ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូកាអីុនជិត​១៣​គីឡូ​ក្រាម​ត្រូវគយ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ បង្ក្រាប​​បាន​ជាលើក​ទី​៤

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ប្រទេស​តាម​អាកាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​ភ្នំពេញ ត្រូវ​​បាន​ការិយា​ល័យ​​គយ និង​រដ្ឋា​ករ​អាកាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​ភ្នំពេញ ប​ង្ក្រាប​​ជា​បន្ត​បន្ទាប់​​ក្នុង​ខែ​សីហា ២០១២ ​នេះ ហើយ​ការ​បង្ក្រាប​​គ្រឿង​ញៀន​ថ្មី​មួយ​ទៀត​ដែល​ជា​ករណី​ទី​៤ ​ត្រូវបាន​បង្ក្រាប​​ និងចាប់​ឃាត់​ខ្លួន​ស្ត្រី​ជន​ជាតិ​ថៃ​​ម្នាក់ និង​ដក​ហូត​ម្សៅ​​កូកាអីុន​ជិត​១៣​គីឡូ​ក្រាម ​នៅ​ចំណុច​ច្រក​អ្នក​​ដំណើរ​​កាល​ពីវេលា​ម៉ោង​១១​និង​១៨​នាទី​ព្រឹក​ថ្ងៃទី​១៤ សីហា ២០១២។

​មន្ត្រី​នគរបាល​​ប្រចាំ​​ការ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឱ្យ​ដឹងថា កាលពី​​ព្រឹកថ្ងៃ​ខាង​លើម​ន្ត្រីគយ​​នៃ​ការិយា​ល័យ​​គយ និង​រដ្ឋា​ករ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ចំណុច​ច្រក​អ្នក​​ដំណើរ​​មក​ដល់​បាន​​ចាប់​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ BUCHA PREEDAPORN ជា​ជនជាតិ​ថៃ អាយុ​៣៥​ឆ្នាំ ​កាន់​លិខិតឆ្លង​ដែន​លេខ​ បេ៦០៧៤៨៩ ស្ត្រី​នេះ​​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​លេខ​ MI 622 សិង្ហ​បុរី-ភ្នំពេញ ។ បន្ទាប់​ពី​​ឃាត់​ខ្លួនសមត្ថ​កិច្ច​​គយ​​បាន​នាំ​ស្ត្រី​​ជនជាតិ​ថៃ​​ទៅ​យក​វ៉ាលីស និង​​ឆែ​កឆេរ​​​​រក​ឃើញ​​ម្សៅ​ពណ៌ស ចំនួន​​១០​ដុំ​​ដែល​គេ​លាក់​ទុក​នៅ​បាត និង​ជញ្ជាំង​វ៉ាលីស ។ ​យោង​តាម​​សមត្ថ​កិច្ច​​ជំនាញពិនិត្យ​ទៅ​​លើ​ម្សៅ​​ពណ៌ស ដែល​​​ស្ត្រី​ជន​ជាតិថៃ​នាំ​ចូល​មក​នោះ​បាន​បញ្ជាក់​ថា ​ជា​ម្សៅ​​កូកា​អីុន​មាន​ទម្ងន់​១២​គីឡូ​៨៩៩,៤​ក្រាម ​។ គ្រឿងញៀន​​នេះ​ពួក​ឧក្រិដ្ឋ​​ជន​មាន​គោល​បំណង​​នាំ​ចេញ​ទៅ​ប្រទេសថៃ ហើយ​​​កម្ពុជា​គ្រាន់តែ ​ជាតំបន់​ឆ្លង​កាត់​ប៉ុណ្ណោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕