ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្មាន់​​កាំភ្លើង​​ជិះ​រថយន្ត​ទំនើប​បាញ់​កក្រើក​​រាត្រី​កាលពី​ជាង​១​សប្តាហ៍​​មុន​ជា​ក្រុម​យោធា​កាង​ឡាន​ឈើ​

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ក្រុមខ្មាន់កាំភ្លើងវែង​ខ្លី​ដែល​ជិះរថយន្តទំនើប​បាញ់ផ្អើលប្រជា​ពលរដ្ឋ​ទាំង​​កណ្ដាល​អាធ្រាត្រ កាលពីជាង១សប្ដាហ៍​មុន​នេះ លើកំណាត់ផ្លូវជាយក្រុងមួយកន្លែង ស្ថិត​ក្នុង​ភូមិ​សាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់​ដំបង​នោះ ត្រូវ​បាន​ប្រភព​មួយ​ទម្លាយ​ឲ្យ​ដឹង​ថា ជា​ក្រុម​មន្រ្តីយោធាស៊ើបការណ៍​មកពីខេត្ត​ប៉ៃលិន ​និង​ជាក្រុមរកស៊ីកាងរថយន្តដឹក​ឈើ​ពេល​យប់ទៀតផង។

ប្រភពព័ត៌មាន​និយាយថា ក្រុមនោះជិះ​រថយន្ត​២គ្រឿង​ក្នុង​នោះមានរថយន្តម៉ាក​វីហ្គោ​១​គ្រឿងផង បានបាញ់បណ្ដាក់គ្នាជាច្រើនគ្រាប់ ដោយ​កាំភ្លើងធុន M16 និងកាំភ្លើងខ្លីធុន K59។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រុមនេះមានគេស្គាល់​ម្នាក់ឈ្មោះ «ថា» ពួក​គេជាយោធាកង​ស៊ើប​ការណ៍ តែមិន​បាន​បញ្ជាក់ថា ក្រុមប្រដាប់អាវុធ​ទាំង​នេះ​ជា​កង​ស៊ើបការណ៍​នៅអង្គភាពណាទេ ដោយគ្រាន់តែ​ប្រាប់ថា នៅ​ខេត្ត​ប៉ៃលិន ​ហើយ​សមាស​ភាពក្រុម​នេះ​ក៏ត្រូវបានគេស្គាល់ថា ជា​ក្រុម​រក​ស៊ី​​កាង​រថយន្តដឹក​ឈើ​ពេល​យប់​​ផង​ដែរ។ នៅយប់កើត​ហេតុ​នោះ ក្រុម​នេះ​បានជូន​រថយន្ត​​ដឹកឈើចូល​ក្នុងខេត្ត​បាត់​ដំបង ក្រោយ​ពី​ជូនដល់គោលដៅ​ពួកគេបាន​នាំ​គ្នាចូល​ទៅ​ច្រៀង​ខារ៉ាអូខេ នៅ​ហាង​មួយ​កន្លែង លុះចេញ​មក​វិញ ក៏នាំគ្នាបើករថយន្តត្រឡប់ទៅខេត្តប៉ៃលិនវិញ ខណៈម្នាក់ៗស្រវឹងធ្លាក់ភ្នែកទៅហើយ។

ប្រភព​ដែលសុំលាក់ឈ្មោះដដែលនេះបន្តថា ពេល​ដែល​ក្រុមនេះបើករថយន្តដល់​ចំណុច​រង្វង់​មូល​នាង​គង្ហីង ក្នុងភូមិសាលាបាឡាត់ បត់​ទៅ​​ស្ដាំ​​បាន​ប្រហែល៣០០ម៉ែត្រ ក៏នាំគ្នាឈប់​រថយន្ត​ចុះដកកាំភ្លើងវែង​ខ្លីបាញ់តែម្ដង។ ប៉ុន្តែ​ប្រភពនេះបានព្យាយាមលាក់បាំង​មិន​និយាយ​​ពី​ដំណើររឿងដែលនាំឲ្យ​មានការ​បាញ់​បោះ​សេរី​នោះ​ទេ គ្រាន់តែប្រាប់ថា ពួកគេបាញ់​លេង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕