លោកបុនសុងកូវ៉ាវីសារ៉ាត និយាយថា លោកបានសម្លាប់ដោយគ្រាប់កាំភ្លើងនូវអតីតភរិយារបស់លោកក្នុងឱកាសហូបបាយល្ងាចមួយក្នុងគ្រួសារ ។ ព្រឹទ្ធសមាជិកថៃរូបនេះអះអាងកាលពីថ្ងៃទី១៤ សីហាថានោះជារឿងចៃដន្យមួយដែលកើតឡើងពេលលោកដកកាំភ្លើងមួយដើម ដែលលោកទើបនឹងទិញបង្ហាញអតីតភរិយារូបនេះ ។ លោកអាចមានទោសជាប់គុក១០ឆ្នាំដោយសាររឿងនោះ ។
ពេលទទួលទានអាហារពេលល្ងាចជាមួយសមាជិកគ្រួសារជាច្រើននាក់ក្នុងខេត្ត PHRAE ភាគខាងជើងប្រទេស លោកកូវ៉ាវីសារ៉ាត អាយុ៥៦ឆ្នាំ កាលពីយប់ថ្ងៃទី១២ សីហាកន្លងមកនេះ បានបាញ់កាំភ្លើងខ្លីធុន UZI ទំហំ៩មីល្លីម៉ែត្រ មួយគ្រាប់ត្រូវលោកស្រីចាណាកាន ដេតកាដ អាយុ៤៦ឆ្នាំ ។ ត្រូវគ្រាប់ត្រង់ពោះ លោកស្រីចាណាកាន ដេត កាដ បានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ព្រឹទ្ធសមាជិករូបនេះនិយាយថា នេះជារឿងចៃដន្យមួយ ។ ខ្ញុំគ្រាន់តែបង្ហាញកាំភ្លើងខ្លីដែលខ្ញុំទើបទិញបានដល់គាត់ប៉ុណ្ណោះ ។ គាត់រស់នៅជាមួយម្តាយព្រមទាំងកូនស្រី២នាក់ ។ ខ្ញុំចង់ទិញកាំភ្លើងនោះឱ្យដល់អតីតភរិយាព្រោះខ្ញុំបារម្ភដល់សន្តិសុខដែលក្នុងផ្ទះមានសុទ្ធតែនារី ។
ប៉ូលិសបញ្ជាក់ថា ព្រឹទ្ធសមាជិករូបនេះដែលពុំទាន់ចាប់ខ្លួនព្រោះអភ័យឯកសិទ្ធិសភាមានជំងឺខូចមួយចំហៀងខ្លួនខាងធ្វេង ។ ពេលប្រជុំសភាដកអភ័យឯកសិទ្ធិព្រឹទ្ធសមាជិករូបនេះនឹងត្រូវជាប់ចោទពីបទសម្លាប់មនុស្សដោយអចេតនាដែលលោកអាចមានទោសជាប់គុក១០ឆ្នាំ ៕
ចែករំលែកព័តមាននេះ