ខេត្តកំពង់ធំ ៖ បុរសម្នាក់របួសធ្ងន់ ខណៈពេលកំពុងបររទេះសេះមកដល់ចំណុចផ្លូវកោង ស្រាប់តែមានរថយន្តដឹកគោបើកមកពីក្រោយបត់មិនទាន់ក្រឡាប់សង្កត់លើអ្នកបររទេះសេះតែម្តង ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣ សីហា ២០១២ តាមផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍ ។
បើតាមឈ្មោះភ្លុង ភារី ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្អូនរបស់បុរសរងគ្រោះឈ្មោះភ្លុង ពីលីពីន អាយុ៤៨ឆ្នាំ ជាអ្នករត់រទេះសេះ ស្នាក់នៅភូមិកើតហេតុខាងលើឱ្យដឹងថា មុនពេលកើតហេតុភ្លុង ពីលីពីន បានបររទេះសេះតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីខេត្តកំពង់ធំ ឆ្ពោះទៅភ្នំពេញ ខណៈពេលបររទេះសេះមកដល់ផ្លូវកោង ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២,៥តោន ពណ៌ប្រផេះ ដឹកគោ២ក្បាល បានបើកឡាគួមកដល់ក្រឡាប់សង្កត់ពីលើបុរសកំពុងអង្គុយបររទេះសេះនោះតែម្តង បណ្តាលបែកក្បាល បែកមុខ បែកមាត់រងរបួសធ្ងន់ ។ ប្រភពដដែលបានបន្តទៀតថា អ្នកបើកបររថយន្ត សេះ និងគោ នៅលើរថយន្តមិនមានរងរបួសទេ ចំណែកបុរសអ្នកបររទេះសេះរងរបួសធ្ងន់តែម្នាក់ឯងត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យខេត្តត្រពាំងស្វាយ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ