ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិ​បាល​ខណ្ឌ​សែន​សុខ ៖ ​យុវជន​ត្រូវ​ចេះ​ពាំនាំ​​សមិទ្ធ​​ផល​ជា​ច្រើន​​​របស់​​​ប្រមុខរាជ​រដ្ឋា​ភិបាល​ទៅ​មហា​ជន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្លែងទៅ​កាន់​តំណាង​យុវ​ជនគណបក្សប្រជាជនកម្ពុជាជាច្រើននាក់មកពី​ភូមិ-សង្កាត់ទាំង៦របស់ខណ្ឌសែនសុខ កាល​ពី​រសៀល​ម៉ោង៣ថ្ងៃទី១២ សីហា ២០១២ អភិ​បាល​ខណ្ឌ​សែន​សុខ បានជំរុញឲ្យយុវ​ជន​ដែល​ជា​សមាជិក​របស់គណបក្ស​ប្រជាជន​ត្រូវ​ចេះ​ពាំ​នាំ​សមិទ្ធផល​ជាច្រើនដែលកសាង និងអភិវឌ្ឍន៍​របស់​ប្រមុខរាជរដ្ឋាភិបាល​ដែល​ដឹកនាំដោយ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន ប្រាប់ទៅមហា​ជនប្រជាពលរដ្ឋជាពិសេសក្នុង​ស្រទាប់​យុវជន​។ នេះជា​ប្រសាសន៍​របស់​លោក​លី សាវេត អភិ​បាល​ខណ្ឌ​សែន​សុខ ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាំ​មួយ​តំណាង​យុវជន​នៅ​ស្នាក់​ការ​គណ​បក្សប្រជា​ជន​សង្កាត់ឃ្មួញ ខណ្ឌសែន​សុខ។

លោកលី សាវេត បានមានប្រសាសន៍បន្តថា យុវជនត្រូវមានសុខ​ភាពល្អនិងចំនេះដឹងខ្ពង់​ខ្ពស់ ហើយត្រូវជួយផ្សព្វផ្សាយអំពី​ការអភិវឌ្ឍ​របស់​សាលា​រាជធានីភ្នំពេញ ក៏ដូច​ជាសាលាសង្កាត់ និង​សាលាខណ្ឌ ដូចជា​ផ្លូវថ្នល់ប្រព័ន្ធលូ និង​ការ​អភិ​វឌ្ឍផ្សេងៗសម្រាប់​បម្រើជា​សាធារណៈ​ទៅ​ប្រជាជន ក៏ដូចជាយុវ​ជន​ផង។

លោកជា ខេមា អភិបានរងខណ្ឌ​សែនសុខ តំណាងឲ្យយុវជនគណបក្សប្រជា​ជន​ក្នុង​ខណ្ឌ​សែនសុខ ក៏បានមានប្រសាសន៍ផងដែរ​ថា កន្លង​មកយុវជនគណបក្សប្រជាជន​​កម្ពុជា ខ​ណ្ឌ​សែន​សុខ បានចូលរួមយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់​​អាណត្តិទី៣ និងបានចូលរួម​បំផុស​​ប្រជា​ពលរដ្ឋនៅក្នុងភូមិសង្កាត់ឲ្យទៅពិនិត្យឈ្មោះ​បោះឆ្នោត និងចុះឈ្មោះបោះឆ្នោតផងដែរ៕