ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​គ្នា​រឿង​​​​ភ្នាល់​​2.000រៀល​ទាញ​កាំភ្លើង​​​បាញ់​គំរាម​​​បា្លត​​គ្រាប់​ត្រូវ​ស្មាបុរស​ម្នាក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ បុរសម្នាក់​បាន​រង​របួស​​​​ស្មា​ខាង​ឆ្វេង​​​ដោយគ្រាប់​​​កាំភ្លើង​​​មន្ត្រី​យោ​ធា​ម្នាក់​​​​ ដែល​បាញ់​​ផ្ញុច​​ដី​ហើយ​គ្រាប់​កាំ​ភ្លើង​​​​ប្លាត​ត្រូវ​​ ។​ ការផ្ទុះ​​​អាវុធ​​នេះ​ផ្តើម​ចេញ​​​ពី​ទំនាស់​​ពាក្យ​សម្តី​​​គ្នា​រវាង​​​​បុរស​រង​គ្រោះ​​​​ និងកូន​ប្រុស​​​របស់​ខ្មាន់​​​កាំភ្លើង​នៅកន្លែង​​លេង​​បុក​ប៊ីយ៉ា​ស្ថិត​ក្នុង​ភូមិ​​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ​ កាល​ពី​វេលាម៉ោង​​១២អធ្រាត្រ​​​ថ្ងៃទី​​១៣ សីហា​ ហើយ​ក្រោយ​ពេល​កើតហេតុ​​ បុរ​ស​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ ។​​

​បុរស​​ដែល​រង​របួស​ឈ្មោះ អាត់ សំ អាយុ​៣៣​​ឆ្នាំ ជាកម្មករ​រោង​ចក្រ​​​កាត់​ដេរ ​​​ស្នាក់​នៅ​​​ផ្ទះ​ជួល​​​ជិត​កន្លែង​​កើតហេតុ ចំណែក​​​ឯមន្ត្រី​​​យោធា​​​​ដែលបង្កការ​​​ផ្ទុះ​អាវុធ​​​នេះ​ឈ្មោះ មាស​ ពៅ​ អាយុ​៤៥​ឆ្នាំ ជាម្ចាស់​​​តុបុក​​ប៊ីយ៉ា​ ។ ក្រោយ​ពេល​មាន​ការ​ផ្ទុះ​អាវុធ​​​​ សមត្ថកិច្ច​​កងរាជ​អាវុធ​​ខណ្ឌ​មាន​ជ័យ​​​​បាន​ចុះ​អន្តរាគមន៍​ឃាត់​​ខ្លួន​ឈ្មោះ មាស ពៅ នាំមកកាន់​​បញ្ជាការ​​​​ដ្ឋាន​កង​រាជ​​អាវុធ​​ហត្ថ​​ខណ្ឌ​​ទាំង​យប់ លុះ​ព្រឹក​​​ឡើង​ថ្ងៃទី​​​១៤ សីហា​ ក៏​បាន​កសាង​​សំណុំ​រឿង​​​បញ្ជូន​ទៅ​​បញ្ជាការ​​​ដ្ឋាន​កង​រាជ​អាវុធ​​ហត្ថ​រាជ​ធានី​​​ដើម្បី​ចាត់​ការ​​​តាម​ផ្លូវ​ច្បាប់ ។

តាម​ប្រ​ភព​ព័ត៌មាន​​​ទាក់​ទង​នឹង​ហេតុការណ៍​នេះ​បាន​ឱ្យ​ដឹងថា មុន​ពេល​​​មានស្នូរ​​ផ្ទុះ​អាវុធ​​​​កើតឡើង​​​ កូន​ប្រុស​​​របស់​ឈ្មោះ មាស​ ពៅ​ ដែល​​ជា​ម្ចាស់​តុប៊ី​យ៉ា​បា​ន​លេង​បុក​ប៊ីយ៉ា​ជាមួយ​​គ្នីគ្នា​​​​​ផ្សេង​ទៀត​ ហើយ​ឈ្មោះ អាត់​ សំ បាន​ឈរ​មើល​​គេ​​លេង​​​ និង​បាន​និយាយ​​ភ្នាល់​គ្នា​​ជាមួយ​កូន​ប្រុស​របស់​ឈ្មោះ មាស​ ពៅ​ ថាបើបុក​មួយ​គ្រាប់​នេះ​ចូល​ខ្លួន​ដាក់​​ពីរពាន់​រៀល ឬ​ដប់​ស៊ី​ប្រាំ ។ ពេល​នោះ​​ឈ្មោះ អាត់​ សំ​ ​បានដក​លុយ​​ពី​ហោ​ប៉ៅ​​​ខោ​ចំនួន​​ពីរពាន់​រៀល​​ដាក់​លើ​​តុ​ប៊ី​យ៉ា​ជាសញ្ញា​​​ថាខ្លួន​បាន​​​​ភ្នាល់​​ដាក់​លុយ​​ពិត​ប្រាកដ​មែន​ បន្ទាប់​មក​ដោយ​សារ​កូន​ប្រុស​​​របស់​ឈ្មោះ មាស​ ពៅ​ បុក​អត់​ចូល​​​​រន្ធ​​ ឈ្មោះ អាត់ សំ​​ ក៏​បាន​ទារ​​​លុយ​ពីកូន​​​ប្រុស​របស់​ឈ្មោះ មា​ស​ ពៅ​ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ផ្តើម​​​ចេញ​ពីបញ្ហា​​នេះ​ក៏​កើត​មាន​ទំនាស់​​ពាក្យ​សម្តី​​​គ្នា​ ឯ​ឈ្មោះ មាស​ ពៅ​ ជាឪពុក​​​​ឮកូន​ទាស់គ្នា​​​ក៏​ចេញ​មក​​សួរ​នាំ​​​ហើយ​ទាស់​ពាក្យ​សម្តី​គ្នា​​រហូត​ឈ្មោះ មាស​ ពៅ ​ទាញ​កាំភ្លើង​​​ខ្ល​ី​ម៉ាក​​រូឡូ បាញ់​ផ្ញុច​ដី​មួយ​​គ្រាប់​​គំរាម​ឈ្មោះ អាត់​ សំ ​។ ការ​​បាញ់​នេះ​បណ្តាលឱ្យ​គ្រាប់​កាំភ្លើង​​​ប្លាត​ទៅ​ចំ​ស្មា​ឈ្មោះ អាត់​ សំ ​បៀម​គ្រាប់​​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​​​ព្យាបាល​​​នៅមន្ទីរពេទ្យ​​មិត្តភាព​ខ្មែរ​​-​សូវៀត​ ៕