ខេត្តបន្ទាយមានជ័យ ៖ នៅផ្សាររ៉ាចាស់គេឃើញគំនរសំរាមដែលតម្រូវឱ្យដាក់ក្នុងធុងបែរជាស្ថិតនៅក្រៅធុងទៅវិញ និងត្រូវបានគេប្រាប់ថា ដោយសារក្រុមហ៊ុនមិនបានមកដឹករយៈពេលជាងមួយខែមកហើយ និងមួយកន្លែងទៀតត្រូវបានអ្នកស្រុកយកទៅចាក់ដោយមិនចាំបាច់បង់លុយ។ បញ្ហគំនរសំរាមនេះកំពុងធ្វើឱ្យមានការប៉ះពាល់ដល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។
ផ្សាររ៉ាចាស់ ស្ថិតនៅក្នុងភូមិសែនសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ ប្រជាពលរដ្ឋនិយាយថា គំនរសំរាមទាំង២នេះ មួយជាគំនរដែលអ្នកលក់ដូរយកទៅចោលមិនចាំបាច់បង់លុយដល់ក្រុមហ៊ុនយកសំរាម ឯគំនរមួយទៀតដែលមានធុងនៅក្បែរត្រូវក្រុមហ៊ុនទុកចោលមិនឃើញមកដឹករយៈពេលជាង១ខែមកហើយ ។
ប្រជាពលរដ្ឋបញ្ជាក់ថា កន្លងមកក្រុមហ៊ុន«កាអូ»សេវាដឹកជញ្ជូនសំរាមនិងសម្អាតក្រុង ដល់ខែមិនទាន់យកវិក្កយបត្រឱ្យបង់លុយ ក្នុង១ផ្ទះបង់ថ្លៃ១០.០០០រៀល ហើយទាមទារដំឡើងថ្លៃ១៥.០០០រៀលទៀត តែសំរាមមិនឃើញមកដឹកទុកចោលឱ្យស្អុយបែបនេះ ។ មានការកត់សម្គាល់ថា គេឃើញ១ខែដឹក២ដង តែខែនេះមិនទាន់ឃើញមកដឹកទើបសំរាមរលួយស្អុយបង្កឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងបរិស្ថាន ដែលគួរតែអាជ្ញាធរក្រុងមានវិធានការចំពោះបញ្ហានេះផង ។
ពាក់ព័ន្ធនឹងបញ្ហាគំនរសំរាមទុកចោលមិនឃើញក្រុមហ៊ុនមកដឹកនេះ អ្នកយកព័ត៌មានបានទាក់ទងជាមួយក្រុមហ៊ុន«កាអូ»សេវាដឹកជញ្ជូនសំរាមនិងសម្អាតក្រុង ដើម្បីសុំការបំភ្លឺដែរ តែមិនអាចទាក់ទងបាន ។ លោកអ៊ុំ រាត្រី អភិបាលក្រុងសិរីសោភ័ណបានប្រាប់តាមទូរស័ព្ទថា បញ្ហាសំរាមដែលកកស្ទះនៅផ្សាររ៉ាចាស់នោះលោកបានដឹងដែរ តែលោកដឹងថា ក្រុមហ៊ុនមានកិច្ចសន្យានៅផ្សាររ៉ាចាស់ គេឃើញរយៈពេល៧ថ្ងៃដឹក២ដង ៕



ចែករំលែកព័តមាននេះ