ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី១៣ សីហា កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការរឹបអូសឈើ ប្រណីតប្រភេទធ្នង់ជាច្រើនរយកំណាត់ដែលមានមុខកាត់ធំជាប្រភេទត្រូវប៉ាន់ក្នុងការនាំចេញទៅលក់នៅប្រទេសវៀតណាម ដោយឈ្មួញទុច្ចរិត បានដាក់ពង្រាយតាមមាត់ទន្លេសេកុង និងសេសាន ។
តាមលោកសិទ្ធ សំណាង នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែងឱ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយនគរបាលស្នងការដ្ឋានខេត្ត បានធ្វើការរឹបអូសឈើនៅចំណុចជួរអ្នកតាក្នុងភូមិសាស្រ្តឃុំស្រែគ ស្រុកសេសាន បានចំនួនជាង១០០កំណាត់ជាប្រភេទឈើធ្នង់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងរយៈពេល៣ថ្ងៃកន្លងមកហើយ និងបានប្រមូលឈើទាំងនោះយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើឃុំស្រែគ ។ លោកបន្តថា រហូតមកដល់ថ្ងៃទី១៣ សីហា នៅ មិនទាន់បានដឹងពីចំនួនឈើថា ប៉ុន្មានម៉ែត្រគូបនៅឡើយទេ ហើយកំពុងស្វែងរកឈើទាំងនោះដែលឈ្មួញយកមកលាក់ទុកក្នុងព្រៃក្បែរមាត់ច្រាំងទន្លេសេសានជាបន្តទៀត ។
ស្របពេលមានការចុះបង្រ្កាបឈើនៅតាមដងទន្លេសេសាន មន្រ្តីរដ្ឋបាលព្រៃឈើស្ទឹងត្រែងសហការជាមួយនគរបាលនៃស្នងការដ្ឋានខេត្ត បានចុះប្រតិបត្តិការបង្រ្កាបនិងរឹបអូសឈើតាមដងទន្លេសេកុង បានឈើធ្នង់ប្រភេទត្រូវប៉ាន់ដូចគ្នាចំនួនជាង២០០កំណាត់ នៅក្នុងភូមិសាស្រ្ត៣ចំណុចគឺអូរឃ្លៀង អូរចំណាប និងកោះត្បែង ក្នុងស្រុកសៀមប៉ាង។ នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញប្រចាំនៅតំបន់អភិវឌ្ឍន៍ញឺន ឃុំស្តៅ ស្រុកសេសាន។ មន្រ្តីរដ្ឋបាលព្រៃឈើឱ្យដឹងថា ឈើដែលប្រមូលតាមដងទន្លេក្នុងភូមិសាស្រ្តខាងលើ មិនទាន់មានចំណាត់ការថានឹងយកទៅរក្សាទុកនៅកន្លែងណាច្បាស់លាស់នៅឡើយទេ ដោយសារទីតាំងលាក់ស្តុកឈើរបស់ក្រុមឈ្មួញនៅឆ្ងាយពីទីតាំងរបស់រដ្ឋបាលព្រៃឈើពេក តែទោះជាយ៉ាងណាកម្លាំងជំនាញនឹងរកមធ្យោបាយដឹកតាមកាណូតយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ។
បើតាមប្រភពពីប្រជាពលរដ្ឋឱ្យដឹងថា រាល់បទល្មើសកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅតំបន់ភូមិសាស្ត្រខាងលើ តែងតែកើតមានជារៀងរាល់ឆ្នាំ ដោយនៅរដូវប្រាំងពួកគេនាំគ្នាកាប់ដឹកចេញពីភូមិសាស្ត្រនានាក្នុងស្រុកពីរ គឺស្រុកសៀមប៉ាង និងស្រុកសេសានយកមកគរទុកនៅចំណុចមាត់ទន្លេសេសាននិងដងទន្លេសេកុង ត្រៀមដល់រដូវទឹកឡើង។ នៅតាមដងទន្លេសេសានគឺមានចាប់ពីចំណុចក្រោមជួរអ្នកតារហូតដល់ភូមិស្រែគ ស្រែសាមី រីឯទន្លេសេកុងមាននៅចំណុចអូរចំណាប អូរឃ្លៀង កោះត្បែងដែលមានរាប់រយកំណាត់ ។ ក្រុមឈ្មួញប្រមូលទិញ ស្តុកទុកតាមជួរមាត់ទន្លេបានច្រើនរហូតគ្រប់ចំនួនទើបដឹកជញ្ជូនតាមទូកបានដល់៤០ទៅ៥០ម៉ែត្រគូប ទើបដឹកចេញទៅកាន់ខេត្តក្រចេះ តែដោយសារមានការបែកធ្លាយរឿង ក៏ត្រូវកម្លាំងជំនាញធ្វើការចុះបង្ក្រាបតែម្តង ៕






ចែករំលែកព័តមាននេះ