ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​តុលា​ការ៖​ ការ​ជីក​​​ស្វែង​រក​​កំណប់​​របស់​ក្រុម​ហ៊ុន​​«ប្រាយ​មូន​គ្រុប​» គឺ​ល្មើស​​ច្បាប់​​

13 ឆ្នាំ មុន

ខេត្ត​សៀម​រាប​​​​​​​​ ៖ អា​ជ្ញា​​ធរ​ស្រុក​ជីក្រែង​បាន​អះអាង​ថា ​សកម្មភាព​ជីក​កកាយ​ដោយ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ប្រាយ​មូ​ន​គ្រុប​ របស់​ឧកញ៉ា​ ឌុ​ច​ សា​រ៉ែ​ម​ ដើម្បី​ស្វែងរក​កំណប់​មហាសាល​ដែល​គេ​កប់​ចោលនា​សម័យ​​​ប៉ុ​ល ពត​ នៅ​លើ​ខ្នង​ទំនប់​សួង​ ក្នុង​ឃុំ​អន្លង់​សំណ​កាលពី​រសៀល​ថ្ងៃ​ទី​១៣​ សីហា​ ធ្វើ​ឡើង​ដោយ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ពី​អភិបាលខេត្ដ​ ​ក៏​ប៉ុន្ដែ​ក្រុម​មន្ដ្រី​សាលា​ដំបូង​​ខេត្ដ​បាន​ចាត់​ទុក​ថាស​កម្ម​ភាព​នោះ​ជា​ករណី​ល្មើសច្បាប់​ទាំង​ស្រុង​ ស្ដី​ពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​ ។

ចៅក្រម​សាលាដំបូង​ខេត្ដ​មួយ​រូប​ថ្លែង​​ថា​ ​សកម្មភាព​ជីក​កកាយ​ដោយ​គ្រឿងចក្រ​នៅ​លើ​ខ្នង​ទំនប់​សួង​ ក្នុង​ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង​ កាលពី​រសៀល​ថ្ងៃ​ទី១៣​ សីហា​ ឆ្នាំ​២០១២​ កន្លង​ទៅ​ បើ​ទោះបីជា​មាន​ការ​អនុញ្ញាត​ពី​អាជ្ញា​ធរ​ក៏​ដោយ ក៏​​ជា​សកម្ម​ភាព​ល្មើសច្បាប់​ទាំងស្រុង​​ ដូច​​​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ធនធាន​រ៉ែ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​អាច​មាន​ទោស​​ក្រោម​៥​ឆ្នាំ​ ។​ លោក​បាន​បញ្ជា​​ក់​ពី​ផ្នែក​ច្បាប់​យ៉ាង​ដូច្នេះ​ថា​ កំណប់​ដែល​លាក់​ ឬ​​កប់​នៅ​ក្នុង​ដី​ ត្រូវ​បាន​ចាត់​ទុកជា​ធន​ធាន​រ៉ែ​ ដូច្នេះ​ការ​ជីក​​កកាយ​យក​ធនធាន​រ៉ែ​​ទាំងនោះ​អាច​ធ្វើ​ទៅ​បានដរាបណា​មាន​ការ​បង្កើត​គណៈ​កម្មការ​ ដោយ​មានការ​ចូលរួម​ពី​មន្ដ្រី​ពាក់​ព​ន្ធ័​ត្រឹមត្រូវ​ ឬ​មានច្បាប់​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ ហើយ​កំ​ណ​ប់​ដែល​រក​ឃើញ​ទាំងអស់​ត្រូវ​ទុកជា​សម្បត្ដិ​រដ្ឋ​ មិន​អាច​កាន់​លិ​ខិ​ត​ត្រឹម​អាជ្ញាធរ​ខេត្ដ​ អាច​ទៅ​ជីក​យ៉ាង​ដូច្នេះ​បាន​ទេ​ ​​។

ទាក់ទិន​ទៅ​នឹង​សកម្មភាព​ប្រើ​គ្រឿងចក្រ​ជីក​រក​កំណប់​ខាងលើ​នេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ សីហា​ ​អភិបាលស្រុក​ជីក្រែង​ លោក​ប៉ោក​ សេរី​រ័​ត្ន​មុន្នី​ បាន​ថ្លែង​ថា​ ​អ្នក​ដែល​ផ្ដួចផ្ដើម​យក​គ្រឿង​ចក្រ​ជីក​កកាយ​រក​កំណប់​នោះ​ គឺ​លោក​ឧកញ៉ា​ ឌុ​ច​ សា​រ៉ែ​ម​ ប្រធាន​ក្រុមហ៊ុន​ប្រាយ​មូ​ន​ គ្រុប​ ដោយ​​​មាន​លិ​ខិ​​ត​ត្រឹមត្រូវ​ពី​លោក​អភិបាលខេត្ដ​ ហើយក៏​​​បាន​ជូនដំណឹង​មក​អាជ្ញាធរ​ស្រុក​​ដែរ​ ។លោក​បាន​បន្ដ​ថា​ ​សកម្មភាព​នេះ​​ធ្វើ​ឡើង​អស់​រយ​ៈពេល​រាប់​ម៉ោង​ គឺ​ចាប់ពី​ម៉ោង​ប្រមាណ​៣​​រសៀល​ថ្ងៃ​ទី១៣​ សីហា​ រហូត​ដល់​​ពាក់​កណ្ដាល​យប់​ ដោយ​ក្រុមហ៊ុនមាន​នាំ​កម្លាំង​យោធា​ជា​ច្រើនរូ​ប​​ មក​ការ​ពារ​​ទីតាំង​ជីក​ផង​ដែរ​ ​ ក៏​ប៉ុន្ដែ​ចុងបញ្ចប់​មិន​បាន​រក​ឃើញ​កំណប់​មហាសាល​ ដូច​ការ​ស្វែងរ​ក​នោះ​ទេ ។​ ​ដើមហេតុ​ដែល​នាំ​ឱ្យ​មានការ​សុំ​អនុញ្ញាត​ជីក​រក​កំណប់​នៅ​លើ​ទំនប់​សួង​នោះ​ គឺ​ដំបូង​ឡើយ​មាន​មនុស្ស​ម្នាក់​បាន​ទៅ​ប្រាប់​ថា​ឪ​ពុក​របស់​គេធ្លាប់​ធ្វើការ​នៅ​ទីនោះ​ក្នុង​សម័យ​ប៉ុ​ល​ ពត​ ហើយ​បានដឹង​ពី​ទីតាំង​កប់​កំណប់​ទាំងនោះ​ តែ​ដល់​ពេល​ជីក​ជ្រៅ​ទៅ​​មិនឃើញ​កំណប់​ អ្នក​ប្រាប់​នោះ​ក៏​​ភ័យ​រត់គេច​ខ្លួន​ទាំង​យប់​តែ​ម្ដង ​។

ប្រភព​ពី​កន្លែង​​ជីក​កំណប់​បានឱ្យ​ដឹង​ថា​ ​នៅ​កន្លែង​ធ្វើ​សកម្ម​ភាព​ជីក​កំណប់​នោះ​គេ​ឃើញ​មាន​សមត្ថកិច្ច​មួយ​ចំនួន​ទៅ​ការពារ​ឱ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ឌុ​ច​ សា​រ៉ែ​ម​ ក្នុង​នោះ​មាន​មន្ដ្រី យោធា​ មន្ដ្រី​កងរាជអាវុធហត្ថ​ខេត្ដ​​ មន្ដ្រី​សាលាខេត្ដ​​ និង​អភិបាលរង​ស្រុក​ជីក្រែង​មួយ​រូប​ផង​ដែរ​ ព្រមទាំង​កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ជា​ច្រើន​នាក់​ទៀត​ ។​ ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ទីតាំង​ដែល​គេ​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​នោះ​ ស្ថិត​នៅ​លើ​ទំនប់​សួង​ ជាប់​ស្នាក់​ការ​សន្ដិ​សុខ​កងរាជអាវុធហត្ថ​ប្រចាំ​ឃុំ​អន្លង​់សំណតែ​ម្ដង​ ។
ទំនប់​សួង ​ដែល​ក្រុមហ៊ុន​ប្រាយ​មូ​ន​គ្រុប យក​​​គ្រឿងចក្រ​ទៅ​ជីករក​​​កំណប់​នោះ​ជា​ផ្នែក​មួយ​នៃ​ទំនប់​៧៨​ ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​អំឡុង​ឆាំ្ន១៩៧៨ សម័យ​ប៉ុ​ល​ ពត​ ដើម្បី​ស្កាត់​ទឹក​ពី​មាត់​បឹង​ធ្វើស្រែ ដែល​លាតសន្ធឹង​នៅ​តាម​បណ្ដោយ​មាត់បឹង​ទន្លេសាប​ ចាប់តាំងពី​ខេត្ដ​សៀមរាប​រហូត​ ដល់​ខេត្ដកំពង់​ធំ ​។ 

មាស​ ពេជ្រ​ កែវកង​ ត្រូវ​បាន​មនុស្ស​ទូ​ទាំង​ពិភពលោក​ចាត់​ទុក​ថា​ជា​វត្ថុ​មាន​តម្លៃ​​សម្រាប់​​យ​កម​កតុប​​តែង​កាយ​ ប៉ុន្ដែ​នៅ​ក្នុង​ចន្លោះពី​​​ឆ្នាំ ១៩៧៥​ ដល់​ឆ្នាំ១៩៧៩​ សម័យ​ប៉ុ​ល​ ពត​ វត្ថុ​ទាំងអស់នោះ​តម្លៃ​របស់​វា​ធ្លាក់​ដល់​សូន្យ​ សូ​ម្បី​តែ​យក​​មួយរថយន្ត​​កា​​ម៉ាស់​ មក​ដូរ​ជាមួយ​ដំឡូង​មួយដុំ​​​ ឬ​អង្ករ​មួយ​ក្ដាប់​សម្រាប់​​លួង​ក្រពះ​ដែល​កំពុង​ក្រៀម​ស្វិត​ជាប់​នឹង​ឆ្អឹងខ្នង ក៏​មិន​បាន​ផង​ ដូច្នេះ​ហើយ​មាស​ ពេជ្រ​ កែវកង​ ទាំងអស់​នេះ​​វា​គ្រាន់​តែ​ជា​​វត្ថុ​ឥត​បានការប៉ុណ្ណោះ​ ព្រោះ​​មិន​អាច​ហូប​បាន ​។ ​ថ្វីបើ​យ៉ាង​​នេះ​ក្ដី​ សម្រាប់​ពួក​កម្មាភិបាល​ខ្មែរក្រហម​ ដែល​មាន​អំណាច​ស្មើ​មេឃ​ ពួក​គេ​នៅ​តែ​​មាន​មហិច្ឆតា​ទៅ​លើ​សម្បត្ដិ​ទាំងនោះ​​ ហើយ​ទោះជា​មិន​អាចយ​ក​មក​​តុប​​​តែង​កាយ​បាន ក៏​​ពួក​គេ​​ប្រ​មែ​​ប្រមូល​យក​ទៅ​កប់​ទុក​នៅ​ក្នុង​ដី​ជា​ច្រើន​កន្លែង​ ដែល​​ក្លាយ​​ទៅជា​កំណប់​មហាសាល​រហូត​ដល់​សព្វ​ថ្ងៃ​​ ។

ចំណែក​លោក​ទី​ សុ​វិ​ន​ថា​ល់​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ ​ដែល​បាន​ចុះ​ទៅ​ដ​ល់​កន្លែង​ក្រុមហ៊ុន​ប្រាយ​មូ​ន​គ្រុប​ ជីក​កំណប់​នោះ​​ថ្លែង​ថា​ ​យើង​នៅ​តែ​មាន​ម​ន្ទិ​ល​ចំពោះ​ព័ត៌​​​មាន​ដែល​ថា​ការ​ជីក​នោះ​រក​មិនឃើញ​កំណប់ ខណ​ៈ​ការ​ជីក​របស់​ពួក​គេ​ត្រូវ​បាន​ហ៊ុម​​ព​័ទ្ធ​ដោយ​សំណាញ់​​ស្បៃ​មុង​​ជិត​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ចូល​មើលឃើញ​ ។ លោក​បាន​បញ្ជា​ក់ថា ព័ត៌​​មានពី​ការ​​​ជីក​កំណប់​នេះ​​​មាន​គេ​រាយការណ៍​ប្ដឹង​លោក​នៅ​ម៉ោង​ប្រមាណ​១០​យប់​ ហើយ​លោក​បាន​ចុះ​ទៅ​ដល់ទី​នោះ​​ នៅ​ម៉ោង​ប្រហែល ១រំលង​អ​ធ្រាត្រ​ ។ ពេល​នោះលោក​​​ឃើញ​គ្រឿង​​ចក្រ​កំពុង​កាយ​លុប​​រណ្ដៅ​ដែល​គេ​ជីក​នោះ​បាន​ពាក់កណ្ដាល​ ហើយ​អ្នក​ពាក់​ព​័ន្ធ​ឃើញ​មាន​លោក​​មេឃុំ​ផង​​បាន​រត់​ប្រសាច​ចេញពី​ទីនោះ​ ។

លោក​ព្រះ​​រាជ​អាជ្ញា​​បញ្ជា​ក់ថា​ ​សកម្មភាព​ជីក​កកាយ​នេះ​​​ គឺជា​ករណី​ល្មើសច្បាប់​មួយ​ដែល​អាច​ជាប់​ទោស​ក្រោម​៥​ឆ្នាំ​ ប៉ុន្ដែ​ភ្លាម​ៗ​នោះ​ លោក​មិន​បាន​បង្ហាញ​អំពី​ចំណាត់​ការ​ផ្លូវច្បាប់​ណាមួយ​ប្រឆាំង​ទៅ​លើ​បក្សពួក​អ្នក​ជីក​កំណប់​នោះ​នៅ​ឡើយ​ទេ​ ដោយ​រង​់ចាំ​ឱ្យ​មន្ដ្រី​នៃ​មន្ទីរ​ទំនាក់​ទំនង​​​ជាមួយ​​រដ្ឋ​សភា ​ព្រឹទ្ធ​សភា​​និង​អធិការកិច្ច​ខេត្ដ​​ ដែល​ចុះ​ទៅ​កន្លែង​កើតហេតុ​ជា​មួ​យ​​ ជា​អ្នក​ធ្វើ​របាយ​ការ​ណ៍​​បញ្ជូន​មក​សិន ៕