ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​​ការងារ​​​បើក​វគ្គ​បណ្តុះ​បណ្តាល​​មន្ត្រី​​​ពង្រឹង​សមត្ថ​ភាព​ផ្នែក​​រដ្ឋបាល​​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​កាលពីព្រឹកថ្ងៃទី១៣ ​ ខែសីហា ឆ្នាំ២០១២ បាន​រៀបចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​មន្ត្រីមកពី​អង្គភាព​ចំណុះ​​ឱ្យ​ទីស្តី​​ការ​​​ក្រសួង​​ និង​មន្ទីរ​រាជ​ធានី​-ខេត្តចំនួន​៩៥នាក់​ ដើម្បី​បង្កើន​សមត្ថ​ភាព​លើការ​ងាររដ្ឋបាល​ហិរញ្ញ​វត្ថុ​និង​ផែន​ការ​ ​ធ្វើ​យ៉ាង​ណា​ជំរុញ​ទិសដៅ​ក្នុងការ​ពង្រឹង​ផ្នែកការ​ងារ​ឱ្យកាន់តែ​មានប្រសិទ្ធ​ភាព​ថែម​ទៀត ។ វគ្គ​បណ្តុះ​បណ្តាល​នេះ​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​៥ថ្ងៃ គិត​ចាប់ពីថ្ងៃទី១៣ ដល់​ថ្ងៃ១៧ ខែ​សីហា ឆ្នាំ២០១២ នៅទីស្តីការ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ។

លោកហាច​ ហ៊ាន ប្រធាន​នាយកដ្ឋាន​រដ្ឋ​បាល​និង​បុគ្គលិក​បានបញ្ជាក់ថា ការរៀបចំ​វគ្គ​​បណ្តុះ​បណ្តាល​​នេះឡើង​គឺបន្ទាប់ពី​មានសំណូម​ពរ​ពីសិក្ខា​កាម​ចូលរួមជាច្រើន​នាក់កាល​ពីឆ្នាំ​មុន​​​ដែល​ស្នើ​ឱ្យមាន​ការរៀបចំ​វគ្គបណ្តុះ​បណ្តាល​សំដៅ​ធ្វើ​យ៉ាង​ណាអភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​និង​ថ្នាក់​ដឹក​នាំតាម​បណ្តា​អង្គភាព​ចំណុះ​ក្រសួង ។  វគ្គបណ្តុះ​បណ្តាល​កាលពី​ឆ្នាំមុន​ទទួល​បាន​ជោគ​ជ័យ​ ដោយសិក្ខាកាម​បានយកចំណេះ​ដឹងទាំង​នេះ​​ទៅអភិវឌ្ឍន៍​និងប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់ពួកគេបាន​ជា​ប្រយោជន៍​ដល់អង្គភាព​និងបុគ្គល​ខ្លួនផ្ទាល់ ។​ លោកបញ្ជាក់ថា នេះ​គឺជា​​វគ្គ​​​បណ្តុះ​បណ្តាល​​​លើកទី​បួន(ឆ្នាំទី៤)​ហើយ​ដែល​រៀបចំឡើងដោយ​ក្រសួង​​ការងារ​​និង​បណ្តុះ​​បណ្តាល​​​​លើ​វិជ្ជា​ជីវៈ​ និង​ប្រើប្រាស់​ថវិការដ្ឋ​ទាំង​ស្រុង ។​ វគ្គ​បណ្តុះ​បណ្តាល​លើកនេះ​មាន​សិក្ខា​កាម​សរុប​ចំនួន​៩៥នាក់​ ក្នុងនោះ​សិក្ខាកាម​អញ្ជើញ​​មកពី​អង្គភាព​ចំណុះ​មន្ទីរ​រាជធានី​ខេត្តចំនួន​៥៤​នាក់ និង​អង្គភាព​ថ្នាក់កណ្តាល​ចំនួន៤១​នាក់​ ហើយ​បើគិតសរុប​ទាំងសិក្ខាកាម​លើកនេះ​និងឆ្នាំ​កន្លង​មក​ក្រសួង​បាន​បណ្តុះ​បណ្តាល​មន្ត្រី​សរុប​ចំនួន​៤១៤​នាក់ហើយ​ ។

លោក​ប្រធាននាយកដ្ឋាន​បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា «នេះជាទស្សនវិស័យដ៏វែង​ឆ្ងាយ​របស់​ថ្នាក់ដឹកនាំ​ដែល​ចង់ឱ្យមន្ត្រី​ពោរ​ពេញ​ទៅ​ដោយ​សមត្ថ​ភាព​ដើម្បីបំពេញ​ការងារ​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព ។ សម្រាប់​សិក្ខា​កាមថ្ងៃនេះ​ក៏ដូច​ជា​បណ្តា​ឆ្នាំមុនៗ​ដែរ គឺ​យើង​នឹងមិន​ពិភាក្សា​ជា​លក្ខណៈ​ទ្រឹស្តីឡើយ ប៉ុន្តែ​យើង​ផ្តោតតែ​ទៅ​លើ​ការងារ​ជាក់ស្តែង រៀន​ធ្វើដើម្បីយក​ចំណេះ​ដឹង​នេះទៅអនុវត្ត​នៅអង្គភាព​វិញ»។

លោក​ហេង​ សួរ អគ្គ​​នាយក​នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញ​វត្ថុ​នៃក្រសួង​ការងារ​និង​បណ្តុះបណ្តាលវិជ្ជា​ជីវៈ​បាន​ឱ្យដឹងថា ការពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​បុគ្គលិក​ចំណុះ​ឱ្យ​ក្រសួង​​​គឺ​សំខាន់​ណាស់​សម្រាប់​ការ​ក្លាយ​ខ្លួន​ជាមន្ត្រី​រាជការ​មួយ​ដែល​មាន​សមត្ថ​ភាព​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ។ ដូច្នេះ​មន្ត្រី​ទាំង​អស់​ត្រូវ​ចូល​រួមវគ្គបណ្តុះ​បណ្តាល​ដើម្បីកសាង​សមត្ថ​ភាព​និងអាច​អភិវឌ្ឍន៍ជាមន្ត្រី​ដ៏ល្អមួយ​នៅថ្ងៃខាង​មុខ ។ លោកបានផ្តាំផ្ញើ​ឱ្យសិក្ខាកាម​ទាំងអស់​ត្រូវចេះ​អភិវឌ្ឍន៍​ខ្លួនឯង ដើម្បី​ធ្វើយ៉ាង​ណាឱ្យក្លាយ​ជាអ្នក​មានសមត្ថភាព​និងស្នាដៃ ៕