ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី១៤ សីហា នៅមាត់ច្រកទា្វារព្រំដែនអន្តរជាតិបាវិតក្រុងបាវិត មានភ្ញៀវទេសចរបរទេសចូលមកកម្ពុជាជាង១០០នាក់ ឆ្លងកាត់ទៅរាជធានីភ្នំពេញ និងទៅកម្សាន្តនៅតំបន់ទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា។
បើតាមលោកវរសេនីយ៍ទោអឹុង សុងយូ ប្រធានអង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតឱ្យដឹងថា បើគិតក្នុងរយៈពេល៩ខែចាប់ពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១១ មកដល់ថ្ងៃទី៣១ កក្កដា ឆ្នាំ២០១២ ភ្ញៀវទេសចរចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិបាវិតមានចំនួន៥៤៦.៩២៥នាក់ (ស្ត្រី២២២.៥៤៧នាក់ ) បើប្រៀបធៀប៩ខែ ឆ្នាំ២០១១ ដែលមាន៤៧៤.៤១៤នាក់ គឺកើនឡើងចំនួន៧២.៥១១នាក់ស្មើនឹង១៣,២៥ភាគរយ ។
ចំណែកភ្ញៀវទេសចរចេញពីកម្ពុជាចូលទៅវៀតណាមមានចំនួន៥០០.១៥០នាក់(ស្រី២០៥.៣៩៥នាក់ )បើប្រៀបធៀប៩ខែដើមឆ្នាំ២០១១ដែលចេញចំនួន៤៥២.៣៩៧នាក់កើនគឺ៤៧.៧៥៣នាក់ ស្មើនឹង៩,៥៤% ។ ភ្ញៀវទេសចរទាំងអស់នេះភាគច្រើនជាជនជាតិវៀតណាម ស្ថិតនៅចំណាត់ថ្នាក់ទី១ ឯចំណាត់ថ្នាក់ទី២-កូរ៉េ ចំណាត់ថ្នាក់ទី៣-ជប៉ុន និងចិន បន្ទាប់មកគឺចម្រុះជាតិសាសន៍ ។
លោកអ៊ឹង សុងយូ បន្តទៀតថា ការដែលភ្ញៀវទេសចរចូលមកព្រះរាជាណាចក្រកម្ពុជាកើនឡើងនេះ ដោយសារតែយើងមានសណ្តាប់ធ្នាប់សាធារណៈល្អ មន្ត្រីការពារ និងត្រួតពិនិត្យតាមច្រកទា្វារអន្តរជាតិ ធ្វើការងារបម្រើភ្ញៀវបានល្អ ឆាប់រហ័ស ជាពិសេសការបម្រើសេវាសាធារណៈបានល្អ ធ្វើឱ្យភ្ញៀវមានទំនុកចិត្ត មិនមានការថ្នាំងថ្នាក់ពីភ្ញៀវ ៕




ចែករំលែកព័តមាននេះ