ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​នគរបាល​​មក​ពី​១១​ខេត្ត​​ធ្វើ​កម្ម​វិធី​ទស្សន​កិច្ច​​សិក្សា​​ស្តីពី​ការ​អប់​រំ​សុខ​ភាព​​ប្រយុទ្ធ​ នឹង​ជំងឺ​គ្រុន​ចាញ់​

13 ឆ្នាំ មុន

ខេត្ត​​បន្ទាយមានជ័យ​ ៖ នៅសាលប្រជុំ​បញ្ជា​ការដ្ឋាននគរបាលវរសេនាតូច ការពារព្រំ​ដែនគោកលេខ៩១១ ក្រុងប៉ោយប៉ែត កាល​ពីព្រឹកថ្ងៃទី១៣ សីហា ២០១២ មាន​រៀបចំ​កម្ម​វិធីទស្សនកិច្ចសិក្សា​ស្តីពីការអប់រំសុខ​ភាព​ប្រយុទ្ធ នឹងជំងឺគ្រុន​ចាញ់ ក្នុងជួរកម្លាំងនគរ​បាល​ជាតិ​រយៈពេល២ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី១៣-១៤ សីហា ២០១២ ។

ពិធីនេះរៀបចំដោយនាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ ឧបត្ថម្ភដោយ​មូលនិធិសកល។ ក្នុង​កម្ម​វិធីទស្សន​កិច្ចសិក្សានេះ មាន​ខេត្តនានា​​ដែល​ជា​ខេត្តប្រឈមនឹងជំងឺគ្រុនចាញ់ចំនួន១០​នាក់​ជា​គ្រូបង្គោល​មកចូលរួមគឺខេត្តបាត់ដំបង, ពោធិ៍​សាត់, សៀមរាប, ឧត្តរ​មានជ័យ, កោះ​កុង, រតន​គីរី, ស្ទឹងត្រែង, ក្រចេះ, ប៉ៃលិន, ព្រះ​វិហារ ។ ដោយឡែកខេត្តបន្ទាយមាន​ជ័យ មាន​កម្លាំងនគរ​បាលជាគ្រូ​បង្គោលចូលរួមមកពី​បណ្តា​ស្រុក-ក្រុង​ដែលប្រឈមនឹងជំងឺ​គ្រុនចាញ់ គឺ​ស្រុក​ភ្នំ​ស្រុក, ថ្មពួក, ម៉ាឡៃ, អូរជ្រៅ, ស្វាយ​ចេក, ក្រុង​ប៉ោយ​ប៉ែត និង​វរសេនាតូច​នគរបាល​ការ​ពារ​ព្រំដែនគោកទាំង៤ គឺ៩១១, ៨៩១, ៨០៧ និង​៨១៥ សរុបរួមទាំងអស់មាន​ចំនួន៤២​នាក់ ។

លោកវរសេនីយ៍ត្រី ប្រាក់ សារ៉ាត់ មេ​បញ្ជា​ការរង​នគរបាលការពារព្រំដែនគោកលេខ៩១១ បានធ្វើសេចក្តីរាយការណ៍​សង្ខេបទាក់ទង​ទៅ​នឹង​លក្ខណៈភូមិសាស្ត្រ​ដែលអង្គភាពរបស់ខ្លួន​ទទួល​ខុស​ត្រូវតាមខ្សែបន្ទាត់ព្រំដែន ប្រវែង៤២.៥០០​គីឡូម៉ែត្រ លើស្រុកចំនួន២​និង​ក្រុង១ និងបាន​បញ្ជាក់ជូនអំពីកិច្ច​សហប្រតិបត្តិការល្អ​រវាងអង្គ​ភាព​របស់លោក​ជាមួយបណ្តាកម្លាំង​ដែល​ឈ​រនៅតាមខ្សែបន្ទាត់ព្រំដែន​ក្នុងកិច្ចការការពារ​បូរណភាពទឹកដី និងសន្តិសុខជូន​ប្រជាពលរ​ដ្ឋ​ដែល​​រស់នៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំង​បើក​​វេទិកា​ផ្សព្វផ្សាយ​អនុ​វត្តគោលនយោបាយ​ភូមិ-ឃុំ​មានសុវត្ថិភាព​ដល់ប្រជាពលរដ្ឋ​រួចមក។

លោកស្រីវេជ្ជបណ្ឌិត សុខ សុចិត្រា មន្ត្រី​តាម​ដាននិងវាយតម្លៃមជ្ឈមណ្ឌលជាតិប្រយុទ្ធ​ប្រឆាំងនឹងជំងឺគ្រុនចាញ់បានលើក​ឡើងអំពីយុទ្ធ​សាស្រ្ត​រួម​ក្នុងការប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​គ្រុន​ចាញ់ ដោយបញ្ជាក់ថា ដើម្បីកុំឲ្យកើតមាន​ជំងឺ​គ្រុន​ចាញ់គឺយើង​ត្រូវធ្វើការអប់រំប្រជាពល​រដ្ឋ​ឲ្យ​យល់ដឹងពី​មូលហេតុដែលបង្កឲ្យមានជំងឺ​គ្រុន​ចាញ់តាមសេវាផ្សព្វផ្សាយអប់រំផ្សេងៗ ដូចជា​ការ​ផ្សព្វ​ផ្សាយតាមទូរ​ទស្សន៍, វិទ្យុ, ព្រឹត្តិ​បត្រ, បិទ​រូបភាព ពិសេសទៀតនោះគឺត្រូវ​ចែកមុង​ជ្រលក់ថ្នាំ, មុងអង្រឹងជ្រលក់ថ្នាំ និងឲ្យ​គាត់​ចេះ​សំរាកក្នុង​មុង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕