ខេត្តពោធិ៍សាត់ ៖ គ្រោះរាំងស្ងួតរយៈពេលជាងមួយខែនេះបានធ្វើឱ្យរាំងស្ទះដល់ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់បងប្អូនប្រជាកសិករនៅខេត្តពោធិ៍សាត់ តាមស្រុកមួយចំនួនមិនអាចដំណើរការទៅមុខទៀតបានហើយសំណាបសន្ទូង និងស្រូវពង្រោះដែលបានប្រឹងប្រែងសម្រុកធ្វើពីដើមដៃនោះត្រូវក្រៀមស្វិតចេញពណ៌ដូចសក់ហាយឡាយ និងងាប់ជាបណ្តើរៗដោយសារតែខ្វះទឹក ។
ស្ថិតក្នុងស្ថានភាពបែបនេះ ក៏ដូចជាចងចាំនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានលើកឡើងថា ទុកកង្វល់របស់ប្រជាពលរដ្ឋ គឺជាទុក្ខកង្វល់របស់រាជរដ្ឋាភិបាលនោះនារសៀលថ្ងៃទី១៤ សីហា ២០១២ លោករដ្ឋមន្ត្រី ស៊ុយ សែម ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ និងលោកលី ណារុន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានចុះត្រួតពិនិត្យមើលការខូចខាត និងសកម្មភាពបូមទឹកសង្គ្រោះរបស់មន្ទីរធនធានទឹក និងឧតុនិយមនៅស្រុកភ្នំក្រវាញ ។
លោកទូច សំបូរ អភិបាលស្រុកភ្នំក្រវាញ បានរាយការណ៍ថា ចំណោមឃុំទាំង៧ក្នុងស្រុកភ្នំក្រវាញ មានឃុំចំនួន៥ដែលជួបគ្រោះរាំងស្ងួតខ្លាំងជាងគេ គឺឃុំសន្ទ្រែ លាច រកាត ព្រងិល និងសំរោង ។ ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ នេះធ្វើបាន៨.៤៤១ហិកតា គ្រោះរាំងស្ងួតបានបង្អាក់ដំណើរការតាំងពីដើមខែកក្កដា មកដល់ពេលនេះបានបំផ្លាញសំណាប សន្ទូង និងស្រូវពង្រោះអស់១.៨១២ហិកតាហើយ ។ កន្លែងដែលមានប្រភពទឹកយើងអាចបូមដាក់ប្រឡាយដើម្បីឱ្យប្រជាកសិករគាត់បូមបន្តបញ្ចូលស្រែរបស់គាត់បាន ប៉ុន្តែកន្លែងដែលគ្មានប្រភពទឹក ឬឆ្ងាយពីប្រភពទឹក និងគ្មានប្រឡាយទៀតនោះមិនដឹងជាមានវិធីសាស្ត្រយ៉ាងណានោះទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ