ខេត្តប៉ៃលិន ៖ បុរសចំណាស់ម្នាក់បានត្រូវចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងទឹកស្រះក្រោយផ្ទះចម្ងាយប្រហែល២០០ម៉ែត្រ ខណៈបុរសរូបនេះកំពុងតខ្សែភ្លើងពីផ្ទះរបស់ខ្លួនភ្ជាប់ទៅនឹងម៉ូទ័រនៅមាត់ស្រះ ពេលតំណខ្សែភ្លើងត្រូវទឹកសើមឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ស្លាប់តែម្តង ។ ហេតុការណ៍ចរន្តអគ្គិសនីឆក់ស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៤ សីហា ២០១២ ស្ថិតនៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ឈ្មោះម៉ៅ សៅ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅក្នុងភូមិ-សង្កាត់ខាងលើ ។
ប្រភពព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសចំណាស់រងគ្រោះបានដោតឌុយក្នុងព្រីភ្លើងអគ្គិសនីនៅក្រោមផ្ទះ បន្ទាប់មកគាត់ក៏ដើរទៅក្រោយផ្ទះ ដើម្បីដោតឌុយតភ្ជាប់កន្ទុយខ្សែភ្លើងទៅនឹងម៉ូទ័រនៅក្បែរមាត់ស្រះចម្ងាយប្រហែល២០០ម៉ែត្រ ពីផ្ទះរបស់គាត់។ ប្រភពបន្តទៀតថា ពេលបុរសរងគ្រោះកំពុងតែកាន់កន្ទុយខ្សែភ្លើងទៅដោតចូលរន្ធម៉ូទ័របម្រុងនឹងបូមទឹកស្រះបាញ់ស្រោចដំណាំ និងបូមបាញ់លាងទ្រុងជ្រូករបស់គាត់ដូចសព្វមួយដង ស្រាប់តែតំណខ្សែភ្លើងនោះត្រូវទឹកសើមឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ដួលចូលទៅក្នុងទឹកស្រះម្នាក់ឯងស្លាប់តែម្តង ។ លុះប្រពន្ធចាំបាត់ៗប្រហែល២ម៉ោងក៏ដើរទៅ មើលឃើញម៉ូទ័រកំពុងតែវិលបូមទឹកហូរចោលពេញវាល ចំណែកប្តីរបស់គាត់បានស្លាប់អណ្តែតនៅក្នុងទឹកស្រះបាត់ទៅហើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ