ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្សពួក៦នាក់ បានត្រូវសមត្ថកិច្ចស្រុកបាកានឃាត់ខ្លួនពាក់ព័ន្ធករណីលួចគោយន្តកន្ត្រៃមួយគ្រឿង កាលពីយប់ថ្ងៃទី១១ សីហា កន្លងទៅនេះ នៅភូមិអូរថ្កូវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ។ ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះសាន សារ៉េន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ២-ឈ្មោះប៊ិន ណាង ភេទប្រុស អាយុ២៥ឆ្នាំ និង៣-ឈ្មោះសៀន នត ភេទប្រុស អាយុ២៥ឆ្នាំ ទាំងពីរនាក់នៅភូមិទួលគូរ ឃុំកោះជុំ ស្រុកកណ្តៀង ។
លោកវរសេនីយ៍ត្រី ម៉ូ លីដា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងថា កាលពីថ្ងៃទី១២ សីហា ប្រជាពលរដ្ឋឈ្មោះសុខ អឿន អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះព្រិន ជីម អាយុ៣០ឆ្នាំ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ បានប្តឹងសមត្ថកិច្ចថា កាលពីយប់ថ្ងៃទី១១ សីហា មានចោរចូលលួចគោយន្តកន្ត្រៃរបស់គាត់មួយគ្រឿងមានសណ្តោងរ៉ឺម៉ក ដែលទុកនៅក្រោមផ្ទះ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម ក្រោមកិច្ចចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក រស់ ប៊ុនណាន ស្នងការរងទទួលបន្ទុកយុត្តិធម៌ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ឱ្យកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍តាមស៊ើបអង្កេត ។
លុះនៅវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១២ សីហា ខណៈពេលម្ចាស់គោយន្ត និងនគរបាលស្រុកបាកានកំពុងតាមរក ស្រាប់តែឃើញគោយន្តដែលចោរលួចនោះបើកចេញពីខ្លោងទ្វារវត្តកោះកែវ ឃុំត្រពាំងជង ឡើងមកផ្លូវជាតិលេខ៥ ដោយជិះគ្នា២នាក់ នៅពេលហៅសួរនាំក៏ឈានដល់ការចាប់ខ្លួនមនុស្សទាំង៣នាក់នេះតែម្តង ។ មិនតែប៉ុណ្ណោះសមត្ថកិច្ចយើងបានដកហូតគោយន្តកន្ត្រៃពីរគ្រឿងទៀត សរុប៣គ្រឿង និងម៉ូតូហុងដាសេ១២៥ចំនួន២គ្រឿង ដែលលាក់ទុកនៅតាមផ្ទះរបស់មុខសញ្ញាខាងលើមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស៊ើបអង្កេតបន្តផងដែរ ។
ជនសង្ស័យទាំង៣នាក់និយាយថា ពួកគេគ្រាន់តែរួមគំនិតប៉ុណ្ណោះ ឯអ្នកដែលធ្វើសកម្មភាពលួចផ្ទាល់ឈ្មោះ ណាក់ ហៅតៃ ឈ្មោះប៉ិច និងឈ្មោះស្រុង នៅឃុំកោះជុំ ស្រុកកណ្តៀង ដែលឥឡូវនេះពួកគេរត់គេចខ្លួនអស់ទៅហើយ។ ជនសង្ស័យទាំង៣នាក់ បន្ទាប់ពីសួរនាំបំពេញសំណុំបែបបទតាមនីតិវិធីរួច ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត នារសៀលថ្ងៃទី១៤ សីហា ដើម្បីចាត់ការតាមច្បាប់ រីឯមុខសញ្ញា៣នាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕



ចែករំលែកព័តមាននេះ