ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​ចាប់​កូកា​អីុន​ជាង​12គ.ក្រ​នៅ​​ព្រលាន​យន្ត​ហោះ​

13 ឆ្នាំ មុន

រា​​ជ​​ធានី​ភ្នំពេញ​​​​​​​ ៖ ​រយៈ​​ពេល​មួយ​សប្តាហ៍​​ប៉ុណ្ណោះ​​​ ក្នុង​ខែ​សីហានេះ ​ការិយា​ល័យ​​គយ និង​រដ្ឋា​ករ​​អាកាស​​យាន​ដ្ឋាន​​អន្តរជាតិ​​ភ្នំពេញ​​បាន​បង្ក្រា​ប​​កា​រជួញ​ដូរ​​គ្រឿង​ញៀន​​ឆ្លង​ប្រទេស​​​ចំនួន​​៣​ករណី​​ជា​បន្ត​បន្ទាប់​ និង​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ជា​ស្ត្រី​​​ថៃ​ចំនួន​​៤​នាក់​​ ព្រម​ទាំង​​​ដក​ហូត​បាន​​គ្រឿង​ញៀន​​ប្រភេទ​​មេ​តំ​ហ្វេតា​មីន​ និ​ងម្សៅ​​កូ​កា​អីុន​​សរុប​​ជា​​ង​២០​គី​ឡូ​ក្រាម​ ដែល​ពួក​គេ​​​បម្រុង​​​នាំ​ចេញ​​ទៅ​ប្រទេស​​ថៃ ។​

​កង​សន្តិ​សុខ​​ប្រចាំការ​នៅ​​អាកាស​យាន​​ដ្ឋាន​​អន្តរ​ជាតិ​​ភ្នំ​ពេញ​បាន​​និយាយ​ថា ​នៅ​ល្ងាច​​​​ថ្ងៃ​ទី​​​១៣ សីហា ​វេលា​ម៉ោង​​៥​និង​​២២​នាទី​​ សមត្ថ​កិច្ច​​គយ​ប្រចាំ​ការ​នៅ​ចំណុច​​ច្រក​អ្នក​ដំណើរ​​មក​ដល់​ក្នុង​អា​កាស​​យាន​ដ្ឋាន​​អន្តរ​ជាតិ​​​ភ្នំពេញ​បាន​ឃាត់​ខ្លួន​​ស្ត្រី​​ឈ្មោះ​ RODSIRI RUNG TIWA ​អាយុ​​២៤​ឆ្នាំ ​ជន​ជាតិ​​ថៃ​ កាន់​​លិខិត​​ឆ្លង​ដែន​ B៦៦៧៧១៦ ធ្វើ​ដំណើរ​​តាម​ជើង​យន្ត​ហោះ​​លេខ​ ​MI៦០៨ ​សិង្ហ​បុរី​-​ភ្នំពេញ ។​ ​​ក្រោយពី​កា​រឆែក​ឆេរ​​​ក្នុង​វ៉ា​លីស​​រក​​ឃើញ​​ម្សៅ​​កូ​កា​អីុន​​ចំនួន​១០​ដុំ​​ ស្មើ​នឹង​​ទម្ងន់​​១២គ.ក្រ​៩០២​ក្រាម ​។​

ដោយ​ឡែក​​នៅ​ថ្ងៃ​​បន្ទាប់​​​វេលា​ម៉ោង​​៨​និង​​៤០​នាទី​ព្រឹក​​ គយ​ប្រចាំ​​​នៅ​ចំណុច​​ច្រក​អ្នក​​ដំណើរ​មក​​ដល់​ក៏​បាន​​បង្ក្រាប​​គ្រឿង​ញៀន​​ប្រភេទ​​មេតំ​ហ្វេ​តា​មីន​​ចំនួន​៣​ដុំ​ ស្មើ​នឹង​​ទម្ងន់​​៤.៧៤៧​​​ក្រាម និង​ឃាត់​ខ្លួន​​ស្ត្រី​ជន​ជាតិ​​ថៃ​ម្នាក់​​ឈ្មោះ​ PIW JANSOD UTSANEE ​អាយុ​​២០​ឆ្នាំ​ ​កាន់​លិខិត​​ឆ្លង​ដែន​​​​លេខ​ C៩០៩៩៣៥ ​ធ្វើ​ដំណើរ​​តាម​ជើង​​​យ​ន្ត​ហោះ​ ​MI៦២២ ​សិង្ហ​បុរី​​-​ភ្នំពេញ ។

​កាល​ពី​ថ្ងៃ​ទី​៧ ​សីហា ​កន្លង​មក​នេះ​ដែរ ការិ​យា​ល័យ​​គយ និង​​រដ្ឋា​ករ​​អាកាស​យាន​​​​ដ្ឋាន​អន្តរ​ជាតិ​​ភ្នំ​ពេញ​​បាន​ឃាត់​​ខ្លួន​ស្ត្រី​​ជន​ជាតិ​ថៃ​​​​២នាក់​ បន្ទាប់​​ពី​ឆែក​ឆេរ​​រក​ឃើញ​​ម្សៅ​កូ​កា​អីុន​​៦​ដុំ​ ស្មើ​នឹង​ទម្ងន់​៣.៦០៦,៦​​ក្រាម​ ​ដែល​​លាក់​ទុក​​​ក្នុង​វ៉ា​លីស ​ហើយ​ពួក​​គេ​បាន​​ធ្វើ​ដំណើរ​​តាម​ជើង​យន្ត​ហោះ​​លេខ​ MI​៦០៨​ ​សិង្ហ​បុរី​​-​ភ្នំពេញ ។​

​បច្ចុ​ប្បន្ន​​ស្ត្រីថៃ​​ទាំង​​២នាក់​ ម្នាក់​ឈ្មោះ​ ​PHUMDEE VARANGKANA អាយុ​​​២៩​ឆ្នាំ ​និង​ម្នាក់​ទៀត​ឈ្មោះ​ TANGBOON KET KARN អាយុ​​២៩​ឆ្នាំ​ ត្រូវ​បាន​​តុលា​ការ​​រាជ​ធានី​ភ្នំពេញ​​បាន​ចេញ​ដី​កា​​បង្គាប់​​ឱ្យ​​​នគរបាល​​ឃុំ​ខ្លួន​​​បណ្តោះ​អាសន្ន​​​នៅ​ពន្ធ​នា​គា​រព្រៃ​ស​រង់​ចាំ​​សវនា​​ការ​​កាត់​ទោស ។​

​គួរ​កត់​សម្គាល់​​ថា ​គ្រាន់​តែ​​រយៈ​ពេល​​មួយ​សប្តាហ៍​​ ក្នុង​ខែ​សីហា ឆ្នាំ​​​២០១២ ​ប៉ុណ្ណោះ ​ឧ​ក្រិដ្ឋ​​កម្ម​​ជួញ​ដូរ​គ្រឿង​​ញៀន​ឆ្លង​​ប្រទេស​បាន​​ធ្វើ​​កា​រឆ្លង​​កាត់​តាម​​អាកាស​​យាន​ដ្ឋាន​​អន្ត​រ​ជាតិ​​ភ្នំពេញ​​ជា​បន្ត​​បន្ទាប់​​ចំនួន​​៣​ករណី​​ ក្នុង​នោះ​ដក​ហូត​​គ្រឿង​ញៀន​​ប្រភេទ​​មេតំ​ហ្វេតា​មីន​ចំនួន​​៤,៧៤៧​​គីឡូ​ក្រាម ​និង​ម្សៅ​​កូ​កា​អីុន​​ចំនួន​​១៦,៥០៨​​​គីឡូ​ក្រាម​ ​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ជា​ជន​ជាតិ​​ថៃ​បាន​​៤នាក់​ សរុប​គ្រឿង​ញៀន​​ជាង​​២០​គីឡូ​ក្រាម​ត្រូវ​បាន​បង្ក្រាប​ ។ ក៏​ប៉ុន្តែ​​រាល់​ការ​​ប៉ុន​ប៉ង​​ជួញ​ដូរ​​​គ្រឿង​ញៀន​នេះ​មិន​អាច​​ឆ្លង​​ផុត​ពី​កណ្តាប់​ដៃ​​សមត្ថ​កិច្ច​​គយ​នៃ​ការិយា​ល័យ​គយ និង​រដ្ឋា​ករ​​អាកាស​​យាន​ដ្ឋាន​​អន្តរជាតិ​​​​​ភ្នំ​ពេញ​​បាន​ឡើយ ៕​