រាជធានីភ្នំពេញ ៖ ខុន ស៊ីចាន់ មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ដែលជួបអ៊ុង ស៊ីណា មកពីក្លិបសិង្ហកីឡា នៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN នាថ្ងៃសុក្រទី១៧ សីហា សប្តាហ៍នេះនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់៥៧គីឡូក្រាម វគ្គជម្រុះក្នុងពូល B តើអ្នកណាមានសំណាងរកបាន៣ពិន្ទុបន្ថែមទៀត ។
នៅក្នុងពូល B ពេលនេះឈានចូលដល់សប្តាហ៍ទី៥ហើយសម្រាប់គូនេះទើបតែប្រកួតបាន៣លើក ក្នុងនោះឈ្នះ១ប្រកួត ចាញ់២ប្រកួត មាន៤ពិន្ទុដូចគ្នា ដូច្នេះពួកគេត្រូវការឈ្នះដើម្បីគេចឱ្យផុតពីការហាលខោ ប៉ុន្តែក្តីសង្ឃឹមរបស់ពួកគេមានតិចតួចណាស់ ព្រោះនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ហើយ ។
ចំណែកកីឡាករដែលស្ថិតក្នុងគូដណ្តើមខ្សែក្រវាត់ដែរនោះ គឺកីឡាករសំរិទ្ធ សុភាព មកពីក្លិបអប្សរាក្បាច់គុនខ្មែរ ជួបប្រកួតជាមួយកីឡាករគួន ប៊ុន ហ៊ីម មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ។ សំរិទ្ធ សុភាព ពេលនេះកំពុងឈរនៅលំដាប់លេខរៀងទី១ក្នុងពូល B ដោយសារការប្រកួតទាំង៣លើកកន្លងមករូបគេមិនធ្លាប់ស្គាល់ចាញ់ម្តងណាឡើយ និងមាន៩ពិន្ទុ ផ្ទុយពីកីឡាករគួន ប៊ុនហ៊ីម ដែលប្រកួតបាន៣លើកដូចគ្នា ប៉ុន្តែចាញ់ទាំង៣លើក ដូច្នេះវាសនារបស់គេមានតែផ្លូវហាលខោប៉ុណ្ណោះ បើទោះជាការប្រកួតលើកនេះឈ្នះ ឬចាញ់ក៏ដោយ។
រីឯគូប្រកួតមិត្តភាពវិញ កីឡាករភិរម្យ ភក្តី មកពីក្លិបរកាខ្នុរគុនខ្មែរបង្ក្រាបគ្រឿងញៀន ជួបប្រកួតជាមួយកីឡាករជ័យ ស៊ីនេត មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ។ ផុន ផុល មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ប្រកួតជាមួយនេន វណ្ណា មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ។ អារុណរះ មកពីក្លិបអេភូថងកីឡា ប្រកួតជាមួយខុន សីហា មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ និងកីឡាកររិទ្ធ ប្រាក់បិន មកពីក្លិបនិទានសែនជ័យ ប្រកួតជាមួយកីឡាករឌុច គង់ មកពីក្លិបពន្លឺវិបុល ៕


ចែករំលែកព័តមាននេះ