ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​​ស៊េរី​​ណា វី​​លៀម​​ឈ្នះ​​ជុំ​​បើក​​ឆាក​​ប្រ​កួត​​វាយ​​កូន​បាល់​ Western ​& ​Southern Open​នៅ​​អា​​មេ​រិក​

13 ឆ្នាំ មុន

កីឡា​កា​រិ​នី​​អា​​មេ​រិក​​ស៊េ​រី​​ណា វី​​លៀម​​នៅ​តែ​​រក្សា​​បាន​​នូវ​​ភាព​​ខ្លាំង​​របស់​ខ្លួន​​​ជា​ដដែល​ដោយ​នាង​បាន​យក​ឈ្នះ​ការ​ប្រ​កួត​ជុំ​បើក​ឆាក​កម្ម​វិធី Western & Southern Openកាល​ពី​ថ្ងៃ​អង្គារ​ទី​១៤​សី​ហា​កន្លង​មក​នេះ ។ នៅ​លើ​ទី​លាន Lindner Family Tennis Centerស្ថិត​ក្នុង​ក្រុង Masonរដ្ឋ​អូ​ហៃ​យ៉ូ​ សហរដ្ឋ​អា​មេរិក ស៊េរី​ណា​បាន​បំ​បាក់​កីឡាការិនី​ក្រិក Eleni Daniilidouក្នុង​លទ្ធផល​២សិត​ទល់​នឹង​សូន្យ​គឺ​ ៦-៣​និង​៦-៤ ។

​នាង​បាន​ថ្លែង​ថា ៖«ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ទៅ​រួច​សម្រាប់​ការ​ប្រ​កួត​លើក​នេះ ។ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើឱ្យ​មាន​កំហុស unforced errorsដល់​ទៅ​៤២​ ។ វា​ពិត​ជា​រឿង​គួរ​ឱ្យ​រន្ធត់​។ មើល​ទៅ​ហាក់​ដូចជា​លទ្ធផល​នេះ​មិន​មែន​ជា​របស់​កីឡាការិនី​អា​ជីព​នោះ​ទេ ។ សង្ឃឹម​ថា ប្រ​កួត​លើក​ក្រោយ​ទៀត​ ខ្ញុំ​នឹង​​បំ​បាត់​ឱ្យ​អស់​នូវ​កំ​ហុស​ទាំង​នេះ »។​

ចំណែក​នាង​វេនីស វី​លៀម​ដែល​បាន​យក​ឈ្នះ​មេដាយ​មាស​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​លើ​ផ្នែក​វាយ​គូ​ក៏​បាន​ឈាន​ចូល​ទៅ​ជុំ​បន្ត​ផង​ដែរ​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាការិនី​រុស្ស៊ី ម៉ា​រី​យ៉ា គី​រី​ឡឹន​កូ​ក្នុង​លទ្ធផល ៦-៣,៦-៧​និង​៦-២ ។  ប្រ​កួត​លើក​នេះ វេនីស​ប្រើ​សឺ​វីស​ខ្លាំង​ចំ​នួន​១១​លើកខណៈ​នាង​គី​រី​ឡឹន​កូ​ប្រើ​បាន​តែ​៥លើក ។ យ៉ាង​ណា​ក៏​ដោយ​ វា​មិន​មែន​ជា​លទ្ធផល​ដែល​ទទួល​បាន​ដោយ​ងាយ​ស្រួល​នោះ​ទេ ។ វេនីស​បាន​ចំ​ណាយ​ពេល​អស់​ដល់​ទៅ​ជាង​២​ម៉ោង​ទើប​អាច​បញ្ចប់​ការ​ប្រ​កួត​បាន ។

​នាង​បាន​ថ្លែង​ថា ៖«គី​រី​ឡឹន​កូ​វាយ​សឺ​វីស​បាន​ល្អ​ខ្លាំង​ណាស់ ។ នៅ​ពេល​ដែល​នាង​ធ្វើ​បាន​ល្អដ​ូច្នេះ ខ្ញុំ​ត្រូវ​តែ​ប្រុង​ស្មា​រតី​ឱ្យ​បាន​ខ្ពស់​បំ​ផុត​ តែ​ស្មារតី​របស់​ខ្ញុំ​បាន​ធ្លាក់​ចុះ​បន្តិច​ក្នុ​ង​សិត​ទី​៣​»​។​វេនីស​បាន​ទទួល​ស្គាល់​ថា ពិន្ទុ​នៅ​ក្នុង​វគ្គ​បន្ថែម​ម៉ោងនៃ​សិត​ទី​២​ពិត​ជា​បាន​ជួយ​នាង​ឱ្យ​ឈ្នះ​ការ​ប្រ​កួត​នេះ ។« ខ្ញុំ​គិត​ថា ប្រ​កួត​លើក​នេះ ខ្ញុំ​សង្កត់​ធ្ងន់​ខ្លាំង​ទៅ​លើ​ការ​វាយ​សឺ​វីស »។

លទ្ធផល​ប្រ​កួត​គូ​ផ្សេង​ទៀត​មាន​ដូចជា កីឡាការិនី​អូ​ស្ត្រា​លី​សាម៉ាន់​ថា ស្តូ​សួ​ឈ្នះ​កីឡាការិនី​អេស្ប៉ាញ Anabel Medina Garrigues​​​ក្នុង​លទ្ធផល​ ៦-៣,៦-៧​និង​៦-៤។ ថ្លែង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រ​កួត​ដែលមាន​រយៈ​ពេល​២ម៉ោង​និង​៣៧​នា​ទី​​ ស្តូ​សួ​បាន​បញ្ជាក់​ថា ៖«ខ្ញុំ​គិត​ថា ខ្ញុំ​នៅ​តែ​អាច​លុប​ចោល​ចន្លោះ​ប្រ​​ហោង​នោះ​បាន​តិច​តួច​ប៉ុណ្ណោះ» ៕