ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តចរន្ត​​អគ្គិសនី​​​​បូមទឹក​​ស្រោច​ដំណាំ​​​ឆក់​ស្លាប់​​​ក្នុង​ស្រះទឹក​

13 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ​បុរសចំណាស់​​ម្នាក់​​​​​ឈ្មោះ​​ម៉ៅ​ សៅ ​អាយុ​៥៤​ឆ្នាំ​ ​រស់​នៅភូមិ​​តាង៉ែន ​សង្កាត់​​​ប៉ៃលិន ​ក្រុង​ប៉ៃ​លិន ​​​ត្រូវ​​​​​​ចរន្ត​​អគ្គិសនី​​​ឆក់​ស្លាប់​​​ភ្លាមៗ​​នៅ​​ក្នុង​ស្រះទឹក​​​​ក្រោយ​ផ្ទះ​​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​​ ខណៈ​ដែល​​​​បុរស​រូបនេះ​​​​​​​តចរន្តអគ្គិសនី​​​​​​ចេញពីផ្ទះ​​​​ខ្លួន​ដើម្បី​​​​ភ្ជាប់​​​​​ទៅ​នឹង​​​​ម៉ូទ័រ​​​​​នៅមាត់​​​​​ស្រះ​ ពេល​​តំណ​ខ្សែ​ភ្លើងត្រូវ​​ទឹក​​​សើម​​ក៏ឆ្លង​ចរន្ត​​បណ្តាល​​ឱ្យ​ឆក់​​​​​ស្លាប់​​តែម្តង ដែល​​ ​ហេតុការណ៍​​​​​​​​​នេះ​បាន​​​កើត​ឡើង​នៅ​​វេលា​​ម៉ោង​៨និង​នាទី​១០​​​ព្រឹក​​​​ថ្ងៃទី​​១៤ សីហា ​​​។​

ប្រភពព័ត៌​មាន​​​ឱ្យ​ដឹងថា នៅមុន​​ពេល​​​កើត​ហេតុគេឃើញ​​បុរសចំណាស់​​រូបនេះ​​បានដោត​​ឌុយ​​​ចូល​​​ព្រី​ភ្លើង​​នៅ​​​ក្រោម​​ផ្ទះ​ បន្ទាប់​មក​​គាត់​បាន​ដើរ​ទៅ​​ក្រោយ​ផ្ទះ​​ ដើម្បី​ដោត​​ឌុយ​​​តភ្ជាប់​​​​កន្ទុយ​​​ខ្សែភ្លើង​​ទៅនឹង​​​ម៉ូទ័រ​​​នៅ​​​ក្បែរមាត់​​ស្រះ​  ចម្ងាយ​ប្រហែល​​២០០​ម៉ែត្រ​ពីផ្ទះ​​របស់​គាត់ ។ ​ពេល​​​​​កំពុង​តែ​កាន់​​កន្ទុយខ្សែ​​​ភ្លើង​​​ទៅ​ដោត​​​ចូល​​រន្ធ​ម៉ូទ័រ​​​ស្រាប់​តែ​​តំណ​ខ្សែភ្លើង​​ត្រូវទឹក​​​សើម​​​​ក៏ឆ្លង​​​ចរន្ត​​បណ្តាល​ឱ្យ​​ឆក់គាត់​​ដួល​​ចូល​​ក្នុងទឹក​ស្រះ​​​​​ស្លាប់​​តែម្តង ​​ដោយ​គ្មាន​​​​នរណា​ម្នាក់​​​​​​​​ដឹង​​នោះទេ  ​​លុះ​ប្រពន្ធ​​​​ចាំបាត់​​ៗ​ប្រហែល​​​​២ម៉ោង​​​ក៏​ដើរ​​​ទៅរក​​មើល​​ឃើញ​​ម៉ូទ័រ​កំពុង​​វិល​បូម​​ទឹក​ហូរ​ចោល​​​ពេញ​​​វាល​​ ចំណែក​ប្តីរបស់​​គាត់​​​​ឃើញ​​ស្លាប់​​​អណ្តែត​​​ក្នុងទឹក​ស្រះទៅ​ហើយ ។

បុរសរងគ្រោះ​​​ដែល​​​តភ្លើង​​​​នេះ​គឺ​ដើម្បី​​ដាក់ម៉ូទ័រ​​បូមទឹកពីក្នុង​ស្រះ​ស្រោច​​ដំណាំ និង​​​ត្រៀម​​​​លាង​​​ទ្រុង​​​​ជ្រូក​​​របស់​​គាត់​​ដូច​សព្វ​ដង​​​ ។​​​
​តាម​​សម្តី​​​​ស្ត្រី​​ឈ្មោះ​​​​សួន ​ភឿន ​អាយុ​៥៧ឆ្នាំ ជាប្រពន្ធ​​បាន​និយាយ​​រៀបរាប់​​ទាំង​អួល​​អាក់​​ប្រាប់​កោះ​សន្តិភាព​​​ឱ្យ​ដឹងថា ​​​​ជារៀង​រាល់​​ថ្ងៃ​ប្តី​របស់គាត់តែងតែតភ្លើង​ដាក់​ម៉ូទ័រ​​មួយ​គ្រឿង​នៅ​ក្បែរ​​មាត់ស្រះ​ក្រោយ​ផ្ទះ​ដើម្បី​បូម​ទឹក​​​​បាញ់​ស្រោច​ដំណាំ​ ​និង​បាញ់​លាង​ទ្រុង​​ជ្រូក​​មិន​ដែល​ឃើញ​មានបញ្ហាឆក់ ​ឬឆ្លងចរន្តភ្លើងអ្វីឡើយ ​។ ​​

ស្រាប់​តែ​នៅ​ព្រឹក​ថ្ងៃ​​កើត​ហេតុវេលា​ម៉ោង​៨​និង​១០​​នាទីព្រឹក ប្តី​គាត់​បាន​ចេញ​ទៅ​ធ្វើ​ការ​ងារ​ខាង​លើ​ដូច​សព្វ​ដង ខណៈ​​​រូបគាត់​រង់ចាំ​មើល​ផ្លូវ​ប្តី​​​ត្រឡប់មកហូប​បាយ​នៅផ្ទះវិញ​អស់​រយៈ​ពេល​​២​ម៉ោង​​​មិន​ឃើញ​​​ក៏ដើរទៅហៅប្តី ដោយ​ស្មាន​ថា​ប្តី​គាត់​អង្គុយ​លម្ហែ​​កាយ​ពេល​ស្រោច​​ដំណាំ​​និងលាង​​ទ្រុង​ជ្រូក​រួច ​។ ​ប៉ុន្តែ​ការ​ប៉ាន់​ស្មាន​​នេះ​គឺ​ខុស​ស្រឡះ​ ខណៈ​​​​​ពេល​គាត់​​​​ទៅ​ដល់​មាត់​ស្រះ​​ ស្រាប​់​តែ​​​​ឃើញ​សព​​ប្តីអណ្តែត​​ក្នុង​​ទឹកស្រះ​​​បាត់​ទៅ​ហើយ ​ទើប​រត់​មកដកឌុយព្រីភ្លើងនៅឯ​ផ្ទះ​​​​​​​​វិញ រួច​​ហៅបងប្អូន​កូន​ចៅឱ្យ​ទៅ​លើក​​សព​​ប្តី​​ដាក់​លើគោក​យកទឹកមកលាងជម្រះ​រួចរៀបចំធ្វើ​បុណ្យទៅតាមប្រពៃណី ៕