ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេឃុំ​ញ៉ាង ដើរ​​​ឆ្លង​ផ្លូវ​​​​រថយន្ត​​បុក​ស្លាប់​

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖​​ ​លោក​មេ​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ​​ខេត្ត​រតន​គិរី បា​​ន​ស្លាប់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ច​រាចរណ៍​​​មួយ​លើ​ផ្លូវ​ជាតិលេខ​៧ ក្នុងភូមិ​​កាប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១២ សីហា ខណៈ​កំពុង​​ដើរ​​ឆ្លង​ផ្លូវ​​​ត្រូវ​រថយន្ត​​សាំ​យ៉ុង​បុក​ចំពី​មុខ ។ ជន​រង​គ្រោះ​​​ឈ្មោះ​សេវ ពើង អាយុ​៦០​ឆ្នាំ ជា​មេ​ឃុំ​​​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្តរតន​គិរី ​បាន​ស្លាប់​​បន្ទាប់​ពី​រថយន្ត​សង្គ្រោះ​​របស់​នគរ​​បាល​​​​ដឹក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​​​​បាន​ពី​រ​ម៉ោង​​ ។

មន្ត្រី​នគរ​បាល​ចរាចរ​​បាន​និយាយ​ថា នៅ​ថ្ងៃ​កើត​ហេតុ​ ​លោក​មេឃុំ​បា​ន​នាំ​ប្រពន្ធ​​ទៅ​ព្យា​បាល​ជំងឺ​​នៅ​រាជ​ធានី​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​តាក់​ស៊ី​​ លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​​ខាង​លើ រថយន្ត​តាក់​ស៊ី​​បាន​ឈប់​ដើម្បី​​ឱ្យ​អ្នក​ដំណើរ​បត់​​​ដៃ​បត់ជើង​នៅ​ចំណុច​ព្រៃ​ដាច់​ស្រយាល​​ពី​ទី​ប្រជុំ​ជន ។ នៅ​ពេល​រថយន្ត​តាក់​ស៊ី​ឈប់​​ លោក​មេ​ឃុំ​​បាន​ដើរ​​ឆ្លង​ថ្នល់​​សំដៅ​ទៅ​ព្រៃ​ម្ខាង​​ដើម្បី​បត់​ជើង​តូច​ ក៏​ត្រូវ​​រថយន្ត​សាំ​យ៉ុង​ ពណ៌​ស បុក​ចំ​ពី​មុខ​ពេញ​ទំ​ហឹង​​បណ្តាល​ឱ្យ​​លោក​មេ​ឃុំ​​ផ្លោង​​​បោក​​នឹង​ថ្នល់​រង​របួស​ធ្ងន់​​ ហើយ​ក៏​ត្រូវ​រថយន្ត​សង្គ្រោះ​​​របស់​នគរ​បាល​ដឹក​ទៅ​​​សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ​ខេត្ត​​ភ្លាម​ៗ​ដែរ តែ​ដោយ​​​អាការ​​ធ្ងន់ពេក​​​​ ក៏បាន​ស្លាប់​​បាត់​បង់​​ជីវិត បន្ទាប់​​ពី​បញ្ជូន​​ទៅ​ដល់​មន្ទីរ​ពេទ្យ​​បាន​​រយៈ​ពេល​ជាង​២​ម៉ោង​​ ។

ប៉ូលិស​​ចរាចរ​​បានឱ្យ​ដឹង​​ថា បន្ទាប់​ពី​កើត​ហេតុ អ្នក​បើក​​​រថយន្ត​​បង្ក​​បាន​រត់​គេច​ខ្លួន​​​បាត់ ហើយ​​​សព​​​ត្រូវ​​បាន​ក្រុម​គ្រួសារ​​​ដឹក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី​​ នៅ​ឯ​ស្រុក​កំណើត​​ ។​ ចំណែក​​រថយន្ត​បង្ក​​ហេតុ​ត្រូវ​​សមត្ថ​កិច្ច​យកទៅរក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាននគរ​​​បាល​ខេត្ត​​ដើម្បី​​​ដោះ​ស្រាយ​​តាម​នីតិវិធី ៕