រាជធានីភ្នំពេញ ៖ អំណោយសប្បុរសធម៌របស់មូនិធិ KHALIFA BIN ZAYED AL NAHYAN FOUNDTION ដែលផ្តល់តាមរយៈស្ថានទូតអារ៉ាប់រួមអេមីរ៉ាតប្រចាំទីក្រុងបាងកក ប្រទេសថៃ ត្រូវបានធ្វើពិធីចែកជួនដល់ប្រជាពលរដ្ឋអ៊ិស្លាមក្រីក្រចំនួន៤០០គ្រួសារនៅក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឧកញ៉ាអូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍមូស្លីមកម្ពុជា ។
ពិធីនេះបានរៀបចំឡើងកាលពីវេលាព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០១២ នៅវិហារធំគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដោយមានការរៀបចំពីសមាគមកូប្រា៉ស៊ីមូស្លីមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអ៊ីស្លាម ជាអីុម៉ាំម៉ាស្ជិទយ៉ាងច្រើនកុះករ ។អំណោយដែលចែកជួនក្នុងឱកាសនោះក្នុង១គ្រួសារ អង្ករ១០គីឡូក្រាម ស្ករស១គីឡូក្រាម ទឹកក្រូច១ដប ទឹកដោះគោ១កំប៉ុង ។ ដោយឡែកផ្លែម៉ាលចែកជូនដល់ភូមិ និងវិហារអ៊ិស្លាមចំនួន២១ក្នុងភូមិ និងវិហារនីមួយចំនួន២កេស ។
លោកឧកញ៉ាអូស្មាន ហាស្សាន់ បានឱ្យដឹងថា អំណោយទាំងនេះ ទោះតិចតួចក្តី ប៉ុន្តែវាជាចំណែកតូចមួយដែលជួយសម្រួលការលំបាកដល់បងប្អូនខ្មែរអ៊ិស្លាមយើងនៅក្នុងខែបួសរ៉ាម៉ាឌននេះ ។ យើងទាំងអស់គ្នាត្រូវខិតខំប្រកបមុខរបរអាជីវកម្មផ្សេងៗបន្ថែមទៀតដើម្បីសេដ្ឋកិច្ចគ្រួសារ ។ អំណោយដែលនាំមកចែកជូននៅពេលនេះជាអំណោយរបស់មូនិធិ KHALIFA BIN ZAYED AL NAHYAN FOUNDATION ដែលផ្តល់តាមរយៈស្ថានទូតអារ៉ាប់រួមអេម៉រ៉ាតប្រចាំទីក្រុងបាងកក ប្រទេសថៃ ហើយត្រួវបានសមាគមកូប៉្រាស៊ីមូស្លីមកម្ពុជារៀបចំចែកជូននៅពេលនេះ ។
លោកឧកញ៉ាអូស្មាន ហាស្សាន់ បានបន្តទៀតថា បុណ្យរ៉ាម៉ាឌនជាកាតព្វកិច្ចមួយក្នុងចំណោមកាតព្វកិច្ចទាំង៥ក្នុងសាសនាអ៊ិស្លាម ។បុណ្យនេះបើយើងទាំងអស់គ្នាគោរពប្រតិបត្តិឱ្យបានត្រឹមត្រូវយើងបានបុណ្យច្រើន១គុណ៧០ ។ ដូចនេះបានជាសាសនិកខ្មែរអ៊ិស្លាមរាប់ម៉ឺននាក់បានខិតខំណាស់អនុវត្តន៍ឱ្យបានច្រើន ។ សាសនាផ្សេងៗគេគោរពប្រតិបត្តិដូចយើងដែរ ។ បើយើងធ្វើមិនបានទេគឺគ្មាននរណាជួយយើងទេ ។ បួសខែរ៉ាម៉ាឌនគឺបង្អត់អាហារកាលណាគោរពប្រតិបត្តិមិនបានត្រឹមត្រូវយើងមិនអាចជួយខ្លួនឯងបានទេ ។ ដូចនេះសូមទួនៗមីៗដែលយល់ដឹងច្បាស់ត្រូវអប់រំ ណែនាំដល់ទួនៗមីៗណាដែលមិនទាន់យល់ដឹង និងខិតខំធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវមិនអត់ប្រយោជន៍ទេបួសខែរ៉ាម៉ាឌននេះជាខែល្អមានរយៈពេល៣០ថ្ងៃ ។
លោកឧកញ៉ាអូស្មាន ហាស្សាន់ បានបន្តទៀតថា អំពោះកុសលដែលយើងត្រូវធ្វើមិនសម្រាប់តែខែរ៉ាម៉ាឌននោះទេនៅមានខែទាំង១១ទៀតក៏យើងអាចធ្វើបានដែរទៅតាមកាតព្វកិច្ចទាំង៥ ។ លោកបានថ្លែងអំណរអរគុណដល់បងប្អូនខ្មែរអ៊ីស្លាមដែលបានឱ្យកូនចៅស្ម័គ្រចិត្តជួយចូលរួមក្នុងការវាស់វែងដីធ្លីដែលនេះជាមោទនភាពណាស់សម្រាប់និស្សិតមូស្លីមកម្ពុជាដែលបានចូលរួមបំពេញកាតព្វកិច្ចជាមួយរាជរដ្ឋាភិបាលក្នុងការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ។ ក្រោយពីវាស់វែងហើយប្រជាពលរដ្ឋដែលក្នុងនោះមានខ្មែរអ៊ីស្លាមមានសិទ្ធិគ្រប់គ្រងដីដោយស្របច្បាប់ ។
លោកឧកញ៉ាអូស្មាន ហាស្សាន់ បានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មានគោលនយោបាយត្រឹមត្រូវ មិនរើសអើងចំពោះសាសនា ឬជាតិសាសន៍ឡើយ និងថែមទាំងបានលើកកម្ពស់សាសនា ព្រមទាំងផ្តល់ឱកាសដល់សាសនិកអ៊ិស្លាមបានចូលរួមក្នុងជួររដ្ឋសភា រាជរដ្ឋាភិបាល ខេត្ត ក្រុង និងតាមស្ថាបននានារហូតថ្នាក់មូលដ្ឋាន ។ ដូចនេះយើងទាំងអស់គ្នាត្រូវតែគាំទ្រដល់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រដល់សហគមន៍អ៊ិស្លាម និងពលរដ្ឋអ៊ិស្លាមទាំងអស់ ៕




ចែករំលែកព័តមាននេះ