ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​មីន​​​មិន​ទាន់​​ផ្ទុះ​ជាង​១.០០០គ្រាប់​បាន​កម្ទេច​ចោល​

13 ឆ្នាំ មុន

​ខេត្ត​ស្ទឹងត្រែង ៖ ព្រឹកថ្ងៃទី១៤ សីហា ២០១២ នៅព្រលានយន្តហោះខេត្ត បានធ្វើបទ​បង្ហាញ និងកម្ទេចគ្រាប់មិន​ទាន់​ផ្ទុះដែល​រុក​រក​ឃើញ ដោយកងកម្លាំងនៃមជ្ឈ​មណ្ឌល​ជាតិគ្រប់​គ្រងរក្សាសន្តិភាព​បោស​សម្អាត​មីន និងកាក​សំណល់​សម័យសង្រ្គាម​ការដ្ឋាន​សង្កាត់ស្រះឫស្សី ខេត្តស្ទឹងត្រែង បានជាង១.០០០គ្រាប់ និង​បើក​កម្មវិធីកម្ទេចចោល​ជាមួយកងកម្លាំងយោធ​ភូមិ​ភាគទី១ ដោយ​មាន​ការចូលរួមពីលោក​ប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និងជា​អនុ​ប្រធាន​អាជ្ញាធរ​មីន​កម្ពុជា និងលោក​ម៉ៅ ធនិន អភិបាលរងខេត្ត។

កងកម្លាំងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងសន្តិ​ភាពបោសសម្អាតមីន និងកាកសំណល់ពី​សម័យ​សង្គ្រាមបានថ្លែងថា ក្នុងកិច្ចប្រតិ​បត្តិការ​​រាវរុក​រក​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេស​សល់​ពីសម័យសង្គ្រាមនោះកងកម្លាំងរបស់​យើង​បានបើកប្រតិ​បត្តិការ​នៅខេត្តចំនួន៣រយៈ​ពេល​៦ខែក្នុងភូមិភាគឦសាន ក្នុងនោះមាន​ខេត្តស្ទឹង​ត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្រោយ​ប្រតិបត្តិ​ការ​រយៈពេល៦ខែកន្លងទៅ​កម្លាំងរបស់​យើងបានរាវរកឃើញគ្រាប់មិនទាន់​ផ្ទុះចំនួន៨ ប្រភេទចំនួន១.១៣១គ្រាប់ សុទ្ធសឹង​ជាគ្រាប់​ងាយ​នឹងគ្រោះថ្នាក់បំផុតដែល​បានសេសសល់​តាំង​ពីសម័យសង្គ្រាមមកម៉្លេះ។

មន្ត្រីដដែលបន្តថា ការធ្វើបទបង្ហាញ និង​​កម្ទេច​ចោល​នាព្រឹកនេះមានគ្រាប់ Blu42 100mm M79or40mm Mortar81mm Dk82 PG7 Hand Grenade F1 និង Small Armed 47 គ្រាប់ទាំងនេះសរុបមាន​ចំនួន​១.១៣១​គ្រាប់។លោក​​ម៉ៅ ធនិន បាន​មានប្រសាសន៍ថ្លែង​អំណរ​គុណចំពោះអាជ្ញា​ធរកម្ពុជាដែលបានរៀប​ចំ​កម្លាំង​ក្នុងការបោស​សម្អាតមីនក្នុងខេត្តស្ទឹង​ត្រែង​ទាំងមូល​លែងមានគ្រាប់មីន និង​មានសុវត្ថិ​ភាព​ដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹង​ត្រែង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕