រាជធានីភ្នំពេញ ៖ ការប្រកួតសងសឹករវាងកីឡាការិនីពីររូប កាលពីថ្ងៃអាទិត្យ នៅសង្វៀនបាយ័ន គឺកីឡាការិនី រិត សម្ផស្ស ពិតជាបានទទួលលទ្ធផលឈ្នះគូសងសឹកដូចការគ្រោងទុក ។ ប៉ុន្តែទន្ទឹមនឹងជ័យជម្នះនេះ នាងបែរជាប្រកាសថា បញ្ចប់អាជីពប្រដាល់របស់ខ្លួនទៅវិញ បន្ទាប់ពីនាងទើបតែឈ្នះគូសងសឹករបស់ខ្លួនទាំងសភាពប៊ិះសន្លប់ខ្លួនឯងនោះ ។
ក្នុងជំនួបលើកទី២ រវាងកីឡាការិនីបង្គោលក្រហម រិត សម្ផស្ស មកពីក្លិបសមាគមយុវជនកម្ពុជាខណ្ឌមានជ័យ និងកីឡាការិនីបង្គោលខៀវ វី អិច មកពីក្លឹបអេភូថងកីឡា បានបង្ហាញយ៉ាងច្បាស់ថា កីឡាការិនី រិត សម្ផស្ស ដែលធ្លាប់រងការបរាជ័យក្នុងជំនួបលើកទី១ គឺជាអ្នកឈ្នះវិញម្ដង ។ ប៉ុន្តែផ្លែផ្កាដែលនាងទទួល គឺបានពីឱកាសហេងស៊យទាំងស្រុង បន្ទាប់ពីគូប្រកួតរបស់នាង គឺកីឡាករបង្គោលខៀវ ច្រឡំប្រើក្បាច់យូដូបោកនាងខុសលក្ខន្តិកៈ ។
អីុចឹងហើយ ទើបការប្រកួតរវាងកីឡាការិនីទាំងពីរនេះ ត្រូវបញ្ចប់ត្រឹមទឹកទី២ តែមិនមែនអ្នកចាញ់ជាអ្នកសន្លប់ទេ គឺអ្នកឈ្នះជាអ្នកចុកឆ្អល់ប៊ិះសន្លប់ទៅវិញ។ កីឡាការិនី វី អិច បង្គោលខៀវ បញ្ជាក់ថា មូលហេតុដែលនាងច្រឡំប្រើក្បាច់បោកចំបាប់នោះ គឺដោយសារតែមុនពេលប្រឡូកក្នុងអាជីពប្រដាល់ រូបនាងធ្លាប់ធ្វើជាកីឡាការិនីជម្រើសជាតិខាងផ្នែកយូដូ ។ ជាមួយនឹងការបដិសេធមិនឲ្យមានការថតរូបក្រោយការបរាជ័យ នាងប្រកាសថា នឹងសុំឡើងប្រកួតជាមួយនាង រិត សម្ផស្សជាលើកទី៣បន្ទាប់ពីយល់ថា នាងបានទទួលលទ្ធផលចាញ់ ដោយអារម្មណ៍មិនអស់ចិត្ត ។
លោកម៉ៃ សុភា គ្រូបង្វឹកកីឡាការិនី រិត សម្ផស្ស និងជាប្រធានក្លិបសមាគមយុវជនកម្ពុជាខណ្ឌមានជ័យ ដែលមានក្លិបផ្ទាល់ខ្លួនមួយទៀតឈ្មោះក្លិបផ្សារដើមថ្កូវ បានអះអាងថា កូនសិស្សរបស់លោកទើបនឹងឡើងប្រកួតបាន៣លើកប៉ុណ្ណោះ ដោយការប្រកួតលើកទី១បានទទួលជ័យជម្នះ លើកទី២ចាញ់ក្រោមដៃកីឡាការិនី វី អិច និងលើកទីបីនេះគឺឈ្នះកីឡាការិនីវិ អិច ដោយសារកីឡាការិនីបង្គោលខៀវនេះ ធ្វើខុសលក្ខន្តិកៈប្រកួត ។
បើទោះជាអ្នកទស្សនាភាគច្រើនយល់ថា កូនសិស្សរបស់លោកឈ្នះការប្រកួតសងសឹកក្នុងស្ថានភាពហេងស៊យ ប៉ុន្តែលោកមានជំនឿថា បើកីឡាការិនី វី អិច មិនធ្វើខុសបច្ចេកទេសបណ្តាលឲ្យកូនសិស្សរបស់លោកប៊ិះសន្លប់ទេ ក៏នាងមានសង្ឃឹមសងសឹកបានសម្រេចដូចគ្នាដែរ ដោយសារតែមុនឡើងរេញ នាងបានហ្វឹកហាត់ជាប់លាប់ខុសពីពេលមុន ។ ក្នុងពេលដ៏ខ្លី លោកនឹងរៀបចំឲ្យកីឡាការិនី រិត សម្ផស្ស ឡើងប្រកួតជាមួយកីឡាការិនី វី អិច ជាលើកទី៣ បើមានការស្នើសុំ ។
ប៉ុន្តែបញ្ច្រាសទិសពីការលើកឡើងនេះ កីឡាការិនី រិត សម្ផស្ស បែរជាប្រាប់កោះសន្តិភាពក្នុងជំនួបដោយផ្ទាល់នៅផ្ទះជួលរបស់នាងកាលពីម្សិលមិញថា ឈប់ឡើងរេញទៅវិញ ដោយសារតែនាងយល់ថា តម្លៃខ្លួនដែលនាងទទួលបាន មានសភាពទាបជាងកីឡាករ និងកីឡាការិនីដទៃទៀត ។ តាមការបញ្ជាក់ក្នុងការប្រកួតម្ដងៗ នាងទទួលបានតែ២០ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់ឱកាសឈ្នះ និង១៥ម៉ឺនរៀលសម្រាប់ការបរាជ័យ ចំណែកប្រាក់ឧបត្ថម្ភ ឬប្រាក់លើកទឹកចិត្ត គឺនាងមិនដែលស្គាល់ឡើយសម្រាប់ការប្រកួត២លើកកន្លងមក ខណៈដែលការប្រកួតចុងក្រោយនេះ កំពុងស្ថិតក្នុងការចរចា។ មូលហេតុនេះហើយ ទើបនាងតាំងចិត្តថាឈប់ប្រកួត បន្ទាប់ពីយល់ថា តម្លៃខ្លួនដែលនាងបានទទួល មានសភាពទាបជាងគេរហូតដល់ជាង២ដង ។
លោកម៉ៃ សុភា ជាគ្រូបង្វឹករបស់នាងឆ្លើយតបនឹងការចោទប្រកាន់នេះថា ខាងបាយ័នបានផ្ដល់ឲ្យលោកត្រឹមតែ២០ម៉ឺនរៀលប៉ុណ្ណោះសម្រាប់អ្នកឈ្នះ និង១៥ម៉ឺនរៀលសម្រាប់អ្នកចាញ់ អុីចឹងហើយទើបលោកមិនអាចប្រគល់ឲ្យនាងនូវប្រាក់តម្លៃខ្លួនបានលើសពីនេះ ។ លោកនាង ស៊ីវត្ថា អ្នករៀបចំកម្មវិធីប្រកួតប្រដាល់ប្រចាំស្ថានីយទូរទស្សន៍បាយ័ន មិនអាចសុំការបំភ្លឺបានទេ ដោយសារលោកជាប់ភារៈចេញទៅក្រៅប្រទេស ។ ប៉ុន្តែយោងតាមការឲ្យដឹងពីលោក អេ ភូថង ដែលជាអ្នកដឹកនាំកីឡាករទៅប្រកួតនៅទូរទស្សន៍បាយ័នដូចគ្នាបានឲ្យដឹងថា ក្នុងកីឡាករម្នាក់បានទទួលតម្លៃខ្លួន២៥ម៉ឺនរៀលសម្រាប់អ្នកឈ្នះ និង២០ម៉ឺនរៀលសម្រាប់អ្នកចាញ់ ។
ដោយឡែកបន្ថែមពីលើប្រាក់តម្លៃខ្លួននេះ ខាងបាយ័នបានផ្ដល់ឲ្យកីឡាករម្នាក់ៗនូវទឹកប្រាក់ចំនួន១០ម៉ឺនរៀលទៀត ហើយក្លិបរបស់លោកមិនដែលកិបកេងប្រាក់ទាំងនេះ ពីកីឡាករ កីឡាការិនីសូម្បីមួយរៀលទេ ទើបផ្ទៃក្នុងរបស់ក្លិបលោកមិនដែលមានបញ្ហា។ កីឡាការិនី រិត សម្ផស្ស បញ្ជាក់ថា នាងឈប់ឡើងប្រកួតទៀតហើយ ក្រោយពីដឹងថា តម្លៃខ្លួនដែលនាងបានទទួលនៅតែតិចមិនស្មើនឹងការប្រឹងប្រែង ។ ទោះយ៉ាងណា នាងបានបន្លុយពាក្យថា បើនាងបានទទួលលក្ខខណ្ឌពីគ្រូបង្វឹក ឬពីប្រធានក្លិបដែលធានាថានាងអាចទទួលបានតម្លៃខ្លួនដូចកីឡាការិនីទូទៅ នោះនាងនឹងពិចារណាឡើងវិញ សម្រាប់ឱកាសវិលចូលសង្វៀនប្រដាល់សាជាថ្មីម្ដងទៀត ៕


ចែករំលែកព័តមាននេះ