល់ការចាប់ខ្លួនឈ្មោះសាន្ត តុងអា៊ង បញ្ជូនទៅតុលាការ គឺកាលពីល្ងាចថ្ងៃទី៤ សីហា ឆ្នាំ២០១២ ខណៈពេលដែលលោកអួន សាវ៉ាត់ អគ្គនាយកក្រុមហ៊ុនយូខេនវីន អត់នៅកន្លែងធ្វើការ ឈ្មោះសាន្ត តុងអ៊ាង ព្រាននារីដ៏សាហាវ បានចូលទៅក្នុងបន្ទប់ធ្វើការរបស់បុគ្គលិកនារីក្រុមហ៊ុនម្នាក់ឈ្មោះ«គ» ដែលជានារីរងគ្រោះទី៣ ដោយធ្វើសកម្មភាពចាប់នាងរំលោភទាំងកំរោលដោយមានទាំងសាក្សីឃើញឈ្មោះសាន្ត តុងអា៊ង ដើរចូលបន្ទប់នារីរងគ្រោះទៀតផង ។
ផ្តើមចេញពីករណីផ្ទុះផ្ទួនៗគ្នាដូចរៀបរាប់ខាងលើនេះ ទើបលោកអួន សាវ៉ាត់ អគ្គនាយកក្រុមហ៊ុនយូខេនវីន បានចេញមុខការពារបុគ្គលិកនារីរបស់ខ្លួន ដោយប្តឹងឱ្យសមត្ថកិច្ចនគរបាលខណ្ឌចំការមនចាប់ខ្លួនជនកំហូចខាងលើបញ្ជូនទៅតុលាការផ្តន្ទាទោសជនល្មើសទៅតាមច្បាប់យ៉ាងសុក្រឹត្យឥតលំអៀងឡើយ ។ នារីរងគ្រោះទាំង៣នាក់បានសំណូមពរតាមរយៈកោះសន្តិភាពសុំឱ្យតុលាការសាលាដំបូងរាជធានីភ្នំពេញចាត់ការលើសំណុំរឿងរបស់ពួកនាងឱ្យបានត្រឹមត្រូវតាមទម្រង់ច្បាប់ ដើម្បីរកយុត្តិធម៌ជូនពួកនាងផង ដែលទទួលរងការឈឺចាប់កប់ទុកក្នុងចិត្ត ស្ទើរនិយាយមិនចេញអស់មួយរយៈកន្លងមកនេះ ។ តាមពួកនាងរៀបរាប់ គឺម្នាក់ៗរងគ្រោះផ្លូវភេទ ដោយសារតែប្រុសព្រានខឹងនាងមិនព្រមប្រគល់ខ្លួនឱ្យ ក៏យកដៃខ្វេះកកាយ ធ្វើបាបនាងធ្ងន់ធ្ងរណាស់ ។
សូមបញ្ជាក់ថា មូលហេតុដែលឈ្មោះសាន្ត តុងអ៊ាង ហ៊ានធ្វើលើបុគ្គលិកខ្លួនឯងបានស្រេចតែចិត្តនោះ ដោយសារតែកន្លងមករូបគេជាមនុស្សមានតួនាទីជាអ្នកគ្រប់គ្រងក្រុមហ៊ុនយូខេនវីន ។ ប៉ុន្តែដោយសារអំពើថោកទាប និងបាបកម្មផ្ទាល់ខ្លួនដែលបានសាងឡើង ទើបលោកអួន សាវ៉ាត់ អគ្គនាយកក្រុមហ៊ុនយូខេនវីន មិនគាំទ្រ ហើយថែមទាំងជំរុញឱ្យតុលាការចាត់ការតាមច្បាប់ទៀតផង ៕
ចែករំលែកព័តមាននេះ