កីឡាករវាយកូនហ្គោលអង់គ្លេសលី វេសវូដបានបណ្តេញគ្រូបង្វឹកនិងអ្នកស្ពាយប្រដាប់ប្រដាឱ្យខ្លួនក្រោយពីបរាជ័យក្នុងព្រឹត្តិការណ៍ US PGA Championshipដែលរៀបចំធ្វើនៅអាមេរិកកាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ ។លោក Peter Cowenដែលជាគ្រូបង្វឹកនិងលោក Michael Waiteជាអ្នកស្ពាយប្រដាប់ប្រដាវាយកូនហ្គោលត្រូវបានបណ្តេញចេញកាលពីថ្ងៃពុធ។
ការបរាជ័យក្នុងកម្មវិធីផ្ទួនៗគ្នាបានធ្វើឱ្យលី វេសវូដដែលជាធ្លាប់ជាកីឡាករលេខ១លើលោកមានចិត្តសៅហ្មងនិងនៅមិនសុខ។ ការមិនដែលឈ្នះពានកម្មវិធីណាមួយចាប់តាំងពីខែមិថុនាមកនោះ បានធ្វើឱ្យតំណែងកំពូលដែលគេគ្រប់គ្រងអស់២២សប្តាហ៍នោះត្រូវរបូតបាត់ ។ បច្ចុប្បន្នវេសវូដស្ថិតនៅលំដាប់ទី៤ពិភពលោក ។
ទោះជាយ៉ាងណា លោក Peter Cowenធ្លាប់បានធ្វើជាគ្រូបង្វឹកឱ្យកីឡាករល្បីឈ្មោះមួយចំនួនលើពិភពលោកក្នុងនោះរួមមាន ហ្គ្រែមមេ ម៉ាក់ដូវែល និង ល្វីស អ៊ូទីហ្សឹនជាដើម ហើយកីឡាករទាំង២នេះសុទ្ធតែដណ្តើមបានចំណាត់ថ្នាក់ល្អគួរសមគឺខុសតែកីឡាករវេសវូដម្នាក់ប៉ុណ្ណោះដែលគ្មានលទ្ធផល ។
លោក Chubby Chandlerដែលជាអ្នករៀបចំការប្រកួតរបស់វេសវូដបាននិយាយថា គ្រូបង្វឹក Peter Cowenរវល់តែទៅជួបជាមួយកីឡាករម៉ាក់ដូវែលក្នុងខណៈវេសវូដត្រូវការជំនួយពីរូបគាត់ ។ ភាពមិនសប្បាយចិត្តរបស់វេសវូដកើតមាននៅពេលដែលឈ្មោះរបស់គេត្រូវបានកាត់ចេញពីតារាងជ័យលាភីកម្មវិធីប្រកួត។ ពេលនេះ រូបគេត្រូវការបច្ចេកទេសថ្មីក្នុងការវាយ chippingនិង putting ។
ខណៈដែលព្រឹត្តិការណ៍ FedEx Cup the Barclaysនឹងចាប់នៅចុងសប្តាហ៍នេះ ដូច្នេះវេសវូដត្រូវតែសម្រេចអ្វីមួយឱ្យបានលឿនបំផុត ។ មកដល់ពេលនេះ គេរកបានអ្នកស្ពាយប្រដាប់ប្រដាប្រកួតឱ្យខ្លួនរួចជាស្រេចហើយ ។ ចំណែកគ្រូបង្វឹកវិញក៏រកបានផងដែរ តែគេបានសុំសិទ្ធិលាក់ឈ្មោះជាបណ្តោះអាសន្នសិន ។ព្រឹត្តិការណ៍ប្រកួត FedEx Cup the Barclaysប្រមូលផ្តុំទៅដោយកីឡាករខ្លាំងៗពិភពលោកជាច្រើនក្នុងនោះរួមទាំងជើងឯកពីរជំនាន់ ថៃហ្គ័រ វូដផងដែរ ៕
ចែករំលែកព័តមាននេះ