ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី១៤ សីហា លោកជៀង អំ អភិបាលខេត្ត រួមដំណើរដោយលោក មែ៉ន វិបុល និងលោក សំ ប៊ុនរិន អភិបាលរងខេត្ត លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមន្ត្រីមន្ទីរសុខាភិបាលខេត្តជាច្រើនរូបទៀត បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់កម្មករ-កម្មការិនីដែលរងរបួសដោយក្រឡាប់រថយន្តចំនួន៥៧នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ។
អំណោយរបស់សាលាខេត្តផ្តល់ជូនកម្មករ-កម្មការិនីដែលរងរបួសចំនួន៥៧នាក់នេះ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ដោយឡែកកម្មការិនីម្នាក់ដែលរបួសធ្ងន់ ដោយត្រូវគេជាន់គ្រេចចង្កេះផ្តល់ជូនថវិកាចំនួន៤០ម៉ឺនរៀល ។ ឯសាខាកាកបាទក្រហមកម្ពុជាខេត្ត ជួយឧបត្ថម្ភដល់កម្មករ-កម្មការិនីក្នុងម្នាក់ៗចំនួន៣ម៉ឺនរៀល ។ ក្នុងឱកាសនោះ លោក ជៀង អំ ក្នុងនាមអាជ្ញាធរខេត្ត បានចូលរួមរំលែកទុក្ខនិងជូនពរឱ្យក្មួយៗកម្មករ-កម្មការិនីទាំងអស់ឆាប់ជាសះស្បើយ ។ រូបលោកក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មានការសោកស្តាយដែលមិនគួរណាមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចនេះ ។ នេះគឺដោយសារការធ្វេសប្រហែសរបស់អ្នកបើកបរធ្វើឱ្យអ្នកដំណើរក្នុងរថយន្តរាប់សិបនាក់ដែលផ្ញើអាយុជីវិតទៅលើខ្លួនត្រូវរង គ្រោះ ។
ទាក់ទិននឹងករណីគ្រោះថ្នាក់នេះដែរ ក្រុមគ្រួសារជនរងគ្រោះនិងសមត្ថកិច្ចដែលបានទៅជួយពេលកើតហេតុឱ្យដឹងថា ក្រោយពីរថយន្តក្រឡាប់ គឺរបួសធ្ងន់ ៥៧នាក់ របួសស្រាល៦នាក់ ដោយសារមនុស្សសង្កត់លើគ្នា ហើយប្រហែល២០នាទី ទើបជួយទាញជនរងគ្រោះចេញពីរថយន្តបានអស់ ហេតុនេះហើយទើបអ្នកនៅខាងក្រោមសន្លប់ជាបន្តបន្ទាប់រហូតដល់២៤ នាក់ ។ ម្យ៉ាងទៀត ទម្រាំរថយន្តមន្ទីរពេទ្យដឹកជញ្ជូនអស់គឺរហូតដល់ម៉ោង១២ថ្ងៃត្រង់ ហើយក្រោយពីគ្រូពេទ្យដាក់សេរ៉ូមមកគឺបានធូរស្រាលបន្តិច ក៏ប៉ុន្តែកម្មការិនីម្នាក់នៅរងរបួសធ្ងន់មិនទាន់ធូរស្រាលនៅតែដោយគ្រូពេទ្យជួយព្យាបាលដោយឥតគិតថ្លៃ ។
ចំណែកអ្នកបើកបររថយន្តឈ្មោះ អ៊ុត សំកុល អាយុ៣០ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ រីឯរថយន្តយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តដើម្បីដោះស្រាយ ៕




ចែករំលែកព័តមាននេះ