ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​សងសឹក​បីគូ​ប៉ះគ្នា​លើ​សង្វៀន​ទូរទស្សន៍បាយ័ន​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅថ្ងៃ​សុក្រ​ទី១៧ សីហា ​សប្តាហ៍​​នេះ ​កីឡាករ​ជើងខ្លាំង​ចំនួន៣​គូ​នឹង​ជួប​សង​​សឹកគ្នា​យ៉ាង​កក្រើកសង្វៀន​បាយ័ន​តែម្ដង ​ប៉ុន្តែ​ក្នុងចំណោម​ការប្រកួត​សងសឹក​ទាំង​បី​គូ​នោះ​ ជំនួប​សងសឹក​រវាងជើង​ខ្លាំងខាង​ប្រើ​កណ្ដាប់​​ដៃ​​កីឡាករ​ ​ពេជ្រ សម្បត្តិ ​និង​កីឡាករ​អ៊ុង ​វិរ​ៈ ​កំពុង​ទទួល​​ការ​ចាប់អារម្មណ៍​ខ្លាំង​ជាង​​គេ ខណៈដែល​២លើកមុន​កីឡាករ​ពេជ្រ ​សម្បត្តិ ធ្លាប់​រងការ​អាម៉ាស់​ចាញ់​​ក្រោ​ម​កណ្តាប់​​ដៃសិស្ស​ប្អូន​គឺ ​អ៊ុង វិរៈ រួចទៅហើយ​នោះ ។ អញ្ចឹង​ហើយ​​​ទើប​ម្នាក់​​ៗ​ជឿថា ជំនួបលើកទី៣​រវាង​កីឡា​ករ​ទាំងពីរ​សម្រាប់​លើកនេះ គឺពេជ្រ ​សម្បត្តិ ​ពិតជា​ការពារ​មុខ​មាត់របស់​ខ្លួន​ក្នុងការ​សង​សឹក​បាន​សម្រេច​ ​ដោយ​មិនឲ្យ​រងការ​បាក់​មុខ​​ជា​លើក​ទី​៣​ឡើយ ។

ទើបតែ​លេចលទ្ធ​ផលចាញ់​ឈ្នះ​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​សោះ​ ​កីឡាករ​​ជើងខ្លាំ​ង​បីគូ​ស្រាប់​​តែប្រកាស​​ឡើងសង​សឹកគ្នា​​ក្នុងជំនួប​លើ​សង្វៀន​បាយ័នសា​ជាថ្មី​ ​នៅរសៀល​ថ្ងៃ​សុក្រ​សប្តាហ៍​​នេះ ។ ​ការ​ប្រកួតសងសឹកទាំងបីគូនោះ ​ជំនួប​រវាង​កីឡាករ ពេជ្រ ​សម្បត្តិ ​មកពី​ក្លិបសមា​គម​កីឡា​​ប្រដាល់​​ក្រសួងការ​ពារជាតិ និង​កីឡាករ​អ៊ុង ​វិរៈ មក​ពី​ក្លិបកង​ពលតូច​​ឆ​ត្រ​យោង​៩១១ ​បាន​ធ្វើ​ឱ្យ​​មហាជន​ចាប់​អារម្មណ៍​​​ខ្លាំង​ជាង​គេ​បន្ទាប់ពី​កីឡាករ​​ ពេជ្រ ​សម្បត្តិ ដែល​ទើប​តែ​ចាញ់​ដោយ​ពិន្ទុ ​ក្រោមដៃ​របស់​កីឡាករ​អ៊ុ​ង ​វិរៈ លើកចុង​ក្រោយ​ក្នុងជំនួប​ប្រកួត​ជាមួ​យគ្នា​​កាល​ពីដើម​ខែមិថុនា ​មុននេះ​សោះ ស្រាប់តែ​សុំ​ឡើង​រេញ​ប្រកួតសង​សឹក​កីឡាករ​អ៊ុង ​វិរៈ ​ជា​ថ្មី​ម្ដង​ទៀត​នៅសង្វៀន​បាយ័ន​ដដែល​នាថ្ងៃ​សុក្រ​នេះ ។ ​លោក​នាង​ ស៊ីវត្ថា ​អ្នកដឹក​នាំកម្ម​វិធី​ប្រដាល់​ប្រចាំនៅ​ស្ថានីយ​​ទូរទស្សន៍​បាយ័ន​​បាន​ប្រាប់​កាល​ពីថ្ងៃអាទិត្យ​ថា​ ជំនួបជា​ថ្មី​រវាង​កីឡា​ករ​ទាំង​ពីរ​នេះ​​នឹងធ្វើ​ឲ្យមានការ​ភ្ញាក់ផ្អើល​មិន​តិច​ឡើយ ដោយសារ​តែមុនពេល​ធ្វើការ​ផ្គូ​ផ្គងទាំង​កីឡាករ​ពេជ្រ ​សម្បត្តិ ​និងគ្រូប​ង្វឹក​របស់​លោក​សុទ្ធ​តែបង្ហាញ​ពីសុទិដ្ឋិនិយម​ធំមួយ​ថា​នឹង​អាច​សង​សឹកកីឡាក​រអ៊ុង​ ​វិរៈ ​បានសម្រេច​ក្នុង​ការ​ប្រកួត​លើក​ទី៣នេះ​។ ​

ដោយឡែក​សម្រាប់​កីឡាករ​អ៊ុង វិរៈ វិញ​ក៏បង្ហាញឆន្ទៈ​ដូចគ្នា​ថា ​នឹង​រក្សា​តំណែង​ឈ្នះ​មិនឲ្យចាញ់​កីឡាករ​ពេជ្រ​ សម្បត្តិ ក្នុងជំនួប​សងសឹក​មួយនេះ​ទេ ​ទើប​លោក​រំពឹងថា​ការប្រកួតរវាងអ្នក​ទាំងពីរ​​នឹងធ្វើ​ឲ្យ​រញ្ជួយ​ពេញសង្វៀន​ទូរទស្សន៍​បាយ័ន​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នោះ​មិនខាន​​ ។ ទោះយ៉ាង​ណា លោកមិន​ហ៊ាន​ទស្ស​ន៍​​ទាយថា​ កីឡាករទាំងពីរ​តើអ្នកណា​​នឹង​ទទួល​ជ័យជម្នះ​លើអ្នកណា​​នៅឡើយ​ទេ ​ក្នុង​ពេល​ដែ​ល​កីឡាករ អ៊ុង វិរៈ និងពេជ្រ សម្បត្តិ សុទ្ធ​តែមាន​បច្ចេកទេស​ក្នុងការប្រកួត ​និងភាព​ប៉ិន​ប្រសប់​​ខ្ពស់ដោយឡែកៗ​ពីគ្នា​ធ្វើឲ្យ​មាន​ការ​ពិបាក​កំណត់ពី​លទ្ធផល​ចាញ់​-ឈ្នះ​​ ។

​តាម​ការកត់​សម្គាល់​កីឡាករ​អ៊ុង ​វិរៈ ​ថ្វីដ្បិត​តែ​មានដៃ​វែងជើង​វែង​ ​ហើយពូកែ​វាយ​​បក​បាន​រហ័ស ​តែកីឡាករ​រូបនេះ​​ហាក់នៅ​ស្ទើរ​ខាង​​​តិច​​និក​​​ក្នុងការ​ប្រកួត​នៅឡើយ ​ខ​ណៈ​ដែលកីឡាក​រ​ពេជ្រ សម្បត្តិ ​ក៏មានជំនាញ​ខាងប្រើ​កែង​បាន​រហ័ស និងអាចប្រើ​ជើងបានលឿន​ដែល​ពិបាក​ឲ្យ​កីឡាករ​អ៊ុង ​វិរៈ មើលស្រាល​ក្នុងជំនួប​សង​សឹក​មួយនេះ​ខ្លាំងណាស់​។ ​អុីចឹង​ហើយ ​ទើប​អ្នក​ស្នេហា​កីឡាប្រដាល់​កាន់តែ​ច្រើន​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​ចំពោះជំនួប​សងសឹក​ជាលើក​ទី៣ ​រវាង​កីឡាករ​ជើងខ្លាំង​ទាំងពី​រនេះ ​ដើម្បី​កំណត់​ឲ្យ​ដឹងថា ​តើអ្នកណា​​ខ្លាំង​​ពិតប្រាកដ​​ក្នុងការ​ប្រកួត​សងសឹក​នៅថ្ងៃសុក្រ​នោះ ។ យ៉ាង​ណា​​មិញ កីឡា​ករ​ពេជ្រ ​សម្បត្តិ ​ធ្លាប់ចាញ់​ក្រោមដៃ ​កីឡាក​រអ៊ុ​ង ​វិរៈ ​ដោយពិន្ទុ​ចំនួនពីរ​លើក​រួច​មក​ហើយ ពិសេស​ក្នុងជំនួប​ប្រកួត​ដណ្តើម​ពានរង្វាន់​អនុស្សាវ​រីយ៍របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន ​ដែល​ទើបតែ​បញ្ចប់កាល​ពីប៉ុន្មាន​សប្ដាហ៍​មុន​នោះ ។ ​

ដូច្នេះហើយ​ទើបការ​ប្រកួតក្នុង​ជំនួបលើក​នេះ​ មានអ្នក​ស្នេហាកីឡា​ប្រដាល់​ជា​​ច្រើ​ន​បង្ហាញ​ទំនោរ​លម្អៀង​ទុកជា​មុនថា កីឡាករអ៊ុង​ វិរៈ ​ពិត​ជា​ឈ្នះ ។ ​គាប់ជួន​​ការ​ប្រកួតលើក​នេះ​​មាន​លក្ខណៈ​ជាការប្រកួត​កម្ដៅសាច់​ដុំ​​របស់​កីឡាក​រអ៊ុង វិរៈ ​មុននឹង​ឡើងទៅ​ជួបប្រកួត​ជា​មួយ​កីឡាករ​វ៉ែន សុវណ្ណ មកពី​ក្លិបកង​កេង​ខេត្ត​បាត់​ដំបង ​ក្នុងគម្រោង​ដណ្ដើម​ឈ្នះ​ពិន្ទុដើម្បី​ទៅ​ជួប​ប្រកួត​ជាមួយ​កីឡាករ​អូត​ ភូថង ក្នុង​គម្រោង​​ដណ្ដើម​ខ្សែក្រវាត់​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​ផង​នោះ ​ទើបគេ​ជឿ​ថា​ ការ​ប្រកួត​នៅ​ថ្ងៃសុក្រ​នេះ ​គឺកីឡាករ​អ៊ុង ​វិរៈ ​មិន​អាច​បរាជ័យ​បាន​ឡើយ ។ ចាំមើល​តើ​​កីឡាករ​ណា​ម្នាក់​ក្នុងចំណោម​ពួក​គេ​អាចទទួល​ជ័យជម្នះ​លើ​សង្វៀន​ប្រដាល់​ក្នុងជំនួប​សងសឹង​ជាលើក​ទី៣​នេះ បើកីឡាករ​ពេជ្រ ​សម្បត្តិ ​ក៏អះ​អាង​ថា​នឹង​ឡើង​សងសឹក​ឲ្យបាន​សម្រេច ​ឯកីឡាករ​អ៊ុង ​វិរៈ ក៏​បញ្ជាក់ពី​ឆន្ទៈតាំ​ងពីមុនធ្វើ​ការផ្គូ​ផ្គង​ថា ​នឹង​រក្សាតំណែង​ឈ្នះឲ្យខាង​​តែ​បាន​ ​ដើម្បី​បង្កើន​ក្រេ​ឌីត​មុនដំណើរ​ឆ្ពោះទៅ​ប្រកួតជា​មួយ​កីឡាករ វ៉ែន​ សុវណ្ណ ក្នុង​អំឡុងសប្ដាហ៍​ខាងមុខៗ​​មិន​ឲ្យ​អ្នក​គាំ​ទ្រខក​បំណងដែរ​នោះ ។

ក្រៅពី​គូឯកមួយ​គូនេះ​ ​ការប្រកួត​ស៊ី​សាច់​ហុត​ឈាមសា​ជាថ្មី​រវាងកីឡាករ ថុល ​មករា មក​ពីក្លិប​ឃ្លាំង​មឿង​កីឡា និង​កីឡាករ ​កែវ ​វិរៈ ​មក​ពី​ក្លិបគជ​សារកីឡា​ក៏ត្រូវ​គេ​រំ​ពឹង​ថា ​នឹងធ្វើ​ឲ្យរញ្ជួយ​ពេញសង្វៀន​ប្រដាល់​នៅ​វេលា​ថ្ងៃសុក្រ​នោះ​ដែរ ។ គូខ្លាំង​ទាំងពីរ​នេះ​​ធ្លាប់​ធ្វើ​ឲ្យអ្នក​ទស្សនា​ស្រែកហ៊ោ​កញ្ជ្រៀវ​រួច​មក​ម្ដង​ហើយ​ក្នុងជំនួប​ជាមួយ​គ្នា ​កាលពី​ថ្ងៃ​ទី​១៦ ​មិថុនា ​កន្លងទៅ​ដោយពេល​នោះ កីឡាករ​កែវ ​វិរៈ បាន​ឈ្នះ​ពិន្ទុ​កីឡាករ ថុល ​មករា ហើយ​ធ្វើ​ឲ្យ​អ្នក​​ទស្សនា ​និងសាមី​ខ្លួនកីឡាករ​​រូបនេះ​ ចាញ់​ទាំង​មិន​​អស់ចិត្ត ។ ដូច្នេះ​ហើយ​ទើប​គេ​ម្នាក់​ៗកំពុង​​ទន្ទឹង​​រង់​ចាំ​​មើលថា ​តើកីឡាករ​ថុល មករា អាច​ឈ្នះ​កីឡាករ​កែវ ​វិរៈ ​ក្នុងជំនួប​សង​សឹក​ដែល​មាន​ន័យមិន​ខុស​ពីការ​ប្រកួត​ស៊ីសាច់​ហុត​ឈាម​ នា​ថ្ងៃសុក្រ​នេះបាន​ឬ​មិន​បាន​?

ដោយឡែក​ជំនួប​សង​សឹកមួយ​គូទៀត ក៏មិន​ជា​អន់​ជាងការ​ប្រកួត​របស់​កីឡាករ​ទាំងពីរ​គូ​ខាង​​លើ​ផងដែរ​ នោះគឺ​​ការ​​ប្រកួត​សងសឹក​គ្នា​រវាងកីឡាករ ឃឹម ​បូរ៉ា មក​ពីក្លិប​ភូមិគាប​ខេត្ត​បន្ទាយ​​មានជ័យ ​និង​កី​ឡាករ​ម៉ន ភារម្យ ​មក​ពី​ក្លិប​ព្រែក​ឯង ​ដែល​ក្នុង​ជំនួប​លើកទី១​កាលពី​ថ្ងៃ​ទី៥ ​សីហា កន្លង​ទៅ​នោះ​គឺកីឡាករ​ឃឹម ​បូរ៉ា ​បាន​​ចាញ់​ពិន្ទុ​កីឡាករ​ម៉ន ​ភារម្យ ​ដោយមិន​អស់​ចិត្ត​ដូចគ្នា​ដែរ ។

បន្ថែម​​ពីលើការ​​ប្រកួតសង​សឹកគ្នា​​នៅ​សង្វៀន​​ទូរទស្សន៍​បាយ័ន ​នាថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ ក៏​មាន​ការ​ប្រកួត​រវាង​កីឡាករ​រឹត ​កៅ ​បង្គោល​ក្រ​ហម​មកពីក្លិប​ខេមរ​ភូមិន្ទ​ ​និង​កីឡាករ​បង្គោល​​ខៀវខន ​វិចិត្រ ​មកពីក្លិប​រតនៈ​គិរី ក្នុង​ទម្ងន់​៤៨គីឡូ​ក្រាម ។ ​ការប្រកួត​រវាង ​កីឡាករ សួស ​សិលា ​មកពីក្លិប​រការខ្នុរ​គ្រឿង​ញៀន ​និង​កីឡា​ករស៊ិន ​សារ៉េត ​មកពី​ក្លិបកង​ពលតូច​ឆត្រ​យោង៩១១ ​ក្នុងទម្ងន់៦៣​គីឡូក្រាម​ និង​​​មួយ​គូចុង​ក្រោយ​ គឺជំនួប​រវាង​កីឡាករ​បង្គោល​ក្រហមចាន​់ សាឡុង ​មកពី​ក្លិប​និរោធ​មាន​ជ័យ និងកីឡាករ​កែវ លីហូរ ​បង្គោល​ខៀវ​មក​ពី​ក្លិប​​ដំបង​គ្រ​ញូង​​ខេត្តបាត់ដំបង ៕