ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ចាញ់ល្បែងជំពាក់គេវ័ណ្ឌ.ក រត់ចោលរោងចក្រ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​កម្មករ​-កម្មការិនី​​រោង​ចក្រ​​ស្បែក​ជើង​​ដ្យា​យអិន​ខេមបូឌា​ស៊ូ ចំនួន​ជាង​​៤​រយ​នាក់ ​បាន​ប្រមូល​​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​​បង្ហាញ​​​ការ​ជ្រួល​ច្របល់​​ បន្ទាប់​ពី​​ដឹង​ថាថៅ​កែ​រត់​ចោល​ដោយ​មិន​​បាន​ទូ​ទាត់​​ប្រាក់​បំណាច់​ឆ្នាំ​ និង​ប្រាក់​​ផ្សេង​ៗ​ទៀត​ឱ្យ​ពួក​គេ​​ ។ តាម​ក្រុម​កម្ម​ករ​​បាន​ចោទ​ថា ថៅ​កែ​​បាន​ចាញ់​ល្បែង​អស់​លុយ​​ពី​ខ្លួន​​​ ព្រម​ទាំង​​ជំពាក់​បំណុល​គេ​ច្រើន​​ថែម​ទៀត​ផង​ ទើប​វេច​បង្វេច​​លួច​រត់​ចោល​រោង​ចក្រ​​ទៅ​​បាត់​​អត់​មាន​លា​មួយ​ម៉ាត់​ ។

ការ​ជ្រួល​ច្របល់​នេះ​បាន​កើត​ឡើង​កាល​ពី​​ព្រឹក​ថ្ងៃទី​១៤ សីហា ដែល​រោង​ចក្រ​ខាង​លើ​​​​មាន​ទី​តាំង​ស្ថិត​នៅ​​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ ក្រុម​កម្ម​ករ បាន​ឱ្យ​ដឹង​ថា ថៅ​​កែ​រោង​ចក្រ​​ស្បែក​ជើង​នោះ​ឈ្មោះ​ជាង ជាលី អាយុ​៥០​ឆ្នាំ ជា​ជន​ជាតិ​ចិន ​​បាន​រត់​ចោល​ពួក​គេ​រយៈ​ពេល​៣​ថ្ងៃ​​​មក​ហើយ​ដោយ​អះ​អា​ង​ថា រោង​ចក្រ​ក្ស័យ​ធន ប៉ុន្តែ​​ពួក​គេ​បាន​ដឹង​ថា រោង​ចក្រ​នេះ​​មិន​មែន​ក្ស័យ​ធន​ដូច​ការ​​​អះ​អាង​នោះ​ទេ គឺ​ដោយ​សារ​​តែថៅ​កែ​​ញៀននឹង​ល្បែង​​យ៉ាង​​ងប់​បំផុត ​​លេង​ល្បែង​​ទាំង​យប់​ទាំង​ថ្ងៃ​រហូត​ដល់​ចាញ់​អស់​គូទ​ខោ​ ព្រម​ទាំង​​ជំពាក់​បំណុល​គេ​វ័ណ្ឌ.ក​​ទៀ​ត​ផង។

ដោយ​​មាន​បញ្ហា​​បែបនេះ​ហើយ​ ទើប​​ថៅ​កែ​រោង​ចក្រ​នោះ​មិន​ហ៊ាន​នៅ​ស្រុក​ខ្មែរ​បន្ត​ទៀត​ ព្រោះ​គ្មាន​លុយ​​សង​គេ​​ ក៏​បាន​វេច​បង្វេច​រត់​ចោល​កម្ម​ករ​ដោយ​ស្ងាត់​ៗ​មិន​ឱ្យ​ពួក​​គេ​ដឹង​​ឡើយ ។ ទោះ​បី​ជា​បែប​ណា កន្លង​មក​ថៅ​កែ​រូប​​​នេះ​បាន​បើក​ប្រាក់​ឈ្នួល​​ឱ្យ​ពួក​គេ​ហើយ​ ប៉ុន្តែ​​នៅ​សល់​​ប្រាក់​អតីត​ភាព​ការ​ងារ ​ប្រាក់​សម្រាប់​​ការ​ស្នាក់​នៅ​ និង​ប្រាក់​ទ្រទ្រង់​​សុខ​ភាព​ជា​ដើម​ដែល​ម្នាក់​ៗ​​ត្រូវ​​ទទួល​បាន​រាប់​រយ​ដុល្លារ​ទៀត​​មិន​ត្រូវ​បាន​ថៅ​កែ​​ទូ​ទាត់​ឱ្យ​​ឡើយ​ទើប​ពួក​គេ​មាន​ការ​ជ្រួល​ច្របល់​បែបនេះ ។

ក្រុម​កម្ម​ករ​​បាន​​បន្ត​ទៀត​ថា ថៅ​កែ​​នេះ​​ធ្វើ​នំ​អត់​ម្សៅ​ ​​ព្រោះ​ទី​តាំង​រោង​ចក្រ​​​​ ព្រម​ទាំង​សម្ភារ​​សង្វាក់​​ផលិត​កម្ម​ផ្សេង​ៗ​ គឺ​ជួល​គេ​ទាំង​អស់ ​​។​និយាយ​​រួម​ទៅ​ថៅ​កែ​រូប​នេះ​​មាន​តែ​សម្បក​ខ្លួ​ន​ប៉ុណ្ណោះ ។ ​មុននឹង​រត់​​ចេញ​ទៅ ​ថៅ​កែ​បាន​ប្រមូល​​ផលិត​​ផល​សម្រេច​លក់យក​លុយ​វេច​ទៅ​​ជា​មួយ​ទាំង​អស់​ ។ ចំណែក​​ពួ​កគេ​បន្ទាប់ពី​ដឹង​​ថា​ថៅ​កែ​​រត់​ចោល​ក៏មាន​ការ​ហួស​ចិត្ត​​យ៉ាង​ខ្លាំង​ ព្រោះ​មិន​បាន​ដឹង​មុន​ហើយ​ក៏​បាន​ប្រមូល​ផ្តុំ​​គ្នា​ធ្វើ​​ការ​តវ៉ា​​សុំ​ឱ្យ​អាជ្ញា​ធរ​​ និង​មន្ត្រី​ពាក់​ព័ន្ធ​នានា​​ ព្រម​ទាំង​ម្ចាស់​​ទី​តាំង​​​សម្ភារ​ជួយ​ដោះ​ស្រាយ​ឱ្យ​ពួកគេ​​ ។ ​ពួក​គេ​​​មិន​​បាន​ដឹង​ថា តើ​ម្ចាស់​​ទី​តាំង​ខាង​លើ​​ត្រូវ​ថៅ​កែ​​ទូ​ទាត់​ប្រាក់​​ឱ្យ​ហើយ​ ឬ​ក៏នៅ​នោះ​ទេ។ មិន​អាច​ស្វែង​រក​ការ​បំ​ភ្លឺ​​ណា​មួយ​បាន​ទេ​ ក្រៅ​តែ​ពី​​ប្រតិ​កម្ម​របស់​ក្រុម​កម្ម​ករ ៕