យោងតាមសេចក្តីប្រកាសអញ្ជើញរបស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា កម្មវិធីប្រឡងជ្រើសរើសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងប្រទេសនៃប្រទេសកម្ពុជាលើកទី៤ សម្រាប់មហោស្រពវីដេអូ និងខ្សែភាពយន្តកុមារអន្តរជាតិអាស៊ី និងប្រារព្ធធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៦ សីហា ២០១២ វេលាម៉ោង៩ព្រឹកក្នុងសាលអង្គរគីហ្សូណានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ។
កម្មវិធីប្រឡងជ្រើសរើសវគ្គដំបូងក្នុងប្រទេសនេះត្រូវបានរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមសហប្រតិបត្តិការដោយក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងគោលបំណងដើម្បីបង្កើននូវការយល់ដឹងរវាងគ្នាក្នុងចំណោមសិស្សានុសិស្សនៃតំបន់អាស៊ី។ ប្រធានបទនៃខ្សែវីដេអូ និងភាពយន្តឆ្នាំនេះមានចំណងជើងថា «អត្ថន័យនៃជីវិត» មានខ្សែភាពយន្តខ្លីៗរយៈពេល៣នាទីចំនួន៣៦រឿង ត្រូវបានចូលរួមប្រកួតប្រជែងដោយសិស្សានុសិស្ស មកពីវិទ្យាល័យចំនួន៨នៅក្នុង និងជុំវិញទីក្រុងភ្នំពេញ ដែលក្នុងនោះខ្សែភាពយន្តចំនួន១៦រឿង ត្រូវបានជ្រើសរើសដើម្បីបង្ហាញជូននៅក្នុងកម្មវិធីប្រឡងជ្រើសរើសវគ្គដំបូងនៅក្នុងប្រទេសនៅថ្ងៃទី១៦ សីហា ២០១២ នេះ។
សិស្សានុសិស្សវិទ្យាល័យចំនួន៩រូប ដែលបានទទួលជ័យលាភីពីក្រុមចំនួន៣ក្នុងកម្មវិធីប្រឡងជ្រើសរើសនេះ និងត្រូវបានអញ្ជើញទៅប្រទេសជប៉ុន ដោយរដ្ឋាភិបាលជប៉ុនក្នុងអំឡុងខែវិច្ឆិកា ដើម្បីចូលរួមនៅក្នុងកម្មវិធីប្រឡងជ្រើសរើសវគ្គផ្តាច់ព្រ័ត្រនៃមហោស្រពខាងលើដែលនឹងត្រូវប្រារព្ធឡើងនៅក្នុងទីក្រុងមីណាមិអាវ៉ាជិ ប្រទេសជប៉ុន នៅថ្ងៃទី២៤ វិច្ឆិកា ។ សិស្សានុសិស្សវិទ្យាល័យនៃប្រទេសឡាវ មីយ៉ាន់ម៉ា ថៃឡង់ វៀតណាម ចិន ចិនតៃវ៉ាន់ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី និងប្រទេសជប៉ុន ក៏ត្រូវបានអញ្ជើញទៅចូលរួមនៅក្នុងមហោស្រពនេះផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ