ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងនារីម្នាក់ទៀតបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យដោយសារជិះម៉ូតូឌុបគ្នាទាក់ដៃជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យដួលលើថ្នល់ស្របពេលរថយន្តដឹកខ្សាច់បើកមកពីក្រោយមកដល់ជាន់ហ្វ្រាំងមិនទាន់ក៏កិនអ្នកទាំង២តែម្តង ។ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ សីហា លើកំណាត់ផ្លូវលេខ១០៧កែងផ្លូវលេខ២០១ ចំណុចខាងមុខគ្លីនិកក្រុងតាខ្មៅ អតីតមន្ទីរពេទ្យកែវ សាន ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីប៉ូលិសចរាចរក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ភ្លាមៗក្នុងហេតុការណ៍នេះឈ្មោះ ជា សាលី អាយុ២៣ឆ្នាំ មានទីលំនៅភូមិប្រធាតុ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល និងនារីម្នាក់ទៀតជាអ្នករួមដំណើរជាមួយរងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យឈ្មោះ ស្រ៊ន សុងហេង អាយុ២៤ឆ្នាំ មានទីលំនៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស ពណ៌ខ្មៅ ចំណែកអ្នកបើករថយន្តឈ្មោះ អឿន បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បើករថយន្តបែនដឹកខ្សាច់ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ ។ ក្រោយពេលកើតហេតុប៉ូលិសចរាចរក្រុងតាខ្មៅបានចុះទៅដល់កន្លែងកើតហេតុឃាត់រថយន្ត និងអ្នកបើកបរយកទៅកាន់អធិការដ្ឋានក្រុងតាខ្មៅ ។
ប៉ូលិសបានបន្តថា មុនពេលកើតហេតុម៉ូតូមួយគ្រឿងម៉ាកស្មាសបើកបរដោយបុរសឌុបស្ត្រីម្នាក់ជិះតាមបណ្តោយផ្លូវលេខ២០១ ក្នុងទិសដៅពីលិចទៅកើតល្បឿនមធ្យម លុះបើកទៅដល់ចំណុចមុខគ្លីនិកក្រុងតាខ្មៅអតីតមន្ទីរពេទ្យកែវ សានបានបត់ម៉ូតូមកខាងឆ្វេងដៃសំដៅទៅរាជធានីភ្នំពេញ ខណៈនោះមានម៉ូតូមួយគ្រឿងម៉ាកវីវ៉ា បានបត់ពីផ្លូវលេខ២០១បញ្ច្រាសទិសគ្នាបណ្តាលឱ្យម៉ូតូទាំង២គ្រឿងប៉ះដៃចង្កូតគ្នា ខ្ទាត់ម៉ូតូស្មាសដួលទៅលើផ្លូវ ស្របពេលរថយន្តបែនដឹកខ្សាច់មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកមកពីក្រោយម៉ូតូស្មាសមកដល់ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅកិនអ្នកបើកម៉ូតូស្មាស បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកនារីរួមដំណើររងរបួសធ្ងន់ ត្រូវបានដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ តែបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ។ សពទាំង២ត្រូវសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកម៉ូតូរម៉កដែលទាក់ដៃម៉ូតូស្មាសនោះមិនរងរបួសទេ ហើយបានជិះគេចខ្លួនបាត់ ។មន្ត្រីនគរបាលចរាចរក្រុងតាខ្មៅបានបញ្ជាក់ថា ម៉ូតូនិងរថយន្តដឹកខ្សាច់ព្រមទាំងអ្នកបើករថយន្តត្រូវសមត្ថកិច្ចប៉ូលិសបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ