ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​​​វី​ដេ​អូ​​​ និង​ខ្សែ​ភាព​យន្ត​​​កុមារ​​អន្ត​រ​ជាតិ​​អាស៊ី​​ វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​​​​ធ្វើ​នៅ​កម្ពុជា​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​​​​កម្ម​វិធី​​ប្រឡង​​​ជ្រើស​រើស​​​​​វគ្គ​​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​​ក្នុង​ប្រទេស​​​កម្ពុជា​ លើ​ក​ទី​​៤​​សម្រាប់​មហោ​ស្រព​​វី​ដេ​អូ​​ និង​ខ្សែ​ភាព​យន្ត​​​កុមារ​អន្ត​រជាតិ​​​អាសីុ​ នឹង​ប្រារព្ធ​​​​ធ្វើ​ឡើង​​​នៅ​ថ្ងៃ​​ព្រហស្បតិ៍​ ទី​​១៦ សីហា ​ឆ្នាំ​​២០១២​ វេលា​ម៉ោង​​​​៩​​​​ព្រឹក ក្នុង​សាល​​​​អង្គ​​រ​​គី​ហ្ស៊ុណា​នៃ​​​មជ្ឈ​មណ្ឌល​​សហ​ប្រតិ​បត្តិ​ការ​​​​កម្ពុជា​-ជប៉ុន​(CJCC)។

នេះ​បើ​តាម​សេច​ក្តី​ប្រកាស​របស់​​​​ស្ថា​ន​ទូត​​​ជប៉ុន​​​​ប្រចាំ​​នៅ​កម្ពុជា​ កាល​ពី​​ថ្ងៃទី​​១៤ សីហា ។​​ កម្ម​វិធី​​​ប្រឡង​​ជ្រើស​រើស​​​​វគ្គ​ពាក់​កណ្តាល​​ផ្តាច់់​ព្រ័ត្រ​​​​ក្នុង​ប្រ​ទេស​​កម្ពុជា​នេះ​ ​រៀប​ចំ​​​​ឡើង​ដោយ​​​ស្ថាន​ទូត​​ជប៉ុន​​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ រួម​សហ​ការ​ជា​មួយ​​​ក្រសួង​​​អប់​រំ យុវ​ជន និង​កីឡា​ ​និង​មជ្ឈ​មណ្ឌល​​សហ​ប្រតិ​បត្តិ​ការ​​​​​កម្ពុជា​​-ជប៉ុន​ ក្នុង​គោល​បំណង​​​​បង្កើន​ការ​យល់​ដឹង​​​ពី​គ្នា​ទៅ​វិញ​ទៅ​មក​​​ ក្នុង​​ចំណោម​​​សិស្សានុ​សិស្ស​​​នៃ​តំបន់​អាស៊ី​ ។​

ប្រធាន​បទ​នៃ​ខ្សែ​​វី​ដេ​អូ​ និង​ភាព​យន្ត​នេះ​​ មាន​ចំណង​​ជើង​​ថា «អត្ថ​ន័យ​​នៃជីវិត»។​ មាន​​ខ្សែ​​​​ភាព​យន្ត​​​ខ្លីៗ​រយៈ​ពេល​​​៣​​នាទី​ចំនួន​​​៣៦​រឿង​ ត្រូវ​​បាន​​​​ចូល​រួម​​​ប្រកួត​ប្រជែង​​​​ដោយ​សិស្សា​នុ​សិស្ស​​​​ពី​វិទ្យា​​ល័យ​ចំនួន​​៨​​នៅ​ក្នុង​​​​ និង​ជំុ​វិញរាជ​ធានី​ភ្នំពេញ​​​​ ដែល​ក្នុង​នោះ​​​​​ខ្សែ​ភាព​យន្ត​​​​ចំនួន​​​១៦​​រឿង​​ត្រូវ​​​បាន​ជ្រើស​រើស​​​​ដើម្បី​​​បង្ហាញ​​ជូន​​​នៅ​ក្នុង​​​​​​កម្ម​វិធី​​​ប្រឡង​​​ជ្រើស​​រើស​​​​វគ្គ​​ដំបូង​​​នៅ​ក្នុង​ប្រទេស​​នៅ​ថ្ងៃ​ទី​​​១៦ ​សីហា ​​។

​សិស្សានុសិស្ស​​​​វិទ្យា​ល័យ​​​ចំនួន​​៩​​រូប​ ដែល​​​បាន​ទទួល​​​ជ័យ​លាភី​​​ពី​ក្រុម​​ចំនួន​​​៣​ក្នុង​កម្ម​វិធី​ប្រឡង​ជ្រើស​រើស​​​នេះ នឹង​ត្រូវ​​​បាន​អញ្ជើញ​​​ទៅ​ប្រទេស​ជប៉ុន​​​ ដោយ​រដ្ឋា​ភិបាល​​​ជប៉ុន​​ក្នុង​​​​អំឡុង​​​ខែ​វិច្ឆិកា​ ដើម្បី​ចូល​រួម​​​​នៅ​ក្នុង​​កម្ម​វិធី​​​ប្រឡង​​​ជ្រើស​​រើស​​​វគ្គ​ផ្តាច់​​ព្រ័ត្រ​​​នៃ​មហោ​​​ស្រព​នោះ​ ដែល​នឹង​ប្រា​រព្ធ​​​ឡើង​​​​នៅ​ក្នុង​​​ទី​ក្រុង​​​មីណា​មិ​អាវ៉ាជី ប្រទេស​​ជប៉ុន​​​​ នៅ​ថ្ងៃទី​​​២៤ វិច្ឆិកា​ ។​

សិស្សា​នុ​សិស្ស​​​វិទ្យា​​​ល័យ​​​​​នៃ​ប្រទេស​​ឡាវ​​ មី​យ៉ាន់​ម៉ា​​ ថៃ​​​​ វៀត​ណាម​​​​ ចិន ​ចិន​តៃ​​វ៉ាន់​ សាធារ​ណ​រដ្ឋ​​​​​​​​​​​កូរ៉េ​ ម៉ាឡេស៊ី ម៉ុង​ហ្គោលី និង​ប្រទេស​​​ជប៉ុន ​ក៏​ត្រូវ​បាន​អញ្ជើញ​​ចូល​រួម​​​នៅ​ក្នុង​​​មហោ​ស្រព​​​នេះ​ផង​ដែរ​ ។​​ក្នុង​កម្ម​វិធី​​​ប្រឡង​​​​​​វគ្គ​ពាក់​កណ្តាល​​​ផ្តាច់​ព្រ័ត្រ​នៅ​​​​រាជ​ធានី​ភ្នំពេញ​​នោះ​​ ស្ថាន​ទូត​​ជប៉ុន​​ប្រចាំ​​នៅ​កម្ពុជា​​ អំពាវ​នាវ​​​​ឱ្យ​អ្នក​​​យក​ព័ត៌​មាន​​​ចូល​រួម​​​​យក​​ព័ត៌​មាន​​​​ផ្សព្វ​ផ្សាយ​​​ផង​ដែរ ៕​