វ៉េបសាយមួយរបស់ពួកអ្នកកែទម្រង់និយមអ៊ីរ៉ង់រាយការណ៍កាលពីថ្ងៃទី២៨ កុម្ភៈ ថា មេដឹកនាំប្រឆាំងនិយមការកែទម្រង់២នាក់ លោកមៀរ ហូសេន មូសាវី និងលោកមឺហ៍ឌី ការូប៊ី ត្រូវបានចាប់ខ្លួន ហើយនាំមកកាន់ពន្ធនាគារមួយនៃទីក្រុងតេហេរ៉ង់ ។ ក៏ប៉ុន្តែព័ត៌មាននេះ ត្រូវបានបដិសេធដោយទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការអ៊ីរ៉ង់ FARS ។ យោងតាមព័ត៌មានក្នុងវ៉េបសាយនេះថា លោកមូសាវី និងភរិយាលោកស្រីហ្សាហ៍រ៉ា រាហ៍ណាវ៉ាដ ព្រមទាំងលោកការូប៊ី និងភរិយា លោកស្រីហ្វាតឺមេហ៍ ការូប៊ី ត្រូវបានបញ្ជូនមកកាន់ពន្ធនាគារ HESHMATIEH ។ មេដឹកនាំប្រឆាំងទាំង២រូបនេះត្រូវបានឃុំឃាំងក្នុងផ្ទះចាប់តាំងពី១៥ថ្ងៃមកហើយ ។ ក៏ប៉ុន្តែវ៉េបសាយមួយទៀត គូសបញ្ជាក់ថា មេដឹកនាំប្រឆាំងទាំង២រូប និងភរិយាត្រូវបានផ្ទេរកាលពីថ្ងៃទី២៤ កុម្ភៈ កន្លងមកនេះ ទៅកាន់កន្លែងមិនស្គាល់មួយ ។
ទោះបីជាយ៉ាងណាទីភ្នាក់ងារព័ត៌ មាន FARS បានបដិសេធថា អ្នកទាំង២ពុំត្រូវបានឃុំឃាំងក្នុងគុកឡើយ ដោយគ្រាន់តែជាប់ឃុំឃាំងក្នុងផ្ទះប៉ុណ្ណោះ ។ អាជ្ញាធរអ៊ីរ៉ង់បានចាត់វិធានការដើម្បីកាត់ផ្តាច់រាល់ការទាក់ទងពីខាងក្រៅជាមួយមេដឹកនាំប្រឆាំងទាំង២រូបនោះ ៕
ចែករំលែកព័តមាននេះ