ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​វៀត​ណា​ម​ប្លន់​ម៉ូតូ​​រត់​មិន​រួច​ត្រូវ​ចាប់​ខ្លួន​​1​ថ្ងៃ​ក្រោយ​មក​

13 ឆ្នាំ មុន

ខេត្ត​រតន​គិរី ៖​​ ​ជន​២​នាក់​បាន​​​ហៅ​ម៉ូតូ​ឌុប​​ជិះទៅ​ធ្វើ​ការ​​ លុះ​ដល់​ពាក់​កណ្តាល​​ផ្លូវ​​ក៏​​ធ្វើ​សកម្ម​ភាព​​ប្លន់​​ តែ​អត់​បាន​សម្រេច​​ទេ​ និង​​ត្រូវ​ប៉ូលិស​​ចាប់​ដាក់​​ខ្នោះ​ ។ ហេតុ​ការណ៍​នេះ​​ បាន​កើត​ឡើង​​កាល​ពី​ថ្ងៃទី​១១ ​​សីហា វេលា​ម៉ោង​​២ និង​១០​នាទី​​រសៀល​​ នៅ​ចំណុច​​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​ដែល​មាន​ដើម​ស្វាយ​ចន្ទី​​ច្រើន​ ស្ថិត​ក្នុង​​ភូមិ​​ម៉ាលិក​ ឃុំ​ម៉ាលិក​​ ស្រុក​អណ្តូង​មាស ។

ទាក់​ទិន​​នឹង​ហេតុ​ការណ៍​​ខាង​លើ​ ត្រូវ​បាន​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​​ខេត្ត​​ឱ្យ​ដឹង​ថា អ្នក​រត់​ម៉ូតូ​ឌុប​​ឈ្មោះ​សុខ ហ៊ិ​ន​ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទី​លំ​នៅ​​ភូមិ​​ជ័យ​ជម្នះ​​​ សង្កាត់​​ឡា​បាន​សៀក ក្រុង​បាន​លុង ឯ​ម៉ូតូ​​ដែល​ក្រុម​​ចោរ​ប៉ុន​ប៉ង​ប្លន់​ធុនសេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ។ ​ជន​សង្ស័យ​២​នាក់​នេះ គឺ​ជា​ជន​ជាតិ​វៀត​ណាម​ ត្រូវ​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​​បាន​នៅ​ថ្ងៃទី​​១២ សីហា វេលា​ម៉ោង​​១១ និង​៥៥​នាទី​ព្រឹក​​​ នៅ​ចំណុច​​ចម្ការ​​ស្វាយ​ចន្ទី​របស់​អ្នក​ភូមិ​​ ស្ថិត​នៅ​ភូមិ​​​លោម ឃុំ​​ម៉ាលិក​ ស្រុក​អណ្តូង​​មាស​ ។ ​​ជន​​សង្ស័យ​ជា​ជន​ជាតិ​​វៀត​ណាម​នេះ​​ ​ម្នាក់​ឈ្មោះ​​ង្វៀន ​វ៉ាន់​បាក​ ភេទ​​ប្រុស​​អាយុ​​១៧​ឆ្នាំ ​និង​ម្នាក់​ទៀត​​ឈ្មោះ​​ង្វៀន​ ​មីង ភេទ​ប្រុស ​អាយុ​​២៣​ឆ្នាំ ​ពួក​គេ​​មាន​ស្រុក​កំណើត​​នៅ​​ប្រទេស​វៀត​ណាម​ ។

​ក្រោយ​ពី​ត្រូវ​​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​បាន​ ជន​សង្ស័យ​​សារ​​​ភាព​ថា ​បក្ស​ពួក​​ខ្លួន​មាន​​​​គ្នា​​តែ​​​​២​នាក់​​ទេ  ហើយ​​មក​​ខេត្ត​​រតន​គិរី​​ធ្វើ​ជា​កម្មករ​​ដាំ​កូន​កៅ​ស៊ូ​​ឱ្យ​ក្រុម​ហ៊ុន​​វៀត​ណាម​​មួយ​ ​។ ក្រោយ​​ពី​​​ធ្វើ​​​កម្មករ​​បាន​​១​ខែ​​មក​​ក៏​ឈប់​​ រួច​​នាំ​គ្នា​​ទៅ​​ខេត្ត​ព្រះ​សីហនុ​​​បាន​​១ខែ​ ក៏​​ត្រឡប់​​មក​ខេត្ត​រតន​គិរី​​វិញ និង​​​ជួល​ម៉ូតូ​​ឌុប​ខាង​លើ​ជិះ​ក្នុង​​តម្លៃ​៥​ម៉ឺន​រៀល ដើម្បី​រក​ការ​ងារ​ធ្វើ​​​តាម​ក្រុម​ហ៊ុន​នៅ​ក្នុង​ស្រុក​​អណ្តូង​មាស ។ លុះ​ពេល​​ទៅ​ដល់​​ពាក់​កណ្តាល​​ផ្លូវ​​ឃើញ​មាន​សភាព​​ស្ងាត់​​ឱកាស​ល្អ​ក៏​​ធ្វើ​សកម្ម​ភាព​ប្លន់​ម៉ូតូ​​តែ​ម្តង ដោយ​​​ប្រើ​កូនកាំ​បិត​​ចុង​ស្រួច​ចាក់​ម្ចាស់​ម៉ូតូ​​ ហើយ​​ម្ចាស់​ម៉ូតូ​ដែល​រង​របួស​​បាន​ស្រែក​ឆោ​ឡោ​​ហៅ​​អ្ន​ក​ភូមិ​​ឱ្យ​ជួយ។ ដោយ​សារ​តែ​មាន​ការ​​ស្លន់​ស្លោ​​ពួក​ខ្លួន​ក៏​ផ្តួល​​ម៉ូតូ​ចោល​ ហើយ​រត់​​ចូល​ព្រៃ​​គេច​ខ្លួន​ ប៉ុន្តែ​​​​បាន​តែ​មួយ​យប់​ក៏​​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​បាន ។ជន​សង្ស័យ​​ទាំង​២​នាក់​ខាង​លើ​ ត្រូវ​បាន​​សមត្ថ​កិច្ច​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ ៕