ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្វី​តូ​វ៉ា​បំបាក់​នាង​លី​ណា​យក​ឈ្នះ​ពាន​កម្ម​វិធី​ Rogers Cup​នៅ​កា​ណា​ដា

13 ឆ្នាំ មុន

អតី​ត​​ម្ចាស់​​ជើង​​ឯក​ក្រប​​ខណ្ឌ​ធំ​ Wimbledon​​ ​នាង​ ប៉េត្រា គ្វី​​តូ​​វ៉ា​​ដណ្តើម​​បាន​​ពាន​​ជើង​​ឯក​វាយ​កូន​បាល់​ជា​លើក​ដំ​បូង​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០១២ បន្ទាប់​ពី​ឈ្នះ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កម្ម​វិធី Rogers Cup​កាល​ពី​ថ្ងៃ​ទី​១៤​សី​ហា​ ។ ការ​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ពហុកីឡដ្ឋាន Uniprix Stadiumស្ថិត​ក្នុង​ក្រុង​ម៉ុង​រ៉េ​អាល់ ខេត្ត​កេ​បិច ប្រ​ទេស​កា​ណា​ដា ។

គ្វី​តូ​វ៉ា​ដណ្តើម​បាន​ពាន​ជើង​ឯក​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​ចិន​លី​ណា​ក្នុង​លទ្ធផល​៧-៥,២-៦​និង​៦-៣ដោយ​បាន​ប្រើ​អស់​ថិរវេលា ៦២​នា​ទី​ ។ សម្រាប់​កីឡាការិនី​វ័យ​២២​ឆ្នាំ​រូបនេះ  វា​គឺ​ជា​ពាន​លើក​ទី​៨​របស់​នាង​ហើយ​នៅ​ក្នុង​អា​ជីព​ ។ ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​នេះ វា​គ្រាន់​តែ​ជា​លើក​ទី​១​ប៉ុណ្ណោះ ។ ឆ្នាំ​នេះ គ្វី​តូ​វ៉ា​បាន​ចូល​រួម​ការ​ប្រ​កួត​៤៥​លើក ក្នុង​នោះ​ឈ្នះ​៣៤និង​ចាញ់​១១លើក។

ថ្លែង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រ​កួត នាង​បាន​បញ្ជាក់​ថា​៖«នាង​លី​ណា​ទទួល​បាន​សឺ​វីស​បាន​ល្អ​ណាស់​ជា​ពិ​សេស​ក្នុង​សិត​ទី​២ ។ តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នៅ​តែ​មាន​ឱកាស​ឈ្នះ​ »។ សម្រាប់​ការ​ប្រ​កួត​នៅ​អា​មេរិក​ខាង​ជើង​លើក​នេះ នាង​បាន​បញ្ជាក់​ថា ខ្លួន​បាន​ជួប​នឹង​បញ្ហា​សុខ​ភាព​ខ្លះ​ៗ​ដែរ​ តែ​បាន​ព្យាយាម​ជម្នះ​រាល់​ការ​បារម្ភ​ទាំង​នោះ ។​ នាង​បាន​បន្ត​ថា ៖«ប្រ​ហែល​ជា​ម៉ុង​រ៉េ​អាល់​ជា​កន្លែង​ល្អ​មួយ​សម្រាប់​ខ្ញុំ »។

​ឯនាង​លី​ណា​​បាន​ថ្លែង​ថា​៖«ធម្ម​តា​ទេ កីឡា​វាយ​កូន​បាល់​តែង​តែ​ដូច្នេះ​ឯង ។ នាង​គ្វី​តូ​វ៉ា​​វាយ​​កូន​បាល់​បាន​ធ្ងន់​និង​ចំ​ៗគោល​ដៅ ហើយ​ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ជា​អ្នក​ការ​ពារ​ ។ វា​មិន​ដូចជា​ការ​ប្រ​កួត​២​លើក​ចុង​របស់​ខ្ញុំ​នោះ​ទេ ។ លើក​នេះ​ ខ្ញុំ​ការ​ពារ​ច្រើន​ជាង​ការ​វាយ​លុក​គឺ​៧០​ភាគ​រយ​»។ ​សូម​បញ្ជាក់​ថា កម្ម​វិធី​ប្រ​កួត​នេះ​មាន​ទឹក​ប្រាក់​រង្វាន់​សរុប ២លាន​និង ១៦៨​ពាន់​ ៤រយ​ដុល្លារ​អា​មេរិក ។ ដោយ​ឡែក​ គ្វី​តូ​វ៉ា​ដែល​ជា​ម្ចាស់​ជើង​ឯក ទទួល​បាន​ទឹក​ប្រាក់ ៣៨៥​ពាន់​ដុល្លារខណៈ​នាង​លី​ណា​ទទួល​បាន ១៩៣​ពាន់​ដុល្លារ​៕