ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​​ជាតិ​​ព្រះ​វិហារ​​ប្រជុំ​​​បូក​​សរុប​លទ្ធ​ផល​​ការ​ងារ6​​ខែ​ដើម​ឆ្នាំ​​​2012និ​​ង​ទិស​​ដៅ​បន្ត​​

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​​​​​​ ៖ នា​ព្រឹក​​ថ្ងៃ​​ទី​​១៣ សីហា ​នៅ​ទី​បញ្ជា​​ការ​​អង្គ​រក្ស​​ជួរ​មុខ​​ទិស​ទី​​១ ប្រាសាទ​​ព្រះ​វិហារ​​​ អាជ្ញា​​ធរជាតិ​​​ព្រះ​វិហារ​​បា​​ន​បើក​​កិច្ច​ប្រជុំ​​បូក​សរុប​​លទ្ធផល​​កា​រ​ងារ​​៦​ខែ​ដើម​​ឆ្នាំ​​​២០១២​ ​និង​លើក​​ទិស​ដៅ​​អនុវត្ត​បន្ត​ ក្រោម​​អធិប​តី​ភាព​​លោក​​ជុច ​ភឿន ​រដ្ឋ​លេខា​ធិការ​​ក្រសួង​វប្ប​​ធម៌ ​និង​វិចិត្រ​សិល្បៈ ប្រធាន​​អាជ្ញា​ធរ​​ជាតិ​ព្រះ​វិហារ​ និង​ជា​​ប្រធាន​​ក្រុម​កា​រ​ងារ​​ថ្នាក់​ជាតិ​​​អភិវឌ្ឍ​​ន៍​​តំបន់​​​ប្រាសាទ​ព្រះ​វិហារ ​។

ចូល​រួម​​ក្នុ​ង​កិច្ច​​ប្រជុំ​នេះ​​មាន ​​លោក​​សួស យ៉ា​រ៉ា ​អនុ​រដ្ឋ​លេខា​ធិការ​​ទី​ស្តី​ការ​​គណ​ៈ​​​រដ្ឋ​មន្ត្រី​ និង​​ជា​​​អនុ​ប្រធាន​​អចិន្ត្រៃ​​យ៍​​ក្រុម​ការ​​ងារ​​ថ្នាក់​ជាតិ​​អភិវឌ្ឍន៍​​តំបន់​ប្រា​សាទ​​ព្រះ​វិហារ លោក​អ៊ុំ​ ម៉ារ៉ា ​អភិ​បាល​​ខេត្ត​​​ លោក​ឧត្តម​សេនីយ៍​​ឯក​ យង់ ​សារិទ្ធ ​មេ​បញ្ជា​ការ​​រង​បញ្ជា​​ការ​ដ្ឋាន​​​​អង្គ​រក្ស​​ប្រចាំ​ជួរ​មុខ​ ព្រម​ទាំង​​មន្ត្រី​​ជាន់​ខ្ពស់​​មក​ពី​ទី​ស្តី​​កា​រគណៈ​​រដ្ឋ​មន្ត្រី​​​ អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​ អាជ្ញា​ធរ​​ដែនដី​ ​កង​កម្លាំង​​​ទាំង​​​៣​ប្រភេទ​ប្រចាំ​​ជួរ​មុខ​​សរុប​ប្រមាណ​​៦០​នាក់​ ។

លោក​​អនុ​រដ្ឋ​​លេខា​ធិការ​ ​សួស យ៉ា​រ៉ា ​បាន​​​ធ្វើ​របាយ​ការណ៍​​ស្ត​ី​ការ​​ខិត​ខំ​​ប្រឹង​ប្រែង​​​ក្នុង​ការ​​ស្តា​រ​និ​​ង​​អភិវឌ្ឍន៍​​តំបន់​ប្រា​សាទ​ព្រះ​វិហារ​​ បន្ទាប់​ពី​តំបន់​​នេះ​​មាន​ស​ភាព​​ស្ងប់​ស្ងាត់​​ និង​​​បាន​លើក​ឡើង​​ពី​​​ស្នា​ដៃ​​​​​ជា​ច្រើន​​ដែល​ក្រុម​ការ​ងារ​​ថ្នាក់​ជាតិ​​បាន​សហ​ការ​​យ៉ា​​ង​ជិត​ស្និទ្ធ​​ជាមួយ​អា​ជ្ញា​ធរ​​ដែនដី ​កង​កម្លាំង​​​ទាំង​​​៣ប្រភេទប្រចាំជួរ​មុខ ​ពិសេស​​គឺ​កង​អង្គ​​រក្ស​​​សម្តេច​តេ​ជោ​ ​ដែល​បាន​ចូល​រួម​​សហ​ការ​​ ទាំង​​កម្លាំង​ និង​មធ្យោ​បាយ​ ។

លោក​ជុច ​ភឿន ​មាន​ប្រ​សាសន៍​​​ថា យើង​ត្រូវ​​ធ្វើ​​យ៉ាង​ណា​​កំណត់​​កា​រគ្រប់​គ្រង​​​ និង​​បន្ត​ធ្វើ​​ការ​អភិវឌ្ឍ​​ឱ្យ​បាន​​ច្បាស់​លាស់​ ។​ ​ជាមួយ​នេះ​​បង្កើត​​យន្ត​ការ​​​ក្នុង​ការ​​អភិរក្ស​ អភិវឌ្ឍ​​តំបន់​បុរាណ​​ឋាន ​គឺ​ប្រាសាទ​​ព្រះ​វិហារ​ដែល​ជា​កេ​រ​មរតក​​របស់​ខ្មែរ​ ​និង​បង្កើត​​មី​ក្រូ​ហិរញ្ញ​វត្ថុ​​សំដៅ​​ជំរុញ​​មុខ​របរ​​ប្រជា​ពលរ​ដ្ឋ​​រស់​នៅ​​ក្នុង​​ភូមិ​​ក្បែរ​តំបន់​​​អ​ភិរក្ស​ ។​​លោក​អ៊ុំ​ ម៉ារ៉ា ​អភិបាល​ខេត្ត​ ​បាន​មាន​ប្រសាសន៍​​លើក​​ឡើ​ង​ថា ​បច្ចុ​​ប្បន្ន​​តំបន់​ប្រាសាទ​​ព្រះ​វិហារ​​ គឺ​​​ជា​តំបន់​​ទេ​ស​ចរណ៍​​យ៉ាង​សំខាន់​​សម្រាប់​​ភ្ញៀវ​ជាតិ និង​​អន្តរ​ជាតិ​​ចូល​ទៅ​ទស្សនា​​ បន្ទាប់​​​ពី​រាជ​រដ្ឋាភិបាល​​បាន​ស្ថាប​នា​​ផ្លូវ​គមនា​គមន៍​​ទៅ​​កាន់​ប្រាសាទ​ព្រះ​វិហារ​ ។ លោក​អភិបាល​​ខេត្ត​​បាន​មាន​​ប្រសាសន៍​​ពី​​វិធា​ន​​ការ​​រៀបច​ំ​សណ្តាប់​ធ្នាប់​ ​នៅ​ចំណុច​​​ឃុំ​ស្រ​ឯម ​ជំរុញ​ឱ្យ​រៀប​ចំ​សណ្តាប់​ធ្នាប់​​តំបន់​​បណ្តោះ​អា​សន្ន​​ផ្លូវ​ចូល​​ភូមិ​​ធម្ម​ជាតិ​ ​ជំរុញ​​ឱ្យ​ប្រជា​ពល​រដ្ឋ​​ទៅ​លក់​ដូរ​​នៅ​ផ្សារ​​​រ៉ា​ម៉ា ​និង​ជំរុញ​​ឱ្យ​រៀប​ចំ​​ផ្សារ​ធំ​មួយ​នៅ​ទល់​មុខ​​ភូមិ​ធម្ម​ជាតិ ។

​លោក​អភិបាល​ខេត្ត​​ក៏បាន​​លើក​​ឡើង​អំពី​​ការ​ងារ​​ជា​ច្រើន​​បន្ថែម​ទៀត ​ដែល​នឹង​​​ត្រូវ​​ធ្វើ​ការ​អភិវឌ្ឍ​ស្រុក​ជាំ​ក្សាន្ត​​ផង​ដែរ ​​​​បន្ទាប់​ពី​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​​ និង​ថៃ​​បាន​សម្រេច​​បើក​ច្រក​ទ្វារ​​អន្តរ​ជាតិចំណុច​​អា​ន​សេះ​​ជា​ផ្លូវ​​​ការ​ចាប់​ពី​ពេល​នេះ​ត​ទៅ ​ដើម្បី​​ជា​ផល​​ប្រយោជន៍​​សម្រាប់​​​ប្រជា​ពល​រដ្ឋ​​​ទាំង​​២​រស់​នៅ​​​ជិត​​ខាង​​គ្នា ​និង​គាំ​ទ្រ​​បញ្ហា​ដី​ធ្លី​ ដែល​រាជរដ្ឋា​ភិបាល​​កំ​ពុង​​តែ​ដំណើរ​​ការ​ទៅ​យ៉ាង​​ស​កម្ម​​​ ក្នុង​​កា​រផ្តល់​​កម្ម​សិទ្ធិ​​ដី​​ធ្លី​​​ជូន​ប្រជា​ពល​រដ្ឋ​​ឱ្យ​កាន់​តែ​​​សុ​ក្រឹត ៕​​