ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋ​មន្ត្រី​ ស៊ុយ សែម សម្ពោធ​​សមិទ្ធ​ផល​​ជន​បទ​អំណោយ​ក្រុម​ការ​ងារ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ សមិទ្ធ​ផលជនបទនៅ​ស្រុក​បាកាន រួមមានផ្លូវក្រាលក្រួសក្រហម ស្រះ​ទឹក និង​ប្រឡាយទឹក​ដែល​ទើប​ស្ថាបនារួច​ជា​អំណោយ​របស់គណបក្សប្រជា​ជនក​ម្ពុជាបាន​ធ្វើ​ពិធីកាត់ខ្សែបូសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជា​ផ្លូវ​ការកាលពីព្រឹកថ្ងៃទី១៤ សីហា ២០១២ ក្រោម​អធិបតី​ភាពលោករដ្ឋមន្ត្រីស៊ុយ សែម ប្រធាន​ក្រុម​ការងារចុះជួយខេត្តពោធិ៍សាត់។

តាមរបាយការណ៍របស់លោកសៅ ដារឿន អភិបាល​ស្រុកបាកានឲ្យដឹងថា សមិទ្ធ​ផលដែល​ធ្វើពិធីកាត់​ខ្សែបូសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជា​ផ្លូវការនាពេលនេះមានផ្លូវលំក្រាល​ក្រួសក្រហម​ចំនួន​២ខ្សែប្រវែង៩២៥ម៉ែត្រនៅ​ភូមិទួលរគាំង និង​ភូមិព្រៃផ្ដៅ ស្រះទឹក១ និងស្ដារ​ប្រឡាយ​​ចាស់​ប្រវែង​៥.៩០៥ម៉ែត្រ នៅភូមិអូរបត់ ភូមិ​សំរោង​ពក ភូមិស្រះរុន ភូមិទួលរគាំង ភូមិ​ឧកញ៉ា​មាន់ និងភូមិស្ដុកឃ្លោក ដោយ​ប្រើ​ប្រាស់​គ្រឿង​ចក្រ និង​ប្រេងរបស់ក្រុមការងារ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា ចុះជួយខេត្តពោធិ៍​សាត់ ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី ស៊ុយ សែម អស់ចំនួន​៣.៥១០​លីត្រ។ ក្នុងការធ្វើផ្លូវ​ជីកស្រះ និងស្ដារ​ប្រឡាយនេះក៏មានការចូលរួម​កម្លាំង​ពល​កម្ម​យ៉ាង​មមាញឹក​ពីបង​ប្អូនប្រជាពល​រដ្ឋ​ក្នុង​ភូមិផង​ដែរ។

លោករដ្ឋមន្ត្រីក៏​បាន​ផ្ដាំផ្ញើ​សូមឲ្យប្រជាពល​រដ្ឋ​​ប្រើ​ប្រាស់និងថែរក្សាឲ្យបានគង់វង្ស ជំរុញកូន​ចូល​រៀនឲ្យបានគ្រប់គ្នា ដើម្បីចៀសផុតពី​គ្រោះ​អវិជ្ជា សូមកុំប្រើ​ប្រាស់គ្រឿងញៀន​កុំធ្វើចំណាក​ស្រុក កុំខ្ជិលច្រអូស ត្រូវខិតខំធ្វើស្រែ ដាំដំណាំ​ចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីផ្គត់​ផ្គង់ជីវ​ភាព​គ្រួសារ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕