ខេត្តកំពត ៖ ផ្លូវជាតិលេខ៣ ជាផ្លូវមួយខ្សែតភ្ជាប់ពីខេត្តកំពតទៅខេត្តព្រះសីហនុបានទទួលរងការខូចខាតស្ទើរទាំងស្រុង ពិសេសនៅ តំបន់កំពង់ចិន ចំណុចភូមិព្រែកទល់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងភូមិព្រែកអំពិល រហូតដល់ភូមិព្រែកត្នោត ឃុំកោះតូច ខេត្តកំពត ត្រូវខូចយ៉ាងដំណំ ។ ប្រជាពលរដ្ឋដែលធ្វើដំណើរពីកំពតទៅខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកំពត បានត្អូញត្អែរថា ផ្លូវនេះពិបាកធ្វើដំណើរខ្លាំងណាស់ដោយសារតែមានគ្រលុក ធំៗ ។
លោក ញិន អ្នករត់តាក់ស៊ីពីកំពតទៅខេត្តព្រះសីហនុ បានមានប្រសាសន៍ថា កាលផ្លូវនៅស្អាតល្អ ការធ្វើដំណើរក៏រហ័ស ចំណាយពេលវេលាតិចក្នុងការដឹកភ្ញៀវពីកំពតទៅខេត្តព្រះសីហនុ ។ តែដល់ផ្លូវខូចបែបនេះ ពេលខ្លះរថយន្តត្រូវជាប់ដោយសារផ្លូវនៅកន្លែងខ្លះ មានភក់និងគ្រលុកធំ ដែលចំណាយពេលរាប់ម៉ោងសម្រាប់រុញ ។ លោកថា បញ្ហានេះ អាចបង្កឱ្យភ្ញៀវនៅក្នុងរថយន្តមានការអូ៊រទាំ ពីព្រោះម្នាក់ៗសុទ្ធតែប្រញាប់ ។ លោកបានបន្តទៀតថា ផ្លូវនេះទើបតែខូចនៅអំឡុងរដូវវស្សានេះទេ ដោយសារតែមានភ្លៀវនិងរថយន្តធំៗដឹកទំនិញលើសចំណុះបើកឆ្លងកាត់ ។ ចំណែកឯឈ្មួញែដលរកស៊ីដឹកបន្លែពីខេត្តកំពតទៅកំពង់ផែខេត្តព្រះសីហនុ ក៏មានការត្អូញត្អែរដែរថា ការដឹកបន្លែ ទៅកាន់ខេត្តព្រះសីហនុ រាល់ថ្ងៃជួការលំបាកខ្លាំងណាស់តែពេលនេះ ឃើញមន្ត្រីអភិវឌ្ឍផ្លូវនៃគម្រោង ADB ចាប់ផ្តើម បើកការដ្ឋានជួសជុលជាបណ្តើរៗហើយសង្ឃឹុមថា ផ្លូវនេះនឹងជួសជុលបានស្អាត ហើយអាចឱ្យពួកគាត់ធ្វើដំណើរបានស្រួលវិញ ។
ដោយឡែកលោក លឹម សំបូរ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពតបានឱ្យដឹងថា ផ្លូវនេះត្រូវបានស្ថាបនាឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយពេលនេះក្រុមមន្ត្រីជំនាញកំពុងបើកការដ្ឋានជួសជុល តែដោយមួយរយៈនេះជារដូវភ្លៀវ ទើបការជួសជុលហាក់យឺតយ៉ាវបន្តិច ។
គួររំលឹកដែរថា ផ្លូវពីខេត្តកំពតទៅកាន់ខេត្តព្រះសីហនុ ជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ ព្រោះជាផ្លូវតភ្ជាប់ពីតំបន់ទេសចរណ៍មួយទៅតំបន់ទេសចរណ៍មួយទៀត ហើយខេត្តទាំងពីរនេះក៏ជាប៉ូលសេដ្ឋកិច្ចសំខាន់ផងដែរ ជាពិសេស ពេលថ្មីៗនេះខេត្តកំពតទើបតែនឹងបង្កើត កំពង់ផែមួយខ្នាតអន្តរជាតិ សម្រាប់ដឹកទំនិញចេញចូលនិងមានទំនាក់ទំនងគ្នាជាមួយនឹងកំពង់ផែនៅខេត្តព្រះសីហនុ ។ ដូច្នេះផ្លូវនេះដើរតួសំខាន់ណាស់ ៕





ចែករំលែកព័តមាននេះ