អតីតនាយករដ្ឋស៊ីរីដែលរត់ចោលជួរលោករីយ៉ាដ ហុីចាប ថ្លែងថា របបប្រធានាធិបតីបាចាអាល់អាសាដ កំពុងតែរលំរលាយទាំងខាងផ្លូវចិត្តទាំងខាងសេដ្ឋកិច្ចហើយលោកស្នើឱ្យបណ្តាអ្នកទទួលខុសត្រូវនាំគ្នាចាកចេញពីរបបនេះ ។ ពេលលេចមុខជាសាធារណៈលើកដំបូងនៅទីក្រុងអាម៉ង់រាជធានីហ្ស៊កដានី កាលពីថ្ងៃទី១៤ សីហា លោកហុីចាប ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថាកងទ័ពស៊ីរីត្រួតត្រាដែនដីរបស់ប្រទេសត្រឹមតែ៣០%ប៉ុណ្ណោះ ។ លោកនិយាយថាខ្ញុំស្នើដល់បណ្តាអ្នកទទួលខុសត្រូវស៊ីរីទាំងស៊ីវិលនិងទាំងយោធាឱ្យនាំគ្នារត់ចោលជួរ រួចហើយមករួបរួមជាមួយពួកប្រឆាំង ។
លោកហុីចាប បានរត់មកកាន់ប្រទេសហ្ស៊កដានីកាលពីថ្ងៃទី៨ សីហា រួមជាមួយសមាជិកគ្រួសារលោកជាច្រើននាក់ ។
ចំណែកទួរទស្សន៍រដ្ឋស៊ីរីគូសបញ្ជាក់ថា គ្រាប់បែកមួយគ្រាប់ដាក់ក្រោមរថយន្តស៊ីឡែន មួយគ្រឿងបានផ្ទុះបណ្តាលឱ្យមនុស្សយ៉ាងតិច៣នាក់ត្រូវរបួសក្នុងតំបន់ដែលមានកិច្ចការពារសន្តិសុខខ្ពស់ស្ថិតនៅជិតសេនាធិការដ្ឋានកងទ័ព និងសណ្ឋាគារ DAMA ROSE ជាកន្លែងស្នាក់នៅរបស់ពួកអ្នកសង្កេតការណ៍ អ.ស.ប ។ ក្រោយការផ្ទុះមានផ្សែងខ្មៅហុយទៅលើអាកាស ។
ចំណែករដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការអ៊ិស្លាម OCIបានស្នើកាលពីថ្ងៃទី១៣សីហាឱ្យបញ្ឈរជើងស៊ីរីក្នុងអង្គការនេះក្នុងឱកាសនៃកិច្ចប្រជុំ មួយនៅក្រុងឡាម៉ិចអារ៉ាប់សាអូឌីត ។
រដ្ឋមន្ត្រីទាំងនោះបានលើកឡើងពីសំណើនោះមុនពេលជួបគ្នា របស់មេដឹកនាំរបស់ប្រទេសទាំង៥៧ ជាសមាជិកOCI ដែលគ្រោងសម្រាប់ថ្ងៃទី១៤ និង១៥សីហា ។ សេចក្តីសម្រេចចិត្តជាផ្លូវការទាក់ទិននឹងរឿងនេះចាំបាច់ត្រូវការសំឡេងដល់ទៅ២ភាគ៣ហើយមានលទ្ធភាពខ្លាំងដែលបណ្តាមេដឹកនាំរបស់ OCI អនុម័ត ៕
ចែករំលែកព័តមាននេះ