ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ឈើ​គ្រញូង​ក្រឡាប់​ឆេះ​សន្ធោ​សន្ធៅ​

13 ឆ្នាំ មុន

​​ខេត្ត​ព្រះវិហារ ៖ រថយន្ត​កាមរី​​ស៊េរី​៩៥​មួយ​គ្រឿង ដឹក​ឈើ​គ្រញូង​​លោត​ឆត្រ​​ក្រឡាប់​បណ្តាល​ឱ្យ​ឆេះ​​ហ្មត់​​មើល​ឃើញ​តែ​រងើក​ភ្លើង ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ប្រហែល​​៥​ទៀប​ភ្លឺ ​​ថ្ងៃទី​១៥  សីហា តាម​ដង​ផ្លូវ​ជាតិ​លេខ​​៦២ ​ស្ថិតក្នុងឃុំ​យាង ស្រុកជាំ​ក្សាន្ត ​។
តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​​អភិ​រក្ស​​ព្រៃ​ឈើ​​បរិស្ថាន​គូលែន ​ព្រហ្ម​ទេព​​ប្រចាំ​ក្បែរ​កន្លែង​​កើត​ហេតុ​ថា រថយន្ត​​ដែល​ឆេះ​​នេះ​ គឺ​ដឹក​ឈើ​គ្រញូង​​ពេញ​រថយន្ត​លោត​ឆ័ត្រ​ចេញពីជើងភ្នំ​ដង​រែក​ក្នុងស្រុក​ជាំក្សាន្ត លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​មិន​ដឹង​​ជា​យ៉ាង​ម៉េច​ ស្រាប់តែ​​ក្រឡាប់​ឆេះ​តែ​ម្តង។ មកដល់​ពេល​នេះ​គេ​នូវ​មិន​ទាន់​ឃើញ​សមត្ថ​កិច្ច​ចុះ​ទៅ​ធ្វើ​កំណត់​ហេតុ​នៅឡើយទេ ហើយ​តាម​ការបញ្ជាក់ឱ្យ​ដឹងពី​មន្ត្រី​​បរិស្ថាន​ខាង​លើថា នៅ​កន្លែង​កើតហេតុ​ក៏​ពុំ​ឃើញ​សព​មនុស្ស​នៅ​ក្នុង​រថយន្ត​ដែល​ឆេះ​នោះឡើយ ប្រហែល​ជា​អ្នក​បើក​រថយន្ត​បានលោត​ចេញ​ផុតពី​គ្រោះថ្នាក់​រត់​គេច​ខ្លួនបាត់ទៅ ។

សូមបញ្ជាក់​ផង​ដែរ​ថា កាល​ពី​វេលា​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃទី​១៤ សីហា មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​សង្កាត់​កន្ទួត សហការ​ជា​មួយ​យោធា​កង​ពល​ធំអន្តរា​គមន៍​​លេខ​៣ ​បាន​ធ្វើការ​ឃាត់​ចាប់​រថយន្ត​កាមរី​៩៥ ចំនួន​២​គ្រឿង ដឹក​ឈើ​គ្រញូង​នៅ​ចំណុច​​មុខ​ទី​បញ្ជា​ការ​កង​ពលធំ​អន្តរា​គមន៍​​លេខ៣ លើ​ដងផ្លូវ​ជាតិ​លេខ​៦២ នេះ​ដែរ ហើយ​ពេលនេះ​រថយន្ត​ទាំង​២​គ្រឿង និងឈើ​គ្រញូង​ត្រូវបាន​យក​ទៅរក្សាទុក​នៅ​ក្នុង​ស្នាក់​ការ​សង្កាត់​ព្រៃឈើ​កន្ទួត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕