ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេឌី ម៉ឺនសុភា,ពេជ្រ សីហា និង​កីឡា​ករ​បរទេស​​2​រូប​ទៀត ​នរណា​​មាន​សំណាង​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​​ពាក់​កណ្តាល ​ផ្តាច់​ព្រ័ត្រ​​ដណ្តើម​​ខ្សែ​ក្រវាត់​ MANSON’S WHISKY

13 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ ៖​​ ​នៅ​លើ​សង្វៀន​ស្ថានីយ​​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣​ នា​ថ្ងៃ​​សៅរ៍​ទី​១៨ សីហា ខាង​មុខ​នេះ ព្រឹត្តិ​ការណ៍​​ប្រកួត​ប្រដាល់​​ជា​លក្ខណៈ​​អន្តរ​ជាតិ​ដណ្តើម​ខ្សែ​ក្រវាត់​​ MANSON’S WHISKY ទម្ងន់​​៦៧​គីឡូ​ក្រាម​​បាន​ដំណើរ​ការ​ក្នុង​ជុំ​ទី​២​​ជា​បន្ត​​ទៀត​ហើយ។
កាល​ពី២​​សប្តាហ៍​មុន​គេ​បាន​រក​ឃើញ​​ជើង​ខ្លាំង​២​រូប​ដែល​ពេល​នេះ​កំពុង​​រង់​ចាំ​អ្នក​ឈ្នះ​​២​រូប​ទៀត​ដើម្បី​ឡើង​​មក​ប្រកួត​នៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​ផ្តាច់​​ព្រ័ត្រ​​ជា​បន្ត​ទៀត​​ គឺ​កីឡា​ករ​​ថៃ PHONG TONG Jetsada និង​កីឡា​ករ​​ ប្រេស៊ីល Adayton ។

ចំណែក​​ឯ​ការ​ប្រកួត​លើក​​នេះ​ក៏​ធ្វើ​ដូច​​លើក​មុន​​ៗ​​ដែរ គឺ​កីឡា​ករ​​ទាំង​៤​រូប​​ត្រូវ​ធ្វើ​ការ​ចាប់​គ្រាប់​​ប៉េង​ប៉ុង​​ដើម្បី​ជ្រើស​​រើស​គូ​ប្រកួត​ភ្លាម​ៗ​​តែ​ម្តង ។ សម្រាប់​​​កីឡា​ករ​ដែល​​ត្រូវ​ឡើង​សង្វៀន​​ប្រកួត​នៅ​​សប្តាហ៍​​នេះ​ខាង​កម្ពុជា​​មាន​កីឡា​ករ​​ភេឌី ម៉ឺន​សុភា មក​ពី​ក្លិប​យុវ​ជន​អង្គរ​​ និង​កីឡា​ករ​​ពេជ្រ សីហា ​​មក​ពី​សមា​គម​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ ។ រីឯ​​កីឡា​ករ​​បរទេស​វិញ មាន​កីឡា​​ករ​ SEMATA UMA មក​ពី​ប្រទេស​​អ៊ូហ្គង់​ដា និងកីឡា​ករ​ SHHE JIANKAI មក​ពី​​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

លោក​ទី​ រ៉ាណាត អ្នក​រៀប​ចំ​កម្ម​វិធី​​ប្រកួត​​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​​ប៉ុស្តិ៍​លេខ​៣ មិន​​ហា៊ន​ធ្វើ​ការ​​អះ​អាង​ថា​យ៉ាង​ណា​នោះ​ទេ ព្រោះ​កីឡា​ករ​ទាំង​៤​រូប​នេះ​មាន​ចំណុច​ខ្លាំង​រៀង​ខ្លួន ជា​ពិសេស​​កីឡា​ករ​បរទេស​តែ​ម្តង ព្រោះ​គេ​នៅ​ចាំ​បាន​​ថា ការ​ប្រកួត​គ្នា​នៅ​ជុំ​ទី​១ កាល​ពី​២​សប្តាហ៍​មុន​កីឡា​ករ​កម្ពុជា​២​រូប​​សុទ្ធ​តែ​​ត្រូវ​បាន​ផ្តួល​​ក្រោម​​កណ្តាប់​ដៃ​​កីឡា​ករ​បរទេស​​ទាំងអស់ ។ ចំណែក​ឯ​ការ​ប្រកួត​លើក​នេះ​ទៀត​មិន​ដឹង​​ថា​ កីឡា​ករ​​កម្ពុជា​​ទាំង​២​រូប​នេះ​មាន​វា​សនា​ល្អ​ ឬ​អាក្រក់​នោះ​ទេ គឺ​មាន​តែ​រង​់ចាំ​អ៊ុត​​មើល​​លើ​ការ​ប្រកួត​ថ្ងៃ​នោះ​មក​ដល់​សិន​ប៉ុណ្ណោះ ។

រី​ឯ​គូ​ប្រកួត​មិត្ត​​ភាព​វិញ មាន​កីឡា​​ករ​​នន់ ជំនិត មក​ពី​ក្លិប​ស៊ីម៉ាក់​​ ជួប​ប្រកួត​ជា​មួយ​កីឡា​ករ​​នួន ភិរក្ស មក​ពី​សមា​គម​​កីឡា​ប្រដាល់​​ក្រសួង​​មហា​ផ្ទៃ​ ។ កីឡា​ករ​អ៊ុំ ចំរើន មក​ពី​ក្លិប​​តាឡី​ដំរី​​មាន​ឫទ្ធិ ជួប​ប្រកួត​​ជា​មួយ​កីឡា​ករ​ឱម សំរេច មក​ពី​ក្លិប​​​កង​​ទ័ព​ពិសេស​​ឆត្រ​យោង​៩១១ ។ កីឡា​ករ​សេង កំសត់ មក​ពី​ក្លិប​​ខេមរិន្ទ​​​មាន​ឫទ្ធិ ជួប​​ប្រកួត​​ជា​មួយ​កីឡា​ករ​​ឈាន រស្មី មក​ពី​ក្លិប​​​តេជៈ​ខេត្ត​រតន​គិរី៕