ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​មីន​មិនទាន់​ផ្ទុះ​​​​​ជាង​​មួយ​ពាន់​គ្រាប់​​​​ត្រូវ​បាន​​​កម្ទេច​ចោល​

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ កាល​ពី​ព្រឹក​ថ្ងៃទី​១៤ សីហា​ នៅ​ព្រលាន​យន្ត​ហោះ​​ខេត្ត​មាន​​រៀប​ចំ​​ពិធី​ធ្វើ​បទ​បង្ហាញ​ និង​កម្ទេច​គ្រាប់​មិន​ទាន់​​ផ្ទុះ​​​​​ប្រមាណ​ជាង​​មួយ​ពាន់​គ្រាប់​ដែលរុក​​​រក​ឃើញ​​ដោយ​កង​កម្លាំង​​​នៃ​មជ្ឈមណ្ឌល​​ជាតិ​គ្រប់​គ្រង​​​រក្សា​សន្តិភាព​​​បោស​សម្អាត​​មីន​ និង​​កាក​សំណល់​​សម័យ​សង្គ្រាម​នៅ​ការ​ដ្ឋាន​​​សង្កាត់​ស្រះឫស្សី​ ដោយ​សហការ​​​​ជាមួយ​​កង​កម្លាំង​​​យោធភូមិ​ភាគ​ទី​១ ។ ពិធី​ធ្វើ​បទ​បង្ហាញ​ និង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះមាន​ការ​ចូល​រួម​​​ពីលោក ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​​​ និង​ជា​អនុ​​ប្រធាន​​​អាជ្ញាធរ​​មីន​កម្ពុជា​​ និង​លោក​ ម៉ៅ ធនិន​ អភិបាល​រង​ខេត្ត​​ ។

មន្ត្រី​មជ្ឈមណ្ឌល​​ជាតិគ្រប់​គ្រង​​​រក្សា​សន្តិភាព​​បោស​សម្អាត​​​មីន​ និងកាក​សំណល់​​​ពីសម័យ​​​សង្គ្រាម​​​បាន​ថ្លែង​ថា ​ក្នុង​កិច្ច​​ប្រតិបត្តិ​ការ​​​​​រុក​រក​គ្រាប់​​យុទ្ធ​​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​ដែល​នៅ​េសស​សល់​​ពី​សម័យ​​​សង្គ្រាម​នោះ​ កង​កម្លាំង​​​​របស់​យើង​បាន​បើក​​​​ប្រតិបត្តិការ​​នៅខេត្ត​ភូមិភាគ​ឦសាន​ចំនួន​​៣​​ក្នុង​រយៈ​ពេល​​៦​ខែ​គឺ​ខេត្ត​ស្ទឹង​ត្រែង​ ខេត្ត​រតនគិរី និង​ខេត្ត​​​មណ្ឌល​គិរី ។ ក្នុង​រយៈ​ពេល​នេះ​​កង​​កម្លាំង​​របស់​យើង​​បាន​រាវ​រក​ឃើញ​គ្រាប់​​​មិន​ទាន់​​ផ្ទុះ​៨ប្រភេទ​​មាន​ចំនួន​១១៣១​គ្រាប់​ សុទ្ធ​សឹង​​ជាគ្រាប់​​​ដែល​​ងាយ​បង្កគ្រោះ​ថ្នាក់​​​បំផុត​និង​សេស​​​សល់​តាំង​ពី​សម័យ​​សង្គ្រាម​ក្នុង​ទសវត្ស​ឆ្នាំ​៧០​​។ចំពោះ​ការ​ធ្វើបទ​​​​បង្ហាញ​និង​កម្ទេច​​​ចោល​​នា​ព្រឹក​នេះ​មាន​គ្រាប់​គ្រប់​ប្រភេទ​​ចំនួន​​​​១១៣១​​គ្រាប់​ ។

លោក​ ម៉ៅ ធនិន​ អភិបាល​​​រង​ខេត្ត​បាន​ថ្លែង​​​អំណរ​គុណ​​​អាជ្ញាធរ​​មីន​កម្ពុជា​​​ ដែល​បាន​រៀប​ចំកម្លាំង​​​បោស​សម្អាត​មីន​ក្នុង​ខេត្ត​​​ស្ទឹង​ត្រែង​ទាំង​មូល​​​ជាការ​​​រួម​ចំណែក​​​ជួយ​ស្រោច​ស្រង់​​ឱ្យ​ផ្ទៃ​ដី​​​នៃ​ខេត្ត​​​ស្ទឹង​ត្រែង​​​មាន​សុវត្ថិភាព​​​ដល់​ប្រជា​ពល​រដ្ឋ​​​ ។ ​​​​លោក​​​ ប្រាក់​​ សុខុុន បាន​ថ្លែង​ថា លោក​មាន​​​ការ​ត្រេក​អរ​ដែល​កង​កម្លាំង​​​របស់​លោក​មាន​​​ការ​​សាមគ្គី​គ្នា​ក្នុង​ការ​​​បោស​សម្អាត​មីន​និង​​​គ្រាប់​មិន​ទាន់​ផ្ទុះ​​​​ដើម្បី​​​រំដោះ​​ផ្ទៃ​ដី​​ជូន​ប្រជាពល​រដ្ឋ​​​​​​​បាន​ធ្វើ​​កសិកម្ម​​ និង​ជួយ​កាត់​បន្ថយ​​​អត្រា​គ្រោះ​ថ្នាក់​​​ដោយ​សារ​​គ្រាប់​​​មិន​ទាន់​​ផ្ទុះ​និង​គ្រាប់​មីន ​ព្រម​​ទាំង​​ជួយ​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​​របស់​ប្រជាពលរដ្ឋ​​​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​​ក៏​ដូច​ជា​​ខេត្ត​ដទៃ​​​ទៀត​ ។

ទន្ទឹម​​នឹង​នេះ​​ លោក​បាន​ក្រើន​​រំលឹក​ដល់​ប្រជាពលរដ្ឋ​​ក្នុងខេត្ត​ស្ទឹង​ត្រែង​​​ឱ្យ​យល់​ពីគោល​​​ការណ៍​របស់​​​រដ្ឋាភិបាល​​​ក្នុងការ​ចាត់​​​តាំង​​ឱ្យ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ចុះ​​​វាស់​ដី​ជូន​ប្រជា​ពលរដ្ឋ​​​ផង​ដែរ ៕