ខេត្តបាត់ដំបង ៖ បុរសវ័យ២០ឆ្នាំម្នាក់ ដែលមានប្រពន្ធ និងកូន២នាក់ទៅហើយ បានផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនកាលពីថ្ងៃទី១៤ សីហា ក្រោយពីដឹងថា ឪពុកក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ដែលខ្លួនចាប់រំលោភកាលពីសប្តាហ៍មុននៅស្រុករតនមណ្ឌល ដាក់ពាក្យបណ្តឹង ។
អធិការរងស្រុករតនមណ្ឌលលោករស់ លឹមសឺន បានប្រាប់ថា ជនសង្ស័យនោះឈ្មោះវឿន សាវី អាយុ២០ឆ្នាំ មានប្រពន្ធ និងកូន២នាក់ រស់នៅភូមិក្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ។ ជននេះបានទៅស្នាក់នៅបណ្តោះអាសន្នជាមួយសាច់ញាតិនៅស្រុករតនមណ្ឌល ដើម្បីស៊ីឈ្នួលភ្ជួរចម្ការឱ្យគេ ។ ប៉ុន្តែត្រូវជាប់សង្ស័យថា បានចាប់រំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់អាយុ១៤ឆ្នាំ រហូតបានសម្រេចកាលពីទៀបភ្លឺថ្ងៃទី៨ សីហា នៅក្បែរផ្ទះរបស់នាងក្នុងគ្រាដែលនាងចុះមកបត់ជើងតូចនៅខាងក្រោមផ្ទះ ។ លោកអធិការរងបន្តថា នៅថ្ងៃទី១២ សីហា ឪពុករបស់នាងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្រោយពីដឹងរឿងអាស្រូវនេះ ។ លុះនៅថ្ងៃទី១៤ សីហា ឈ្មោះវឿន សាវី បានផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនតែម្តង ដោយសារខ្លាចជាប់គុកខ្មាសគេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ