ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ឃាត់​ខ្លួនអ្នក​​​ពាក់​ព័ន្ធ​​​គំរាម​​បោក​គ្រាប់​បែក​​ដាក់​​​រដ្ឋ​សភា​

13 ឆ្នាំ មុន

​រា​​ជ​​ធានី​ភ្នំពេញ​​​​​​​ ៖ ​បង​ប្អូន​​បង្កើត​ប្រុស​ស្រី​​២នាក់​​ កាល​ពី​ថ្ងៃ​ទី​​១៣​ សីហា ​​បានត្រូវ​សមត្ថ​កិច្ច​​នគរបាល​​នាយក​ដ្ឋាន​​សន្តិ​សុខ​​ផ្ទៃ​ក្នុង​​ឃាត់​ខ្លួន​​រួច​បញ្ជូន​​ទៅ​កាន់​​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​​នៅ​ថ្ងៃ​ទី​​១៤ សីហា ​ដោយ​​ជាប់​ពាក​់​ព័ន្ធ​​នឹង​ការ​​​ពោល​ពាក្យ​​គំរាម​បោក​​គ្រាប់​បែក​​នៅរដ្ឋ​សភា​​ និង​សាលា​​​រាជ​ធានី​ភ្នំពេញ​​តាម​​ទូរ​ស័ព្ទ​ ។ ​ជនទាំង​២​នាក់​នេះ​​​​គឺ​​ឈ្មោះ​​ឃ្លី ​វណ្ណា ភេត​ស្រី ​អាយុ​​២៦​ឆ្នាំ ​និង​​ប្អូន​ប្រុស​​ឈ្មោះ​​​ឃ្លី ​ប្រាក់ ​អាយុ​​២៤​ឆ្នាំ ​​ពួក​គេ​​ទាំង​​​២​​នាក់​មាន​ទីលំនៅ​​​ក្នុង​ភូមិ​​អម្ពិល​ទឹក ​ឃុំ​កំពង់​ភ្នំ​​​ ស្រុក​លើក​ដែក ​ខេត្ត​កណ្តាល ។

ជុំ​វិញ​​ករណី​​​ចោទ​​ប្រកាន់​​នេះ​​ត្រូវ​បាន​​​ឱ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី​​១២ សីហា ​កន្លង​ទៅ​ ​មាន​ជន​មិន​ស្គាល់​​​ឈ្មោះ​​ម្នាក់​បាន​​ទូរ​ស័ព្ទ​​ទៅ ​​​កាន់​ការិយា​ល័យ​​ធ្វើ​ការ​​របស់​​នាយក​រដ្ឋ​បាល​​សាលា​រាជ​​ធានី​ភ្នំពេញ​ ដោយ​អះ​អាង​ថា​ខ្លួន​​ជា​បក្ស​​ពួក​​របស់​ក្រុម​​​ចាប់​ជំរិត​​​ទារ​​ប្រាក់​​​កូន​លោក​​សូរ ផន ​អនុ​រដ្ឋ​លេខា​ធិការ​​ក្រសួង​​មហា​ផ្ទៃ​ ។ ​បន្ទាប់​ពី​​​​​​ទូរ​ស័ព្ទ​​ទៅ​កាន់​​នាយក​​រដ្ឋ​បាល​​សាលា​រាជ​ធានី​ភ្នំពេញ​ និង​រៀប​រាប់​​អំពី​​សមា​ស​ភាព​​ក្រុម​របស់​ខ្លួន​​​ហើយ​ ក៏​​ពោល​ពាក្យ​​គំរាម​ទៀត​​​ថា គេ​​ក៏​មាន​បំណង​​បោក​គ្រាប់​បែក​​នៅ​វិមាន​​រដ្ឋ​សភា​​ និង​នៅ​​សាលា​​​រាជ​​ធានី​ភ្នំពេញដែរ ។

​ដោយ​មាន​ការ​និយាយ​គំរាម​តាម​ទូរ​ស័ព្ទ​យ៉ាង​ដូច្នេះ​​ នាយក​​​រដ្ឋ​បាល​​សាលា​រាជ​ធានី​ភ្នំ​ពេញ​ ក៏​​រាយ​ការណ៍​ទៅ​នាយក​ដ្ឋាន​​សន្តិ​សុខ​​ផ្ទៃ​ក្នុង​​ដើម្បី​​ស្រាវ​ជ្រាវ​​រក​ចាប់​ខ្លួន​​​ជន​សង្ស័យ​​នោះ។ ​នៅ​ថ្ងៃ​ទី​​១៣ ​សីហា ​នាយក​ដ្ឋាន​​​សន្តិស​ុខ​​ផ្ទៃ​ក្នុង​​ក្រសួង​មហា​ផ្ទៃ​​ បន្ទាប់​ពី​​កា​រស៊ើប​អង្កេត​​ស្រាវ​ជ្រាវ​​ក៏​បាន​ឃាត់​ខ្លួន​​ជន​សង្ស័យ​​២​នាក់​​បង​ប្អូន​​ដែល​ជា​​អ្នក​គំរាម​​នាយក​រដ្ឋ​បាល​​សាលា​រាជ​ធានី​ភ្នំពេញ​ ។ ក្រោយ​ពី​​​ឃាត់​ខ្លួន​​​ ជន​ទាំង​​២នាក់​បង​ប្អូន​នេះ​​ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​សាលា​ដ​ំបូង​​ដើម្បី​​​ឱ្យ​តំណាង​​អយ្យ​ការ​​សាក​សួរ​​តាម​ផ្លូវ​ច្បាប់ ។

​នៅ​ដំណាក់​​កាល​​ លោក​ព្រះ​រាជ​អាជ្ញា​​រង​សាក​សួរ ​​ជនទាំង​២​នាក់​​ឆ្លើយ​​ទៅ​មុខ​​ទៅ​ក្រោយ​​​​​ហាក​់​ដូច​​ជា​មនុស្ស​​មាន​សតិ​មិន​ប្រក្រតី ដូច​ជា​​​ឈ្មោះ​​ឃ្លី ​ប្រាក់​ ​​​ឆ្លើយ​ថា ​គេ​គ្មាន​​គំនិត​ណា​​មួយ​​​យក​​គ្រាប់​បែក​​ទៅ​បោក​​នៅ​វិមាន​​​រដ្ឋ​សភា​​​ទេ ​ម៉្យាង​​វិញ​ទៀត​​ទាំង​​២នាក់​​បង​ប្អូន​​ស្ទើ​រ​តែ​មិន​ស្គាល់​អ្វី​​ហៅ​ថា​គ្រាប់​បែក​​នោះ​ផង ។​​​ចំណែក​លេខ​ទូរ​ស័ព្ទ​​ដែល​គេ​​ហៅ​ចូល​​មិន​បាន​ដឹង​ថា​ ជា​លេខ​​របស់​អ្នក​ណា​​ទេ តែ​ជា​​លេខ​មើល​តាម​​ទូរ​ទស្សន៍​ ឃើញ​​លេខ​ទូរ​ស័ព្ទ​​ជាប់​នៅ​​ក្នុង​នោះ ទើប​​គេ​ចុច​​​ទូរ​ស័ព្ទ​​លេង​ទៅ ។ ​ផ្អែក​តាម​ចម្លើយ​​​នៅ​សាលា​ដំបូង រួម​​​​​ទាំង​​អា​កប្ប​​កិរិយា​​​របស់​ពួក​​គេ​​ទាំង​​២​នាក់​ គឺ​​ទំនង​​ដូច​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​​ ដែល​​តំណាង​អយ្យ​ការ​​ស្ថិត​​ក្នុង​ការ​​ពិចារ​ណា​ ហើយ​រហូត​មក​​​ដល់​​ល្ងាច​​​ថ្ងៃ​ទី​​១៤ សីហា ​នៅ​មិន​ទាន់​​ចោទ​ប្រកាន់​​ ឬ​សម្រេច​​យ៉ាង​ណា​​នៅ​ឡើយ​ទេ ៕