ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្វ្រិក​​​ខាងត្បូង ៖ ប៉ូលិស​​ពង្រាយ​​​កម្លាំង​នៅ​​អណ្តូង​​​រ៉ែ​​ដែល​មាន​ការ​​​បង្ហូរ​​ឈាមគ្នា​

13 ឆ្នាំ មុន

កាលពី​ថ្ងៃទី​​១៤សីហា​ ប៉ូលិស​អាហ្វ្រិក​​ខាង​ត្បូង​បាន​ដាក់​​​ពង្រាយ​​​​កម្លាំង​​​​​​នៅ​ឯអណ្តូង​​​រ៉ែ​​​ប្លា​ទីន​​​មួយ​​ដែល​នៅទីនោះ​​​កើត​មាន​ការ​​ប៉ះ​ទង្គិច​​​​បង្ហូរឈាម​គ្នា​កាលពី​​​​ថ្ងៃទី​១២ សីហា​កន្លងមក​​នេះ បណ្តាល​​ឱ្យ​​មនុស្ស​​​ស្លាប់​​​​១០​នាក់​​​ ។ កងកម្លាំង​​​ប៉ូលិស​​ប្រដាប់​អាវុធ​និង​បណ្តា​ឧទ្ធម្ភាគ​ចក្រ​​​​​ប៉ូលិស​​ត្រូវ​បាន​​ដាក់ពង្រាយ​​​ច្រើន​​​នៅឯទីតាំង​អណ្តូង​រ៉ែ​​ម៉ារី​កាណា​ ជិត​​ក្រុង​ RUSTENBURG ភាគ​​​ពាយ័ព្យ​​ប្រទេស​ដែល​​​​អណ្តូង​រ៉ែ​នោះ​​គ្រប់​គ្រង​​​ ដោយ​​​ក្រុម​​​ហ៊ុន​ផលិត​​ប្លាទីន​ធំជាង​គេ​ទី៣​លើ​​ពិភព​​លោក​​គឺ​​​​ក្រុម​​ហ៊ុន​  LONMIN  ។

​វិទ្យុ​​៧០​២​របស់​​អាហ្វ្រិក​​​ខាង​ត្បូង​​រាយ​ការណ៍​​​​​ថា សាក​សព​​​មនុស្ស​​​​ម្នាក់​​ដែល​​​ទើប​ត្រូវ​គេ​បាញ់​​សម្លាប់​​​ថ្មីៗ​ត្រូវ​បាន​​​​រកឃើញ​​​កាលពី​​ថ្ងៃទី១៤  សីហា នៅ​​ TOWNSHIP ក្បែរ​​​អណ្តូង​​​រ៉ែ​​​នោះ​ ។ ​ក្នុង​ការ​​​​ប៉ះទង្គិចគ្នា​មួយ​កាលពី​​​ថ្ងៃទី​​​១៣  សីហា​​​​កន្លង​​មក​នេះ​រវាង​​​ពួក​​កម្មករ​​​រ៉ែ​ និង​ប៉ូលិស​​ដែល​ប៉ុនប៉ង​ស្តារ​របៀប​​រៀប​រយ​​ឡើងវិញ​ មនុស្ស​៣​នាក់​​ត្រូវ​បាញ់​ស្លាប់​​ដោយ​ប៉ូលិសដែល​​​លើក​ហេតុ​​​ផលពី​កិច្ច​ការពារ​​​ខ្លួន​ស្រប​ច្បាប់​ហើយ​ឆ្មាំ​សន្តិសុខ​២​នាក់​ត្រូវ​គេ​វាយ​​​សម្លាប់ ។  កាលពី​ចុង​​សប្តាហ៍​​កន្លងមក​នេះ ឆ្មាំសន្តិសុខ​​​២​នាក់​​ស្លាប់​​ពេល​​គ្រាប់​បែក​​​​ភ្លើង​​​មួយត្រូវ​​បាន​​គប់​​​មក​លើ​​រថយន្ត​ពួក​​​គេហើយ​​កម្មកររ៉ែ​​២​នាក់​​ក៏ត្រូវ​​​ស្លាប់​​ដែរ ។​

​ផលិត​កម្ម​ប្លាទីន​ក្នុង​​​​អណ្តូង​រ៉ែ​​នោះត្រូវ​​​​ស្ទះ​​​​ចាប់តាំងពី​​ថ្ងៃទី១០ សីហា​មក​ក្រោយ​កូដកម្ម​​ខុស​ច្បាប់​​​មួយ​និង​ការ​កើន​ឡើង​នៃ​​អំពើ​​ហិង្សា​ព្រម​ទាំង​​ការ​បំភ័យ ។​​អណ្តូង​រ៉ែ​ទាំងឡាយ​​របស់​អាហ្វ្រិក​​​ខាង​ត្បូង​​​ធ្លាប់​ជួបប្រទះ​​​ជាច្រើន​លើក​នូវ​ការ​​ប៉ះទង្គិច​​​​​បង្ហូរ​​ឈាមគ្នា​កាលពី​គ្រា​កន្លងមក​ ពិសេស​ពេល​​កម្មករ​ដែល​ស្ថិត​ក្នុង​​​សហជីព​​​មួយ​ចំនួន​​បដិសេធ​មិន​​ព្រម​​​ធ្វើ​​តាម​ការ​អំពាវ​នាវ​​ឱ្យ​​ធ្វើ​​​កូដកម្ម​របស់​​​​​សហជីព​​​ដទៃៗ​ទៀត​​ឬ​បដិសេធ​​ពុំ​ព្រម​​​​បញ្ចប់​​កូដ​​កម្ម ៕​