ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​រថយន្ត11គ្រឿង​សម្រាប់​ការ​ពង្រឹង​​​​​ភូមិ​-សង្កាត់​​មាន​សុវត្ថិភាព​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ លោក​ កែប​ ជុតិមា​អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​ប្រគល់​រថយន្ត​ចំនួន​១១​គ្រឿង​ ក្នុងនោះ​១០គ្រឿង​ជារថយន្ត​សម្រាប់​នគរ​បាល​ចុះ​បម្រើ​ការងារ​តាម​មូល​ដ្ឋាន​ និង​គោល​ដៅ​នានា​ និង ១​គ្រឿង​ទៀត​ជា​រថយន្ត​សម្រាប់​ដឹក​អ្នក​ទោស​ ដល់​នគរ​បាល​រាជ​ធានី​ភ្នំពេញ​សម្រាប់​ការ​ពង្រឹង​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​ក្នុង​នយោ​បាយ​​ភូមិ-សង្កាត់​​មាន​​សុវត្ថិភាព​​នៅ​​រាជ​​ធានី​​ភ្នំពេញ​​ឲ្យ​កាន់​តែ​​ប្រសើរ​​ឡើង ។ ការ​​ប្រគល់​​រថយន្ត​នេះ​បាន​ធ្វើ​ឡើង​ នា​ព្រឹក​ថ្ងៃទី​១៤​សីហា​ នៅ​សាលារាជ​ធានី​ភ្នំពេញ​ បន្ទាប់​ពី​កម្ម​វិធី​បូក​សរុប​ការងារ​អនុវត្តន៍​គោល​នយោបាយ​ភូមិ-សង្កាត់​មាន​សុវត្ថិភាព​នៅ​រាជធានី​ភ្នំពេញ​ក្នុងរយៈ​ពេល​៦ខែដើម​ឆ្នាំ២០១២​រួច​មក​ ។

គោល​នយោបាយ​ភូមិ​-សង្កាត់​មាន​សុវត្ថិ​ភាព​​នេះ គឺជា​ការងារ​ដ៏សំខាន់​មួយ​របស់​សាលា​រាជ​​ធានី​ភ្នំពេ​ញ​ ដែល​ជះ​ឥទ្ធិពល​ជា​វិជ្ជ​មាន​ដល់​សន្តិ​សុខ​​​សណ្តាប់​ធ្នាប់​សង្គម​ក្នុង​រាជ​ធានី​ រួម​ចំណែក​​កាត់បន្ថយ​ការព្រួយ​បារម្ភ​របស់​ប្រជា​ពល​រដ្ឋ និងបង្កភាព​អនុគ្រោះ​ដល់​ការ​អភិវឌ្ឍ​រាជ​ធានី​ភ្នំពេញ ។ លោក​ឧត្តម​សេនីយ៍​ត្រី​ទូច ណារ៉ុថ ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ បាន​បង្ហាញ​ឲ្យឃើញ​ពី​សភាព​ការណ៍នៃការ​បង្ក្រាប​បទ​ល្មើស​ក្នុង​ឆមាស​ទី​១​​​ឆ្នាំ២០១២​ ជារួម​កើត​មាន​ឡើង​ចំនួន​២៦១​លើក​ បើប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ២០១១​ក្នុង​រយៈ​ពេល​ដូច​គ្នា​គឺ​ថយ​ចុះ​២៨​លើក​ ។ ដោយ​ឡែក​បទ​ល្មើស​ឧក្រិដ្ឋ​កើត​ឡើង​៨៦​​លើក គឺកើន​ឡើង​១៤​លើក​ធៀប​នឹង​ឆ្នាំ​កន្លងទៅ​ ។

ក្នុង​ចំណោម​បទ​ល្មើស​​ខាងលើ​សមត្ថកិច្ច​បង្រ្កាប​បាន​២០៩​ករណី​ ឃាត់​​ខ្លូន​ជន​សង្ស័យ​បាន​៣៣៤​នាក់ ។ កិច្ច​ប្រជុំ​ក៏​បាន​ចាប់អារម្មណ៍​ទៅលើជន​សង្ស័យ​ដែល​មាន​​ដីកា​ចាប់ខ្លួន​ជាង​៤.០០០​នាក់​នៅ​ទូទាំង​ប្រទេស​ និង​មុខ​សញ្ញា​ទើប​ចេញ​ពី​ពន្ធនា​គារ​ ការ​ប៉ុន​​ប៉ង​​សាក​ល្បង​យករាជធានី​ភ្នំពេញ​ធ្វើជា​កន្លែង​​ផលិត​គ្រឿង​ញៀន​ដោយ​ពួក​ឧក្រិដ្ឋ​ជន​ធំៗត្រូវ​​បាន​សមត្ថកិច្ច​យើង​បង្រ្កាប​បានជា​បន្ត​បន្ទាប់​ ។ ​ទោះ​​បីជា​យ៉ាង​ណា​ សមត្ថ​កិច្ច​​យើង​នៅ​មាន​​ចន្លោះ​ប្រហោង​ដោយសារ​ការ​មិន​ទាន់​យល់ និង​ស្គាល់​ឲ្យបាន​ច្បាស់ពី​វត្ថុធាតុ​ដើម​ដែល​​យក​មក​ផលិត​គ្រឿង​​ញៀន​នៅឡើយ។ លោក​ស្នង​ការ​ ក៏​បាន​បង្ហាញ​ពីរូប​ភាព​អត្ត​សញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​ដែល​ក្រសួង​មហា​ផ្ទៃ​ប្រកាស​ឲ្យប្រើ​ស្រប​តាម​ស្តង់​​ដា​អន្តរ​ជាតិ​ហើយ​ដែល​មន្រ្តី​ជំនាញ​​កំពុង​ផ្តល់​ជូន​ប្រជា​ពល​រដ្ឋ​តាម​បណ្តា​ខណ្ឌ​នានា​​ក្នុង​រាជ​ធានី​ភ្នំពេញ​ ជា​ការផ្តល់​ដោយ​ឥត​​គិត​ថ្លៃ​សម្រាប់​អ្នក​​មាន​សញ្ជាតិ​ខ្មែរ​ និង​មាន​អាសយ​ដ្ឋាន​​អចិន្រៃ្តយ៍ ។

នៅក្នុងឱកាស​នោះ​ លោក​កែប ជុតិមា មាន​ប្រសាសន៍​ថា ក្នុង​តួនាទី​ជា​អាជ្ញាធរ​ដែនដី ​ការ​ធ្វើការងារ​រដ្ឋបាល​ជារឿង​សំខាន់​ណាស់​ដូចជា​ ការពង្រឹង​សន្តិសុខ សណ្តាប់​ធា្នប់​​ ការ​ទប់​ស្កាត់​បទ​ល្មើស​គ្រឿង​​ញៀន​ ការ​ពិ​និត្យ និង​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជាដើម ។ លោក​កែប ជុតិមា​ បានញ្ជាក់​ថា​ ល្មម​​ដល់​ពេល​ដែល​ត្រូវ​សុំ​គោល​ការណ៍​ពី​រាជ​រដ្ឋា​ភិបាល​ដើម្បី​ត្រួត​ពិនិត្យ​អ្នក​ស្នាក់​នៅមិន​ស្រប​ច្បាប់​​ក្នុង​រាជធានី​ភ្នំពេញ​ ព្រោះ​អ្នក​ខ្លះ​មក​ស្នាក់​នៅ​គ្មាន​លិខិត​ស្នាម​អ្វី​ទាំង​អស់​ ហើយ​បើ​យើង​​ធ្វេស​ប្រហែស​ យើង​ជាអ្នក​ទទួល​ទោស​ ។ លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​បន្ថែម​ថា សូម​ចាំ​ថា ពូក​អ្នក​ប្រឆាំង​ និង​ពួក​អគតិ​​នៅតែ​ព្យាយាម​រារាំង​ដំណើរ​​ការ​អភិវឌ្ឍន៍​របស់​​រាជ​រដ្ឋា​ភិបាល ដូច្នេះ​យើង​​ត្រូវ​រៀប​ចំ​ផែនការ​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​ការ​ការ​ពារ​មូល​ដ្ឋាន​ និង​រក្សា​សន្តិសុខ សុវត្ថិភាព​ក្នុង​​ទីក្រុង​របស់​យើង ៕