យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រញូអេស៊ី ចេញផ្សាយកាលពីថ្ងៃពុធទី១៥ សីហា ឆ្នាំ២០១២ បានឱ្យដឹងថា លោកមូហាម៉េដ ប៊ីនហាម៉ាម អតីតប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី បានបង្ហាញពីគោលជំហររបស់លោកថា លោកនឹងធ្វើការតវ៉ាជាមួយស្ថាប័នបាល់ទាត់អន្តរជាតិ FIFA ដែលបានដាក់បំរាមរូបលោកមិនឱ្យចូលប្រឡូកក្នុងវិស័យបាល់ទាត់មួយជីវិត។
លោកប៊ីនហាម៉ាម បាននិយាយថា ខ្ញុំនឹងជម្រះបញ្ជីជាមួយសហព័ន្ធបាល់ទាត់ FIFA ឱ្យបានច្បាស់លាស់នៅពេលដែលពួកគេបើកការស៊ើបអង្កេតមកលើរូបខ្ញុំ ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ ប៊ីប៊ីស៊ី លោកប៊ីនហាម៉ាម បាននិយាយថា ក្រុមមេធាវីរបស់ខ្ញុំបានរៀបចំសំណុំឯកសាររួចរាល់ហើយដើម្បីប្តឹងជំទាស់ទៅសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី និងសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ។ អតីតប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ីវ័យ៦៣ឆ្នាំរូបនេះ ជារឿយៗតែងតែបន្ទោស FIFA ថា ការដាក់ទណ្ឌកម្មមកលើរូបលើគឺជារឿងនយោបាយទៅវិញ ។
គួររំលឹកដែរថា លោកប៊ីនហាម៉ាម ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ដាក់បម្រាមមួយជីវិតមិនឱ្យចូលប្រឡូកក្នុងវិស័យបាល់ទាត់ បន្ទាប់ពីរកឃើញកំហុសផ្តល់សំណូកជិត១លានដុល្លារឱ្យទៅប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកក្នុងយុទ្ធនាការជ្រើសរើសតំណែងប្រធាន FIFA កាលពីឆ្នាំទៅម៉ិញ ៕
ចែករំលែកព័តមាននេះ